Connect with us

កីឡា

កីឡា​​កម្ពុជា​៥​ប្រភេទ​នេះរំពឹង​ឈ្នះ​មេដាយ​មាស​​ច្រើន​ពីស៊ីហ្គេម២០២៣

បានផុស

នៅ

ព្រឹត្តិការណ៍​កីឡា​ជា​ប្រវត្តិ​សាស្ត្រ​ធំ​ដំបូង​​នៅ​​កម្ពុជា ស៊ីហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ នឹង​ចាប់​ផ្តើម​បើក​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី​៥ ខែ​ឧសភា ខាង​មុខ​នេះ​​ដែល​មាន​កីឡា​​​៣៦​ប្រភេទ និង​កីឡា​ប្រកួត​សម្តែង​១​ប្រភេទ​​​ស្មើ​នឹង​​៦០៨​វិញ្ញាសា (៦០៨​មេដាយ​មាស)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាម​ជា​ម្ចាស់​ផ្ទះ កម្ពុជា​បាន​ដាក់​គោល​ដៅ​​យក​មេដាយ​មាស​ភាគ​ច្រើន​ក្នុង​ចំណោម​កីឡា​ទាំង​៣៦​ប្រភេទ ប៉ុន្តែ​កីឡា​ខ្លះ​ដាក់​គោល​ដៅ​ត្រឹម​ឡើង​វគ្គ​ផ្តាច់​ព្រ័ត្រ​ដូច​ជា បាល់ទាត់ បាល់ទះ និង​បាល់បោះ​ជា​ដើម។

ក្នុង​ចំណោម​កីឡា​ទាំង​៣៦​ប្រភេទ មាន​កីឡា​៥​ប្រភេទ​ដែល​កម្ពុជា​​ដែល​រំពឹង​ទទួល​បាន​​មេដាយ​មាស​ច្រើន​គឺ​កីឡា​គុន​ខ្មែរ គុន​ល្បុក្កតោ វ៉ូវីណាម អុកចត្រង្គ និង​កីឡា​ប៉េតង់។​

កីឡា​គុន​ខ្មែរ

ប្រដាល់​គុន​ខ្មែរត្រូវ​បាន​ដាក់១៩​វិញ្ញាសា ​​ក្នុង​នោះ​​១១​វិញ្ញាសា​សម្រាប់​បុរស,  ៦​វិញ្ញាសា​សម្រាប់​នារី និង​វិញ្ញាសា​សម្តែង​ឯកត្តជន​​មាន២​ គឺ​សម្តែង​បុរស និង​សម្តែង​នារី។ ដូច្នេះ​ក្នុង​នាម​ជា​ម្ចាស់​ក្បាច់​គុន កម្ពុជា​រំពឹង​ទទួល​បាន​មេដាយ​មាស​ច្រើន​គ្រឿង។

គុន​ល្បក្កតោ

សហព័ន្ធ​កីឡា​គុន​ល្បុក្កតោ​កម្ពុជា​​បាន​​​ដាក់​​២១​វិញ្ញាសា​សម្រាប់​កីឡា​ស៊ីហ្គេម ហើយ​សហព័ន្ធ​បាន​ត្រៀម​​កីឡាករ កីឡាការិនី​២៨​នាក់។ តាម​សន្ទស្សន៍​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​ប្រកួត​កីឡា​ស៊ីហ្គេម (CAMSOC) បាន​ដាក់​ទិស​ដៅ​ស្វែង​រក​មេដាយ​​មាស​​​៥​គ្រឿង ដូច្នេះ​ក្នុងនាម​ជា​ម្ចាស់​ក្បាច់​គុន កម្ពុជា​អាច​នឹង​ទទួល​បាន​មេដាយ​មាស​ច្រើន​ជាង​នេះ ស្រប​ពេល​ការ​ប្រកួត​ល្បុក្កតោ​ជើង​ឯក​អាស៊ាន​ ឆ្នាំ​២០២៣ កម្ពុជាឈ្នះ​មេដាយ​មាស​១១​គ្រឿង ប្រាក់១០ និង​សំរឹទ្ធ​១២ សរុប​៣៣​គ្រឿង ឈរ​លេខ​១​ក្នុង​ចំណោម​៤​ប្រទេស​ចូល​រួម​ប្រកួត។

វ៉ូវីណាម

ក្រុមកីឡា​វ៉ូវីណាម​​កម្ពុជា​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ក្រុម​ខ្លាំង​មួយ​នៅ​លើ​ពិភព​លោក​សម្រាប់​កីឡា​ក្បាច់​គុន​របស់​ប្រទេស​វៀតណាម។ ម្ចាស់​ផ្ទះ​កម្ពុជា​បាន​ដាក់​គោល​ដៅ​ស្វែង​រក​មេដាយ​មាស​៩​គ្រឿង​​ក្នុង​កីឡា​ស៊ីហ្គេម លើក​ទី​៣២។ ការ​ដាក់​គោល​ដៅ​នេះ​អាច​នឹង​សម្រេច​តាម​ផែន​ការ ស្រប​ពេល​ការ​ប្រកួត​វ៉ូវីណាម​ជើងឯក​អាស៊ាន ឆ្នាំ​២០២៣ កាល​ពី​ចុង​ខែមីនា​កន្លង​ទៅ​នេះ ក្រុម​វ៉ូវីណាម​កម្ពុជាឈ្នះ​មេដាយ​មាស​​១០​​ ប្រាក់​៩ និង​សំរឹទ្ធ​១០​ សរុប​២៩​គ្រឿង ឈរ​ចំណាត់​ថ្នាក់​លេខ​​១ ក្នុង​ចំណោម​​ប្រទេស៧ចូល​រួម​ប្រកួត។

ប៉េតង់

ក្នុង​រយៈ​ពេល​ប្រមាណ​១០​ឆ្នាំ​ចុង​ក្រោយ​នេះ ពិភព​លោក​បាន​ភ្ញាក់​ផ្អើល​នឹង​ភាព​ខ្លាំង​របស់​​កីឡាប៉េតង់​​កម្ពុជា។ ​ប៉េតង់​កម្ពុជា​តែង​តែ​ធ្វើ​បាន​ល្អ​ក្នុង​ការ​ប្រកួត​ជើង​ឯក​ពិភព​លោក និង​ជើង​អាស៊ី។ ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ​ស៊ីហ្គេម កម្ពុជា​ក៏​បាន​ដាក់​វិញ្ញាសា​ជា​ច្រើន​សម្រាប់​កីឡា​ប៉េតង់ ដូច្នេះ​រំពឹង​គិត​ថា នឹង​ទទួល​បាន​មេដាយ​មាស​ច្រើន​គ្រឿង។  

អុកចត្រង្គ

អុកចត្រង្គ ជាកីឡាប្រពៃណីរបស់កម្ពុជា បង្ហាញខ្លួនលើកដំបូងក្នុង​កីឡាស៊ីហ្គេម ស្ថិតក្នុងចំណោមប្រភេទកីឡាអុក ដែល​បែងចែកជាពីរ គឺអុកចត្រង្គ និងអុកចិន (Xiangqi)។ តាម​ការ​ឲ្យ​ដឹង​ពី​សហព័ន្ធ​កីឡា​អុកចត្រង្គ​កម្ពុជា​គឺដាក់​៦​វិញ្ញាសា​ក្នុង​កីឡា​ស៊ីហ្គេម ដូច្នេះ​ក្នុង​នាម​ជា​ម្ចាស់​ក្បាច់​គុន​ប្រពៃណី កម្ពុជា​រក​បានមេដាយ​មាស​​ច្រើន​គ្រឿង។ កាល​ពី​ខែ​មករា ឆ្នាំ​២០២៣​នេះ កម្ពុជា​ឈ្នះ​មេដាយ​ច្រើន​ជាង​គេ​ពី​ការ​ប្រកួតកីឡាអុកចត្រង្គ​ឯកអាស៊ីអាគ្នេយ៍ លើកទី១ ឆ្នាំ២០២៣ (SEA OUK CHAKTRANG Championship 2023)​គឺមាស៣​គ្រឿង ប្រាក់៣​គ្រឿង និង​សំរឹទ្ធ​២​គ្រឿង សរុប​៨​គ្រឿង៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម