Connect with us

កីឡា

ប្រដាល់សកល​កម្ពុជា​បើក​ទំព័រ​សករាជ​ថ្មី ដោយ​រៀបចំ​ការ​ប្រកួត​កម្រិត​អាជីព​​រាល់​ខែ​​

បានផុស

នៅ

ក្រោយ​ពេល​មិន​សូវ​មាន​​កម្មវិធី​ប្រកួត​ទៀងទាត់អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ ពេល​នេះ សហព័ន្ធ​កីឡា​ប្រដាល់​សកល​កម្ពុជា មាន​លទ្ធភាព​រៀបចំ​ប្រកួត​ប្រចាំ​ខែ​ដើម្បី​អភិវឌ្ឍ​កីឡាដែល​មាន​តម្លៃ​ជា​សកល​មួយ​នេះ​ឈាន​ឡើង​មួយ​កម្រិត​ទៀត។

លោក ប៊ុយ សុភ័ណ្ឌ
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ផែន​ការ​ប្រកួត​កីឡាប្រដាល់​សកល​ប្រចាំ​ខែ​នេះ​បាន​កើត​មាន​ឡើង បន្ទាប់​ពី​សហព័ន្ធ​ទទួល​បាន​ដៃ​គូ​ឧបត្ថម្ភ​គាំទ្រ​ថ្មី។ ​លោក ប៊ុយ សុភ័ណ្ឌ ប្រធាន​សហព័ន្ធ​កីឡា​ប្រដាល់​សកល​កម្ពុជា មាន​ប្រសាសន៍​ថា នៅ​ដើម​ឆ្នាំ ២០២៦​ កីឡា​ប្រដាល់​សកល​កម្ពុជា​បើក​ទំព័រ​ប្រវត្តិ​សាស្ត្រ​ថ្មី​ដោយ​សហព័ន្ធ​បាន​សហការ​ជា​មួយ​ក្រុម​ហ៊ុន វឌ្ឍនៈ ដើម្បីរៀបចំ​ការ​ប្រកួត​កីឡា​ប្រដាល់​សកល​អាជីពគឺសង្វៀន«Dragon the Golden Ring»។ កម្មវិធី​ប្រកួត​រៀប​ចំ​ជា​រៀង​រាល់​ខែ​ដែល​ចាប់​ផ្តើម​ពី​ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ រហូត​ដល់​ខែ​ធ្នូ ឆ្នាំ ២០២៦។

លោកមាន​ប្រសាសន៍​ថា ៖«នេះ​ពិត​ជា​មាន​សារសំខាន់​​ខ្លាំង​មែន​ទែន ពី​ព្រោះ​កីឡា​ប្រដាល់​សកល​គឺ​ជា​កីឡា​កម្រិត​អូឡាំពិក ហើយ​យើង​ទទួល​បាន​គាំទ្រ​ច្រើន​យ៉ាង​ខ្លាំង។ ការ​ប្រកួត​នេះ យើង​ផ្តល់​ឱកាស​ឲ្យ​កីឡាករ​កម្រិត​អាជីព និង​កីឡាករ​វ័យក្មេង​​បាន​ចូល​រួម​ប្រកួត។ ​ទាំង​នេះ​បាន​ផ្តល់​ឲ្យ​យើង​បាន​ត្រៀម​ខ្លួន​សម្រាប់​ការ​ប្រកួត​អន្តរជាតិ​នានា ហើយ​ក៏​បាន​ទាំង​អភិវឌ្ឍ​យុវជន​​ថែម​ទៀត។ ជា​ពិសេស​នៅ​ឆ្នាំ ២០២៦​ យើង​មាន​ការ​ប្រកួត​អន្តរជាតិ​ច្រើន ដូច​ជា​កីឡា​ទ្វីប​អាស៊ី នៅ​ប្រទេស​ជប៉ុន និង​ការ​ប្រកួត​អាស៊ី​ជា​ច្រើន​ទៀត»។

លោក​ប្រធាន​សហព័ន្ធ​កីឡា​ប្រដាល់​សកល​រូប​នេះ​មាន​សុទិដ្ឋិថា កីឡា​ប្រដាល់​សកល​កម្ពុជា​នឹង​ឈាន​ទៅ​មុខមួយកម្រិត​ទាំង​​ថ្នាក់​តំបន់ និង​ពិភព​លោក បន្ទាប់​ពី​ទទួល​បាន​ការ​ឧបត្ថម្ភ​គាំទ្រ​ឲ្យ​មាន​ការ​ប្រកួត​ទៀង​ទាត់។

អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ ចាប់​តាំង​ពី​សង្វៀន​ប្រដាល់​គុន​ខ្មែរ​នៅ​តាម​បណ្តា​ស្ថានីយ៍​ទូរទស្សន៍​លែង​ដាក់​កីឡា​ប្រដាល់​សកល​ចូល​ជា​មួយ​បាន​ធ្វើ​ឲ្យ​កីឡាករ កីឡាការិនី​កម្ពុជាមិន​សូវ​សកម្មភាព​ឡើង​សង្វៀន។ កីឡាករ​ កីឡាការិនី​ប្រដាល់​សកល​ខ្លះ​ផ្លាស់​ទៅ​ហ្វឹក​ហាត់​ប្រដាល់​គុន​ខ្មែរ ហើយ​អ្នក​ខ្លះ​ទៀត​​បន្ត​នៅ​ហ្វឹក​ហាត់ តែ​គ្មាន​ការ​ប្រកួត។ ពួក​គេ​មាន​កម្មវិធី​ប្រកួត​មួយ​ឆ្នាំ​ម្តង ឬ​ពីរ​ដង​ប៉ុណ្ណោះ។ សូម​បញ្ជាក់​ថា ប្រដាល់​សកល​ជា​កីឡា​អូឡាំពិក​ដែល​មាន​ការ​ប្រកួត​ផ្លូវ​ការ​​គ្រប់​កម្រិត​ទាំង​តំបន់ ទ្វីប​ និង​ពិភព​លោក៕

អត្ថបទ៖ វិរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម