កីឡា
ចំណាយពេល ៤០៤ ថ្ងៃ ទីបំផុត ចាន់ វឌ្ឍនាកា ត្រលប់មកជាន់ទីលានវិញជាផ្លូវការ
ខ្សែប្រយុទ្ធដ៏មានប្រជាប្រិយភាពកម្ពុជា កីឡាករ ចាន់ វឌ្ឍនាកា បានវិលត្រលប់មកបង្ហាញខ្លួននៅលើទីលានសាជាថ្មីវិញហើយ បន្ទាប់ពីអវត្តមានជាង ១ ឆ្នាំ ដោយសារបញ្ហារបួស។

ការវិលត្រលប់មកវិញរបស់ ចាន់ វឌ្ឍនាកា គឺនៅក្នុងការប្រកួតផ្លូវការ នៃពានរង្វាន់ខេមបូឌានលីគខាប់ (Cambodian League Cup) ឆ្នាំ ២០២៣ ជំនួបរវាងបឹងកេត ទល់នឹង សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ ឬ ទ័ព លើទឹកដី នៃកីឡដ្ឋានខេមបូឌានអែវ៉េ កាលពីរសៀលថ្ងៃទី ០៥ ខែមីនា ឆ្នាំ ២០២៣។
វឌ្ឍនាកា បានចូលប្រកួតវិញនាមជាកីឡាករផ្លាស់ប្ដូរចូល នៅនាទី ៦២ ជំនួសកីឡាករ សាន គីមហេង ពេលដែលក្លិបកំពុងត្រូវបាន ទ័ព នាំមុខ ២-៣។ ក្នុងរយៈពេលជាង ៣០ នាទី ដែលបង្ហាញខ្លួនជាមួយក្រុមសម្បូរទៅដោយកីឡាករយុវជន វឌ្ឍនាកា បាននាំក្រុមត្រលប់មកវាយបកយកឈ្នះវិញ ជាពិសេសគ្រាប់បាល់ចុងម៉ោងគេបញ្ជូនដោយផ្ទាល់ចេញពីបាល់ជ្រុង ជួយឲ្យយកឈ្នះ ៤-៣។

ការត្រលប់មកបង្ហាញខ្លួនវិញនេះ ធ្វើឲ្យ ចាន់ វឌ្ឍនាកា បានជាន់ទីលានជាថ្មីបន្ទាប់ពីអាក់ខានប្រកួត គិតជាថ្ងៃស្មើនឹង ៤០៤ ថ្ងៃ ឬ ១ ឆ្នាំ ១ ខែ និង ៨ ថ្ងៃ។
ក្រោយបានបង្ហាញខ្លួន វឌ្ឍនាកា បានសរសេរនៅលើហ្វេសប៊ុកផ្លូវការរបស់ខ្លួនថា ៖ «មិនមែនជាពេលវេលាល្អឥតខ្ចោះ ប៉ុន្តែជាពេលចាប់ផ្ដើម និងជាពេលវេលាជួយដាស់តឿនក្រុម អរគុណគ្រប់គ្នាសម្រាប់ថ្ងៃនេះ»។ តាមរយៈការបង្ហោះនេះ អ្នកគាំទ្រជាច្រើន ក៏បានចូលទៅសម្ដែងការស្វាគមន៍ការវិលត្រលប់មកវិញផងដែរ។

សូមរំលឹកថា ចាន់ វឌ្ឍនាកា បានរងរបួសនៅក្នុងជំនួបជាមួយវិសាខា ក្នុងពានរង្វាន់ Prince Beer Pre-season Cup នាថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០២២ នៅកីឡដ្ឋានព្រីនស៍ និងត្រូវបានដឹងថា ជារបួសធ្ងន់បំផុត ដែលគេហៅថា ACL ពោលគឺដាច់សរសៃជង្គង់ខាងស្ដាំ។
រយៈពេលនោះវាបានធ្វើឲ្យ ចាន់ វឌ្ឍនាកា អវត្តមានពីទីលានគ្រប់ការប្រកួតទាំងអស់រយៈពេលមួយរដូវកាលពេញ ទាំងក្លិប ក៏ដូចជាជម្រើសជាតិ៕
អត្ថបទ ៖ មន្នីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


