កីឡា
តើ ពេជ្រ សម្បត្តិ បានរៀនអ្វីខ្លះពីបរាជ័យសន្លប់ម្សិលមិញ?
អ្នកប្រដាល់គុនខ្មែរកំពុងល្បីរន្ទឺ ពេជ្រ សម្បត្តិ បានចាញ់ដោយសន្លប់ជាលើកដំបូងសម្រាប់ការប្រកួតអន្តរជាតិ បន្ទាប់ពីត្រូវបានកីឡាករឡាវ Khampou ទាត់ផ្កាប់ចានចូលកឲ្យសន្លប់បាត់មាត់ឈឹងទឹកទី៣ក្នុងកម្មវិធី«អ្នកប្រយុទ្ធគុនខ្មែរ ស្រាបៀរម៉ាទ្រីដ» កាលពីថ្ងៃអាទិត្យ ទី១២ ខែមីនា ឆ្នាំ២០២៣។

ការពិតនៅលើសង្វៀនបង្ហាញថា កីឡាករឡាវ Khampou មានបច្ចេកទេស និងអាវុធចេញយ៉ាងល្អទាំងព្រមតែម្តង។ រូបគេអាចទាត់ជើងក្រោមក៏ល្អ ទាត់ខាងលើក៏ល្អ ចេញកណ្តាប់ដៃ និងកែងក៏ល្អ។ ចាប់ពីទឹកទី១ រូបគេបានទាត់ជើងក្រោមរបស់ ពេជ្រ សម្បត្តិ ឡើងទ្រេតម្តងៗ។
មិនត្រឹមតែប៉ុណ្ណោះ កីឡាករឡាវរូបនេះចេញកែងមានប្រសិទ្ធភាព និងច្បាស់គោលដៅ ព្រមជាមួយនឹងកណ្តាប់ដៃ និងការធាក់ទល់ធ្វើឲ្យអ្នកលេងគុនខ្មែរពិបាកចូលវ៉ៃឲ្យចំគោលដៅនៅទឹកទី១ និងដើមទឹកទី២។
ទោះបីជាយ៉ាងណា ក្របីព្រៃ ពេជ្រ សម្បត្តិ មិនបានបង្ហាញពីភាពខ្សោយណាមួយឡើយ។ រូបគេនៅតែបន្តដើរចូល និងរក្សាគោលជំហររឹងមាំដដែល។ អាចនិយាយបានថា កាន់ត្រូវ កាន់តែចូល។ ជាពិសេសនៅចុងទឹកទី២ រូបគេបានដើរចូលវ៉ៃលើពោះ និងដងខ្លួនរបស់កីឡាករឡាវឲ្យព្យាយាមថយក្រោយ ស្របពេលកម្លាំងស៊ុហ្វចុះខ្សោយ។
នៅទឹកទី៣ ពេជ្រ សម្បត្តិ បានបន្តវាយសន្ធាប់លើ Khampou។ ទឹកនេះមើលឃើញថា អ្នកលេងគុនខ្មែរវាយពោះរបស់កីឡាករឡាវច្រើន និងមានប្រៀបទៅហើយ។ សម្បត្តិ បានព្យាយាមដើរចូលវ៉ៃដោយគ្មានខ្លាចញញើតដៃគូសោះ។ រឿងនឹកស្មានមិនដល់បានកើតឡើងគឺនៅពេល ពេជ្រ សម្បត្តិ ដើរចូលខ្វះការប្រុងប្រយ័ត្នត្រូវបានកីឡាករឡាវទាត់ផ្កាប់ចានចំកឲ្យសន្លប់ធំតែម្តង។

បរាជ័យដោយសន្លប់ធំជាលើកដំបូងនេះបានធ្វើឲ្យអ្នកតាមដានវិស័យគុនខ្មែរមានបញ្ចេញទស្សនៈរៀងៗខ្លួន។ តាមរយៈបរាជ័យនេះរូបគេមានចំណុចខ្លះដែលត្រូវកែលំអ។
- ត្រូវបង្កើនការប្រុងប្រយ័ត្ន ពីព្រោះបរាជ័យលើកនេះបណ្តាលមកពីការធ្វេសប្រហែស។ ទោះបីជាស្ថិតក្នុងកាលៈទេសៈបែបណាក៏ដោយ រូបគេមិនត្រូវមើលស្រាលដៃគូឡើយ ហើយរាល់ពេលដើរចូលត្រូវចេះការពារខ្លួនជានិច្ច។
- ត្រូវប្រើភាពឆ្លាតវៃឲ្យបានច្រើនជាងកម្លាំងបាយ។ ពេជ្រ សម្បត្តិ ជាកីឡាកររឹងមាំ អាវុធធ្ងន់ និងកម្លាំងស៊ុហ្វល្អ។ ទាំងនេះហើយជាចំណុចខ្លាំងរបស់គាត់។ រាល់ពេលប្រកួតរូបគេប្រើកម្លាំង និងអាវុធជាគោលចម្បងដើម្បីបញ្ឈប់ដៃគូ ប៉ុន្តែនិយាយពីបច្ចេកទេសនៅស្ទើរ។ និយាយឲ្យចំទៅ រូបគេត្រូវមានគោលជំហរចេញ ចូលអាវុធ និងរបៀបការពារខ្លួនឲ្យបានច្បាស់លាស់។
ប្រសិនបើ ពេជ្រ សម្បត្តិ អភិវឌ្ឍចំណុចខាងលើបានល្អ រូបគេនឹងក្លាយជាកីឡាករជោគជ័យបំផុតក្នុងចំណោមអ្នកប្រដាល់គុនខ្មែរ។

សូមបញ្ជាក់ថា ចាប់តាំងពី ពេជ្រ សម្បត្តិ ប្រកួតដណ្តើមខ្សែក្រវាត់ខារ៉ាបាវ នៅសង្វៀនបាយ័នតាំងពីឆ្នាំ២០២២មក រូបគេមិនដែលចាញ់ពិន្ទុកីឡាករថៃ រួនប៉េ ម្តង និងស្មើគ្នាជាមួយ ឈុត សេរីវ៉ាន់ថង ម្តង។ ក្រៅពីនោះផ្តួលដៃគូឲ្យសន្លប់ទាំងអស់៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


