Connect with us

សន្តិសុខសង្គម

យប់មិញ ខ្យល់កន្ត្រាក់បក់បោកផ្ទះពលរដ្ឋខូចខាតច្រើនខ្នង និងដើមឈើជាច្រើនដើមបាក់រាបដល់ដី នៅបុរីពិភពថ្មីឈូកវ៉ា ២ និង ឈូកវ៉ា ៣

បានផុស

នៅ

ខ្យល់កន្ត្រាក់បានបក់បោកផ្ទះប្រជាពលរដ្ឋខូចខាតជាច្រើនខ្នង និងដើមឈើជាច្រើនដើមបាក់រាបដល់ដី សង្កត់រថយន្ត ២ គ្រឿង ព្រមទាំងរងរបួសមនុស្ស ១ នាក់ នៅបុរីពិភពថ្មីឈូកវ៉ា ២ និង ឈូកវ៉ា ៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៨ និង ៣០ នាទីយប់ ថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០២៥ ម្សិលមិញ នៅបុរីពិភពថ្មីឈូកវ៉ា ២ សង្កាត់សំរោងក្រោម និងបុរីពិភពថ្មីឈូកវ៉ា ៣ សង្កាត់កាកាប ២ ខណ្ឌពោធិ៍សែនជ័យ។

បើតាមការបញ្ជាក់ពីពលរដ្ឋ បានឲ្យដឹងថា នៅមុនពេលមានកើតហេតុភ្លៀងបានបង្អុរធ្លាក់យ៉ាងខ្លាំងលាយឡំនឹងខ្យល់កន្ត្រាក់ និងកួច បានបោកបក់យ៉ាងខ្លាំងបណ្តាលឲ្យដើមស្វាយជាច្រើនដើមត្រូវខ្យល់កាច់បំបាក់រលើងទាំងឫស ហើយដំបូលផ្ទះ និងសំយ៉ាបច្រើនខ្នងរបើករងការខូចខាត។ ក្នុងនោះទីតាំងដែលរងការខូចខាតនៅតាមបណ្ដោយផ្លូវលេខ ១០ , ១២ , ១៤ និង ១៦ បានទទួលរងដោយខ្យល់បោកបក់ខ្លាំងបណ្ដាលឲ្យដើមស្វាយជាច្រើនដើមបានបាក់រាបដល់ដី ដំបូលផ្ទះរបើក សំយាប និងទ្វារកញ្ចក់មួយចំនួនរងការខូចខាត ហើយរថយន្តចំនួន ២ គ្រឿង ត្រូវបានដើមស្វាយរលំសង្កត់។

ដោយឡែកបើតាមប្រភពពីសន្តិសុខក្នុងបុរីខាងលើ បានឲ្យដឹងថា ហេតុការណ៍ខ្យល់កន្ត្រាក់នេះ ក្រៅពីខូចខាតផ្ទះ ដើមឈើ និងរថយន្ត ក៏បណ្តាលឲ្យមានស្ត្រី ១ នាក់ រងរបួសដែរ។ ក្នុងនោះ ស្រ្ដីដែលរងគ្រោះមានឈ្មោះ ទ ស្រ ឡ អាយុ ៥០ ឆ្នាំ មុខរបរលក់ដូរ ផ្ទះនៅបុរីពិភពថ្មីឈូកវ៉ា ២ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

ចំពោះទំហំ នៃការខូចខាតក្នុងបុរីពិភពថ្មីឈូកវ៉ា ២ យ៉ាងតិចដើមឈើជាង ៥០ ដើម ត្រូវខ្យល់បោកបក់កាច់បំបាក់ និងរលើងទាំងឫស។ ចំណែកបុរីពិភពថ្មីឈូកវ៉ា ៣ ស្ថិតនៅសង្កាត់កាកាបទី ២ ខណ្ឌពោធិ៍សែនជ័យ បានបាក់ដើមស្វាយចំនួន ៤ ដើម និងដើមមៀនមួយដើម រាបដល់ដី និង ផ្ទះមួយចំនួនទៀតត្រូវខ្យល់កន្ត្រាក់វាយ ព្រមទាំងដំបូលផ្ទះលក់គ្រឿងសំណង់មួយខ្នង ត្រូវខ្យល់កន្ត្រាក់វាយរបើកដំបូង និងបាក់ឡៅតឿផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម