ព័ត៌មានជាតិ
ស្តាប់មូលហេតុមិនជ្រើសរើស Jordan Pisey កីឡាករលោតទឹកអាមេរិក ដើមកំណើតខ្មែរ មកជួយដល់ កម្ពុជា ?
លោក Jordan Pisey Windle កីឡាករលោតទឹកជម្រើសជាតិអាមេរិក ដើមកំណើតខ្មែរ បានឡើងវគ្គផ្ដាច់ព្រ័ត្រវិញ្ញាសាលោតទឹកកម្ពស់ ១០ ម៉ែត្រ នៃព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្ដៅ ទីក្រុងតូក្យូ ឆ្នាំ២០២០ (Tokyo Olympic Games 2020) នៅប្រទេសជប៉ុនហើយ ក្រោយបញ្ចប់ការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដោយឈរលេខរៀងទី ៩ កាលពីព្រឹកថ្ងៃទី ០៧ ខែសីហា ឆ្នាំ ២០២១ នេះ។

ការប្រកួតវគ្គផ្ដាច់ព្រ័ត្រវិញ្ញាសាលោតទឹកកម្ពស់ ១០ ម៉ែត្រ នឹងធ្វើឡើងនាវេលាម៉ោង ១ រសៀលនេះ(ម៉ោងនៅកម្ពុជា) នៅមជ្ឈមណ្ឌលហែលទឹក Tokyo Aquatics Center។
ទាក់ទងនឹងលើកឡើងរបស់មនុស្សមួយចំនួនដែលថា Jordan គឺជាកូនខ្មែរដែរ ហេតុអ្វីសហព័ន្ធខ្មែរកីឡាហែលទឹកជ្រើសរើសគាត់មកជួយដល់ កម្ពុជា សម្រាប់ការប្រកួតអន្តរជាតិ?
លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក បញ្ជាក់ថា ទោះបីជា Jordan គឺជាកូនខ្មែរក៏ពិតមែន ប៉ុន្តែគាត់ទទួលបានការបីបាច់ថែរក្សា រីកធំធាត់ និង រៀនហែលទឹក នៅសហរដ្ឋអាមេរិក ដែលចិញ្ចឹមដោយឪពុករបស់គាត់ជាជនជាតិអាមេរិក។ បញ្ហានេះ ក៏អាស្រ័យទៅលើការសម្រេចចិត្តរបស់សាមីខ្លួន និង ក្រុមគ្រួសារគាត់ដែរ។
Jordan ធំធាត់នៅអាមេរិក ហ្វឹកហាត់កីឡាលោតទឹកនៅអាមេរិក ឪពុករបស់គាត់គឺជាជនជាតិអាមេរិក ហើយយើងទើបនឹងឃើញ Jordan កាលពីឆ្នាំ ២០១៥-២០១៦ នេះទេ។ ពេលនោះ គាត់មកកម្ពុជា ក្នុងគោលបំណងមកលេងស្រុកកំណើតនៅខ្មែរ ព្រោះ Jordan ត្រូវបានយកទៅរស់នៅសហរដ្ឋអាមេរិក តាំងតែពីមានអាយុ ១៨ ខែមកម្ល៉េះ។
កាលនោះ ឪពុករបស់ Jordan បានបញ្ជាក់ថា ត្រូវការឲ្យកូនគាត់ជាប់ជាជម្រើសជាតិអាមេរិកសិន និងបានចូលរួមប្រកួតអូឡាំពិកហ្គេម ទីក្រុងតូក្យូ ឆ្នាំ ២០២០ នេះសិន ហើយទើបអាចពិភាក្សាគ្នាបន្តទៀត។
ការហ្វឹកហាត់ ការចិញ្ចឹមបីបាច់ថែរក្សា គឺជាការរ៉ាប់រងរបស់ឪពុកគាត់ ហើយពេលគាត់ជាប់ជម្រើសជាតិទៅ ទើបគាត់អាចទទួលបានការជួយទំនុកបម្រុងពីរដ្ឋាភិបាលរបស់គាត់។
លោក ហែម គីរី ពន្យល់ថា បើកាលណាកីឡាករណាម្នាក់លេងតំណាងឲ្យជាតិណាមួយហើយ គឺកីឡាករជម្រើសជាតិរូបនោះមាន «សញ្ជាតិកីឡា » នៃប្រទេសនោះហើយ។ ជាក់ស្តែងដូចជម្រើស ជាតិលោតទឹក Jordan មាន «សញ្ជាតិកីឡា» អាមេរិក ហើយប្រសិនបើ Jordan ចង់លេងតំណាងឲ្យជាតិខ្មែរវិញ គឺត្រូវអនុវត្តទៅតាមនីតិវិធីច្បាប់របស់គេ ជាពិសេស គឺអនុវត្តទៅតាមគោលការណ៍នានារបស់សហព័ន្ធកីឡាហែលទឹកអន្តរជាតិ (FINA) តែម្ដង។ ដូច្នេះ តាមអ្វីដែលយើងធ្លាប់ជជែកគ្នា គឺថ្នាក់ដឹកនាំសហព័ន្ធខ្មែរកីឡាហែលទឹក ចង់បានកីឡាករដ៏ឆ្នើមរូបនេះ មកជួយដល់កីឡាលោតទឹកកម្ពុជា រីឯសាមីខ្លួន Jordan ក៏មានឆន្ទៈខ្ពស់ចង់មកជួយចូលរួមដល់ការប្រកួតតំណាងឲ្យជាតិកម្ពុជា ប៉ុន្តែវាអាស្រ័យទៅលើនីតិវិធីនានារបស់អន្តរជាតិ។
ជាកីឡាករជម្រើសជាតិម្នាក់ អាចមានសញ្ជាតិកីឡាពីរបាន ប៉ុន្តែជម្រើសជាតិរូបនោះអាចលាលែងពីសញ្ជាតិ ១ ក្នុងកីឡា។ ឧទាហរណ៍ថា គាត់គឺជាកីឡាករជម្រើសជាតិអាមេរិក គាត់ត្រូវលាលែងសញ្ជាតិកីឡាអាមេរិកពេលគាត់មកលេងតំណាងឲ្យកម្ពុជា ដោយត្រូវហ្វឹកហាត់នៅកម្ពុជា រស់នៅកម្ពុជា ក្នុងរយៈពេលប៉ុន្មានខែ ប៉ុន្មានឆ្នាំ ឲ្យស្របតាមគោលការណ៍អន្តរជាតិជាដើម។
លោកអគ្គលេខាធិការ បន្តថា សម្រាប់ Jordan ដែលបច្ចុប្បន្នជាជម្រើសជាតិអាមេរិក មិនមែនមានន័យថា ជាការបិទផ្លូវក្នុងការក្លាយខ្លួនមកជាជម្រើសជាតិលោតទឹកកម្ពុជានោះទេ។ ជារួម វាសំខាន់បំផុតទៅលើការសម្រេចចិត្តរបស់សាមីខ្លួន និង ក្រុមគ្រួសារគាត់ បើគាត់ឯកភាព នោះយើងនឹងរិះរកមធ្យោបាយទាំងអស់គ្នា ហើយឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានត្រៀមខ្លួនរួចរាល់ ក្នុងការទទួល Jordan មកជួយដល់ការប្រកួតលើឆាកអន្តរជាតិ នាថ្ងៃអនាគត។
ក្នុងនោះ ក៏មិនមែនសាមីខ្លួន សហព័ន្ធ ធ្វើតែម្នាក់ឯងដែរ គឺត្រូវពិភាក្សាគ្នាជាមួយស្ថាប័នពាក់ព័ន្ធ ដូចជា ក្រសួងអប់រំ យុវជន និង កីឡា និង គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ព្រមទាំងគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី ៣២ ឆ្នាំ ២០២៣ (CAMSOC) ផងដែរ។
សូមរំលឹកឲ្យដឹងថា ក្នុងការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដែលមានបេក្ខភាព ១៨ នាក់នេះ ក៏មិនខុសពីការប្រកួតជម្រុះបឋមដែរ ដោយកីឡាករម្នាក់ៗ ត្រូវធ្វើការប្រកួត ៦ ជុំ ដើម្បីសន្សំពិន្ទុ ហើយកីឡាកររកបានពិន្ទុច្រើនជាងគេ ១២ នាក់ នឹងបានឡើងវគ្គផ្ដាច់ព្រ័ត្រ។ ជាលទ្ធផលកីឡាករមានដើមកំណើតពីខេត្តព្រះសីហនុ Jordan Pisey Windle បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ៩ ក្រោយរកបាន ៤០៩.៨០ ពិន្ទុ ខណៈកីឡាករចិន Cao Yuan ដែលរកពិន្ទុបាន ៥១៣.៧០ ឈរកំពូលតារាង៕
អត្ថបទ ៖ វិសិទ្ធ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


