កីឡា
លោក ខូវ ឆាយ៖«បិទ Leduc តែឡើងសង្វៀន តែស្វាគមន៍ការរកស៊ីនៅកម្ពុជា»
លោក ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរស្វាគមន៍ជានិច្ច និងអរគុណដែលកីឡាករកាណាដា-មីយ៉ាន់ម៉ា Dave Leduc មករស់នៅ ក៏ដូចជាបើកអាជីវកម្មនៅក្នុងប្រទេសកម្ពុជា ប៉ុន្តែលោកមិនអនុញ្ញាតឲ្យឡើងប្រកួតគុនខ្មែរនៅលើទឹកដីប្រទេសកម្ពុជាឡើយ។

លោកប្រធានសហព័ន្ធគុនខ្មែរបានប្រាប់សារព័ត៌មាន«កម្ពុជាថ្មី»ថា ៖«ខ្ញុំអត់មានអីត្រូវជួបជាមួយគាត់ទេ។ គាត់មានសិទ្ធិនិយាយអ្វីក៏និយាយទៅគឺជាសិទ្ធិរបស់គាត់។ ធម្មតាមនុស្សមិនដែលទទួលស្គាល់កំហុសខ្លួនទេ។ ក្នុងនាមខ្ញុំជាប្រធានសហព័ន្ធ និងជាពលរដ្ឋម្នាក់ ខ្ញុំស្វាគមន៍ដែលគាត់មករស់នៅកម្ពុជា។ ខ្ញុំស្វាគមន៍គាត់មករកស៊ីនៅកម្ពុជា។ គាត់មានសិទ្ធិសេរីភាពគ្រប់គ្រាន់ក្នុងនាមជាជនបរទេសដែលមកស្នាក់នៅកម្ពុជា គោរពតាមច្បាប់កម្ពុជា»។
«ប៉ុន្តែគ្រាន់តែមិនស្វាគមន៍គាត់ក្នុងការឡើងប្រកួត ពីព្រោះសហព័ន្ធនឹងមិនធ្វើការជាមួយគាត់ទេ ដោយសារតែយើងមិនមានការជឿជាក់លើគាត់។ យើងនឹងមិនប្រថុយក្នុងការធ្វើការជាមួយគាត់ទេ។ បើដៃគូណាដែលយើងមិនជឿជាក់ហើយ តើយើងត្រូវប្រថុយធ្វើការជាមួយមិចកើត ក្រែងមានហានិភ័យ»។ លោក ខូវ ឆាយ បានរៀបរាប់។

លោកបានសង្កត់ធ្ងន់ថា ៖«ក្នុងនាមខ្ញុំជាថ្នាក់ដឹកនាំសហព័ន្ធ យើងនឹងមិនអញ្ជើញគាត់ទៅចូលរួមប្រកួតទេ ព្រោះយើងមិនមានការជឿទុកចិត្តក្នុងការអនុវត្តការងាររបស់គាត់។ សម្រាប់ការងាររកស៊ីរបស់គាត់នៅកម្ពុជា យើងអត់មានសិទ្ធិអ្វីទៅប៉ះពាល់ជាមួយគាត់ទេ។ ក្នុងនាមយើងជាពលរដ្ឋខ្មែរមានតែរីករាយ ស្វាគមន៍ និងអរគុណដែលគាត់បានមករស់នៅធ្វើវីនិយោគនៅកម្ពុជា។ ប៉ុន្តែបើគាត់ចង់ឡើងសង្វៀនគឺអត់រៀបចំឲ្យគាត់ទេ»។
ការបិទកីឡាករកាណាដា-មីយ៉ាន់ម៉ា Dave Leduc ឡើងប្រកួតគុនខ្មែររបស់លោក ខូវ ឆាយ ក្នុងនាមជាប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរបានកើតឡើងកាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៤ ដោយសារតែថ្នាក់ដឹកនាំសហព័ន្ធមិនជឿទុកចិត្តលើជនបរទេសម្នាក់នេះ។

នៅពេលប្រកួតជាមួយ ព្រុំ សំណាង កាលពីចុងឆ្នាំ២០២៣ Dave Leduc បានធ្វើឲ្យសហព័ន្ធមិនមានជំនឿចិត្តគឺការផ្លាស់ប្តូរគោលការណ៍ពីការប្រើហ្គង់ដៃទៅជារុំអំបោះឆៅវិញនៅពេលការប្រកួតចាប់ផ្តើម ខណៈពីដំបូងមកដាក់លក្ខខណ្ឌប្រើហ្គង់ដៃ។ បន្ទាប់មក រូបគេតែងតែចេញសារពីភាពខ្លាំងរបស់ខ្លួនថាជាស្តេចប្រដាល់ មើលស្រាលលើកីឡាករ ធឿន ធារ៉ា មិនសមនឹងប្រកួតជាមួយខ្លួន ពាក់អាវដែលមានសុទ្ធតែរូបរបស់ ព្រុំ សំណាង ដែលរូបគេចាត់ទុកជាជនរងគ្រោះរបស់ខ្លួនចុងក្រោយបំផុត ហើយកាលពីពេលថ្មីៗនេះ រូបគេបានទារតម្លៃខ្លួន១លានដុល្លារដើម្បីឡើងប្រកួតផ្តួលកីឡាករថៃជាដើម។
ទោះបីជាយ៉ាងណា Dave Leduc បានបដិសេធ និងបញ្ជាក់ថា ខ្លួនឡើងសង្វៀនប្រកួតគឺប្រើអំបោះឆៅតាំងពីដើមរហូតមក។ ការប្រកួតជាមួយ ព្រុំ សំណាង លោកមិនបានផ្លាស់ប្តូរគោលការណ៍ទេគឺគោលការណ៍ប្រើអំបោះឆៅនិយាយគ្នាតាំងពីដំបូង។ កាលពីម្សិលមិញគឺថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ លោកបានធ្វើសន្និសីទសារព័ត៌មានដោយបញ្ជាក់ថា ការផ្សព្វផ្សាយខ្លួនឯង និងផ្សព្វផ្សាយគុនខ្មែរខុសដែរមែន៕

អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
សេដ្ឋវិទូ៖ សេដ្ឋកិច្ចថៃប្រឈមហានិភ័យធ្លាក់ចូលក្នុងវិបត្តិបរិត្តផរណា
-
នយោបាយ៣ ថ្ងៃ ago
រយៈពេលមិនដល់១២ម៉ោងកម្ពុជាទះថៃ៣កំផ្លៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
សហព័ន្ធឧស្សាហកម្មថៃ៖ ការបិទព្រំដែនជាមួយកម្ពុជា ប៉ះពាល់ដល់ការនាំចេញថៃ ៥,២ ប៊ីលានដុល្លារ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! អ៊ីស្រាអែល វាយប្រហារអ៊ីរ៉ង់ហើយ! សង្គ្រាមធំអាចផ្ទុះឡើង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងទទួលរងឥទ្ធិពលព្យុះទី១ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៣មិថុនា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មហាសំណាង! មនុស្សម្នាក់គត់នៅរស់ពីការធ្លាក់យន្តហោះឥណ្ឌា ដោយសារលោតចុះតាមច្រកចេញអាសន្ន
-
នយោបាយ៣ ថ្ងៃ ago
សម្ដេចតេជោប្រាប់ទៅរដ្ឋាភិបាលត្រៀមផ្ទុះអាវុធគ្រប់ពេលដែលថៃឈ្លានពាន