អាជីព
មុខរបរដឹកជញ្ជូនតាមអនឡាញ ក្លាយជាការងារពេញនិយមសម្រាប់យុវវ័យមួយចំនួន នាបច្ចុប្បន្ន
មុខរបរដឹកជញ្ជូន ម្ហូបអាហារ អីវ៉ាន់ និងសម្លៀកបំពាក់ផ្សេងៗ តាមអនឡាញ បានក្លាយទៅជាការងារដ៏ពេញនិយម សម្រាប់យុវវ័យមួយចំនួន ស្របពេលមនុស្សជាច្រើនក៏គាំទ្រសេវាកម្មដឹកជញ្ជូនតាមអនឡាញនេះដែរ ពិសេសក្នុងភូមិសាស្រ្ដរាជធានីភ្នំពេញ។ ជាមួយនោះ ក្រុមអ្នកដឹកជញ្ជូនតាមអនឡាញ ដែលភាគច្រើនគេសង្កេតឃើញថា សុទ្ធសឹងជាយុវវ័យ ក៏បានអះអាងថា ពួកគេអាចស្វែងរកប្រាក់ចំណូលប្រចាំថ្ងៃចេញពីមុខរបរមួយនេះបានយ៉ាងច្រើនគួរសមផងដែរ។

យុវជន ថៃ រាជ អ្នកដឹកជញ្ជូនតាមអនឡាញ បានប្រាប់ឱ្យ កម្ពុជាថ្មី ដឹងថា រូបគេបានជ្រើសរើសមុខរបរជាអ្នកដឹកជញ្ជូនតាមអនឡាញរយៈពេលជាង ១ ឆ្នាំ មកហើយ។ កត្តាធ្វើឱ្យយុវជនរូបនេះ ចាប់អារម្មណ៍ទៅលើការងារដឹកជញ្ជូនបែបនេះ ក៏ដោយសារចំណង់ចំណូលចិត្តរបស់ខ្លួននោះដែរ ខណៈមុខរបរដឹកជញ្ជូនតាមអនឡាញនេះ ធ្វើឱ្យ យុវជន ថៃ រាជ អាចស្វែងរកប្រាក់ចំណូលប្រចាំថ្ងៃ បានចន្លោះពី ៥ ម៉ឺនរៀល ទៅ ៦ ម៉ឺនរៀល ជារៀងរាល់ថ្ងៃ ផងដែរ។ យុវជនរូបនេះ បានបញ្ជាក់ទៀតថា បញ្ហាប្រឈមដែលជួបប្រទះក្នុងការបំពេញភារកិច្ចប្រចាំថ្ងៃនោះ គឺ គ្រោះថ្នាក់តាមដងផ្លូវ នៅពេលបើកបរមិនប្រុងប្រយ័ត្ន មិនគោរពច្បាប់ចរាចរណ៍ បើកលឿនហួសការកំណត់ និងពេលខ្លះ អាចជិះបញ្ចាស់ផ្លូវ ដើម្បីយកអីវ៉ាន់ ឬ ទំនិញប្រគល់ជូនអថិជនម្ដងៗ។ យុវជន ថៃ រាជ ចង់ឱ្យអ្នកដឹកជញ្ជូនទាំងអស់ គួរតែនាំគ្នាកែតម្រូវឡើងវិញ ដើម្បីកុំឱ្យកើតមានបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ឬ ហានិភ័យផ្សេងៗ ទៀត ជាដើម…។

យ៉ាងណាមិញ យុវជន គង់ សម្បត្តិ ក៏បានប្រាប់ឱ្យ កម្ពុជាថ្មី ដឹងដូចគ្នាដែរថា មូលហេតុដែលរូបគេចាប់យកមុខរបរដឹកជញ្ជូនតាមអនឡាញ ដោយសារការងារមួយនេះ មានសេរីភាព និងបានស្គាល់មនុស្សថ្មីៗ ជារៀងរាល់ថ្ងៃ។ ម្យ៉ាងទៀត យុវជន គង់ សម្បត្តិ បានអះអាងដែរថា គេអាចស្វែងរកប្រាក់ចំណូលចេញពីមុខរបរដឹកជញ្ជូននេះ បានចន្លោះពី ៥ ម៉ឺនរៀល ទៅ ៦ ម៉ឺនរៀល ក្នុងមួយថ្ងៃ។ យុវជន គង់ សម្បត្តិ បន្ថែមទៀតថា ការងារដឹកជញ្ជូនតាមអនឡាញនេះ មានលក្ខណៈងាយស្រួលក៏ពិតមែន ប៉ុន្តែក៏នាំមកនូវគ្រោះថ្នាក់ ឬ ហានិភ័យ ដែលកើតមានដោយយថាហេតុ ប្រសិនបើអ្នកដឹកជញ្ជូនទាំងអស់ មិនបានយកចិត្តទុកដាក់ក្នុងពេលបើកបរនៅតាមដងផ្លូវ ពិសេសក្នុងភូមិសាស្រ្ដរាជធានីភ្នំពេញនេះតែម្ដង។

មិនខុសគ្នាពីយុវជនទាំង ២ រូបខាងលើ លោក ឌុន រ៉ាវី អ្នកដឹកជញ្ជូនតាមអនឡាញ មានបទពិសោធន៍ជាង ៣ ឆ្នាំ មកហើយនោះ ក៏បានប្រាប់ឱ្យ កម្ពុជាថ្មី ដឹងថា លោកក៏ជាអ្នកដឹកជញ្ជូនតាមអនឡាញមួយរូបផងដែរ។ លោក ឌុក រ៉ាវី បន្ថែមថា លោកចាប់យកមុខរបរមួយនេះ តាំងពីពេលដែលពុំសូវមានក្រុមហ៊ុនដឹកជញ្ជូនតាមអនឡាញមកម្ល៉េះ ត្បិតការងារដឹកជញ្ជូន កាលនោះ ក៏សម្បូរអីវ៉ាន់ ឬ ម្ហូបអាហារ ផ្សេងៗ ដែលអាចឱ្យលោកស្វែងរកបានប្រាក់ចំណូលចន្លោះពី ៨ ម៉ឺនរៀល ទៅ ១០ ម៉ឺនរៀល ក្នុងមួយថ្ងៃ។ លោក ឌុន រ៉ាវី បន្ដថា សម្រាប់ពេលបច្ចុប្បន្ននេះ មុខរបរដឹកជញ្ជូនតាមអនឡាញនេះ ហាក់ធ្លាក់ចុះបន្តិច ដោយសារតែចំនួនអ្នកដឹកជញ្ជូនកើនឡើងខ្លាំង និងស្របពេលមានក្រុមហ៊ុនជាច្រើនទៀត បានចាប់យកសេវាកម្មដឹកជញ្ជូនជាមុខរបរជាបន្តបន្ទាប់ជារៀងរាល់ឆ្នាំ៕
អត្ថបទ ៖ សួស សិត


-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


