អាជីព
សិស្ស និស្សិតជិត ១ ៨០០ នាក់ ប្រឡងបញ្ចប់ការសិក្សាជំនាញបច្ចេកទេស ពីវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា
ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ មានសិស្សនិស្សិតចំនួន ១៧៨០នាក់ បានប្រឡងបញ្ចប់ការ សិក្សាពីវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) ក្នុងនោះមាននិស្សិតស្រីចំនួន ៣០៨នាក់។
ការប្រឡងបញ្ចប់ការសិក្សាឆ្នាំ២០២៣នេះ រួមមាននិស្សិតកម្រិតបរិញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន ១០៣នាក់ និស្សិតកម្រិតបរិញ្ញាបត្របច្ចេកទេស(Engineer) ចំនួន៧៨៣នាក់ និស្សិតកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស (Diploma) ចំនួន៦៦៥នាក់ និងសិស្សកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ ចំនួន២២៩នាក់។

លោក ប៊ុន ភារិន នាយកវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា(NPIC) បានបញ្ជាក់ថា ការប្រឡងបញ្ចប់ការសិក្សាសម្រាប់ឆ្នាំ២០២៣នេះ គឺមានទាំងការប្រឡងទ្រឹស្តី ការការពារសារណា និងការបង្ហាញពីស្នាដៃរបស់សិស្សនិស្សិតជាក់ស្តែងតែម្តង។
ចំណែកគណៈកម្មការដែលជាអ្នកវាយតម្លៃក្នុងការប្រឡងនេះ មានការចូលរួមទាំងពីសាស្ត្រាចារ្យជំនាញនៃវិទ្យាស្ថាន NPIC រួមនិងអ្នកជំនាញលើវិស័យនានាមកពីខាងក្រៅ វិទ្យាស្ថានផងដែរ ដើម្បីធានាថាសិស្សនិស្សិតដែលបានបញ្ចប់ការសិក្សាគឺជាធនធានមនុស្ស ប្រកបដោយ ជំនាញ បច្ចេកទេស និងវិជ្ជាជីវៈអាចប្រកបការងារបាន។

លោកសាស្ត្រាចារ្យ ឈុំ អំណត់ ប្រធានដេប៉ាតឺម៉ង់សំណង់ស៊ីវិលនៃវិទ្យាស្ថាន NPIC មើលឃើញថា តាមរយៈការប្រឡងបញ្ចប់ការសិក្សាឆ្នាំនេះ បង្ហាញថាសិស្សនិស្សិតនៃវិទ្យាស្ថាន NPIC កាន់តែមានកម្រិតគុណភាពល្អ ទាំងចំណេះដឹងផ្នែកទ្រឹស្តី និងការអនុវត្តជំនាញផ្ទាល់។
លោកសាស្ត្រាចារ្យ បានបញ្ជាក់ថា សិស្ស និស្សិត ដែលបញ្ចប់ការសិក្សាផ្នែកសំណង់ស៊ីវិល ផ្នែកអគ្គិសនី ផ្នែកអេឡិចត្រូនិក មានឱកាសច្រើនក្នុងទីផ្សារ ការងារ ដោយសារមានគម្រោងសាងសង់សំណង់នានាជាច្រើនក្នុងប្រទេសកម្ពុជា ពីមួយឆ្នាំទៅមួយឆ្នាំ។

ចំណែក លោកបណ្ឌិតសាស្ត្រាចារ្យ ចេង ហ៊ឈង ប្រធានមហាវិទ្យាល័យអគ្គិសនី យល់ឃើញថា ក្រៅពី ការសិក្សា ជំនាញបច្ចេកទេសទាំងទ្រឹស្តី និងការអនុវត្តជាក់ស្តែងហើយនោះ ជំនាញទន់ដែល សំដៅ លើ សីលធម៌ល្អ ឥរិយាបទល្អ គឺពិតជាសំខាន់ណាស់សម្រាប់សិស្សនិស្សិតអាចក្លាយជាធនធានមនុស្ស ដ៏ល្អនៅ ពេលចេញបំពេញការងារ។ ដូចនេះ ទើបវិទ្យាស្ថាន NPIC បានបូកបញ្ចូលការសិក្សាជំនាញទន់នេះ សម្រាប់សិស្សនិស្សិតនៅពេលកំពុងសិក្សាជំនាញណាក៏ដោយ។
យុវជន សែម ម៉េងខេង ជានិស្សិតផ្នែកមេកានិករថយន្ត ដែលបានប្រឡងបញ្ចប់ការសិក្សា នៅ ឆ្នាំ២០២៣នេះ ជឿជាក់ថាជំនាញដែលខ្លួនបានរៀនចប់នេះ នឹងអាចបំពេញក្តីស្រមៃក្នុងការចូលរួមអភិវឌ្ឍន៍ វិស័យរថយន្តនៅកម្ពុជា។
ជាក់ស្តែង យុវជនរូបនេះ បានដាក់បង្ហាញស្នាដៃគម្រោងតម្លើងប្រព័ន្ធអគ្គិសនី រថយន្ត សម្រាប់ការប្រឡងបញ្ចប់ការសិក្សានេះ ដោយគម្រោងមួយនេះចំណាយពេលប្រមាណជា៦ខែ ដើម្បីបង្កើតចេញជារូបរាង ជាក់ស្តែង។

ទន្ទឹមនេះ យុវតី ពៅ ពុធថា ជានិស្សិតផ្នែកមេកានិកទូទៅ ដែលប្រឡងបញ្ចប់ការសិក្សាក្នុងឆ្នាំ២០២៣នេះដែរ មានគម្រោងថានឹងអាចយកជំនាញដែលខ្លួនបានរៀននេះ បើកជារោងជាងផ្នែកក្រឡឹងដោយខ្លួនឯង ដែល អាច ផ្គត់ផ្គង់តម្រូវការផ្នែករថយន្ត និងនៅតាមរោងចក្រនានា។
យុវតីរូបនេះ លើកទឹកចិត្តដល់យុវតីផ្សេងទៀត ចូលរៀនជំនាញមេកានិក រឺជំនាញបច្ចេកទេសផ្សេងទៀតដែលខ្លួនស្រឡាញ់ ដោយកុំគិតថាមនុស្សស្រីរៀន ជំនាញទាំងនោះមិនបានអី សំខាន់គឺការតាំងចិត្តរបស់យើង។
សូមបញ្ជាក់ថា វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) គឺជាគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈដ៏ធំមួយ ដែលបានបង្កើតឡើងក្នុងឆ្នាំ២០០៥ ស្ថិតនៅក្រោមក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ។

ក្នុងឆ្នាំសិក្សា ២០២២-២០២៣ មានសិស្សនិស្សិតសរុបជាង ៦ ៦០០នាក់ កំពុងសិក្សា ជំនាញ បច្ចេកទេស និងវិជ្ជាជីវៈ ចាប់ពីថ្នាក់សញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈ ថ្នាក់បណ្តុះបណ្តាលវគ្គខ្លី ថ្នាក់ឧត្តម សិក្សា និងថ្នាក់ក្រោយឧត្តមសិក្សា លើជំនាញដូចជា វិស្វកម្មអគ្គិសនី វិទ្យាសាស្ត្រកុំព្យូទ័រ វិស្វកម្មមេកានិក វិទ្យាសាស្ត្រអុបទិក វិស្វកម្មសំណង់ស៊ីវិលនិងស្ថាបត្យកម្ម វិស្វកម្មអេឡិចត្រូនិកនិងទូរគមនាគមន៍ វិស្វកម្មមេកានិករថយន្ត ទេសចរណ៍និងបដិសណ្ឋារកិច្ច៕



-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ចរាចរណ៍១ សប្តាហ៍ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម១៨ ម៉ោង agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


