កីឡា
កម្ពុជានឹងបង្កើត«ងាស្តេចយុទ្ធគុនបុរាណខ្មែរ»រយៈពេល១០ឆ្នាំម្តង
គណៈកម្មការចំពោះកិច្ចរៀបចំព្រឹត្តិការណ៍ប្រកួតកីឡា«យុទ្ធគុនចម្រុះបរាណខ្មែរពានរង្វាន់សម្តេចធិបតី»នឹងស្នើសុំទៅរាជរដ្ឋាភិបាលកម្ពុជាដើម្បីបង្កើត«ងាស្តេចប្រដាល់យុទ្ធគុនបុរាណខ្មែរ»ជាផ្លូវការដែលមានរយៈពេល១០ឆ្នាំម្តង។
នេះបើតាមការឲ្យដឹងពីលោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជានៅក្នុងសន្និសីទសារព័ត៌មានលើកទី២ស្តីពីការប្រកួត«យុទ្ធគុនចម្រុះបរាណខ្មែរពានរង្វាន់សម្តេចធិបតី» នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។

លោក វ៉ាត់ ចំរើន បានឲ្យដឹងថា ៖«ត្រៀមលក្ខណៈបច្ចេកទេសនឹងស្នើសុំសម្តេចមហាបវរធិបតីដើម្បីបង្កើតឲ្យមានងាស្តេចយុទ្ធគុនបុរាណរបស់ខ្មែរយើងរយៈពេល១០ឆ្នាំម្តង។ ក្នុងរយៈពេល១០ឆ្នាំម្តងនឹងមានស្តេចយុទ្ធគុនបុរាណខ្មែរយើងម្នាក់ដែលយើងត្រូវលើកតម្កើងជាទូតសុច្ឆន្ទៈរបស់យុទ្ធគុនបុរាណខ្មែរយើង»។
«នេះជារឿងសំខាន់មួយដែលយើងទាំងអស់គ្នាចង់បានឲ្យមានបុគ្គលគំរូដែលមានលក្ខណៈពិសេស ហើយជួយជ្រោមជ្រែង ជំរុញយុទ្ធគុនរបស់ដូនតាខ្មែរយើង ជំរុញលើការអភិរក្ស និងអភិវឌ្ឍសិល្បៈក្បាច់បុរាណយើងកាន់តែផុសផល កាន់តែរីកចម្រើន»។ លោកបានបន្ថែម។

លោក វ៉ាត់ ចំរើន បានបញ្ជាក់ថា លក្ខខណ្ឌវិនិច្ឆ័យទៅលើស្តេចយុទ្ធគុនបុរាណខ្មែរដែលមានរយៈពេល១០ឆ្នាំម្តងនេះគឺផ្តោតលើកត្តាសំខាន់មួយចំនួន។ អត្តពលិកនោះត្រូវតែមានសមត្ថភាព និងបច្ចេកទេសខ្ពស់, ត្រូវមានសមិទ្ធផលទាំងខ្លួនផ្ទាល់ខ្លួន និងជូនជាតិ ត្រូវមានកេរ្តិ៍ឈ្មោះល្បី និងមានប្រជាប្រិយភាព ទទួលបានការស្រឡាញ់ពេចិត្តពីមហាជនដែលអាចផ្សព្វផ្សាយយុទ្ធគុនបុរាណខ្មែរទាំងក្នុងស្រុក និងក្រៅប្រទេស។ ក្រោយពេលក្លាយជាស្តេចយុទ្ធគុនបុរាណខ្មែរ អត្តពលិកនោះត្រូវមានក្រមសីលធម៌ គុណធម៌ សុជីវធម៌ដើម្បីក្លាយជាបុគ្គលគំរូក្នុងជីវិតប្រចាំថ្ងៃ។
រាជរដ្ឋាភិបាលកម្ពុជាបានបង្កើតគណៈកម្មការចំពោះកិច្ចមួយដើម្បីរៀបចំការប្រកួតការប្រកួតកីឡាយុទ្ធគុនបុរាណខ្មែរពានរង្វាន់«សម្តេចធិបតី» លើកទី១ ឆ្នាំ២០២៤ នៅថ្ងៃទី១៨-១៩-២០ ខែតុលា នៅរាជធានីភ្នំពេញក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក។

ការប្រកួត«យុទ្ធគុនចម្រុះបរាណខ្មែរពានរង្វាន់សម្តេចធិបតី»ក្រោមប្រធានបទ «រួមគ្នាអភិរក្ស ដើម្បីអភិវឌ្ឍយុទ្ធគុនដូនតាខ្មែរ»នឹងមានកីឡាដែលជាអត្តសញ្ញាណជាតិខ្មែរជាច្រើនដូចជា គុនល្បុក្កតោ យុទ្ធក្រមខម គុនខ្មែរ គុនចម្រុះ គុនចំបាប់ ខ្លាក្រាប ក្រពើហា ស្រង៉ែពែន និង ក្បាច់គុនកងយោធពលខេមរភូមិន្ទជាដើម។ ការប្រកួតនេះនឹងច្បាប់ និងលក្ខន្តិកៈថ្មីដែលមានគោលបំណងធំបំផុតគឺដើម្បីចងក្រង អភិរក្ស និងអភិវឌ្ឍ យុទ្ធគុនចម្រុះបុរាណខ្មែរឲ្យមានច្បាប់ទម្លាប់ បច្ចេកទេស លក្ខន្តិកៈ និងគោលការណ៍ច្បាស់លាស់សម្រាប់ខ្មែរជំនាន់ក្រោយបានស្គាល់ និងឈានទៅរកការរីកចម្រើនលើឆាកអន្តរជាតិ។
សម្រាប់ប្រាក់រង្វាន់ការប្រកួតកម្រិតអាជីពទាំងវិញ្ញាសាប្រយុទ្ធ និងវិញ្ញាសាសម្តែង ជ័យលាភីមេដាយមាស ទទួលបាន៣០០០ដុល្លារ មេដាយប្រាក់២០០០ដុល្លារ និងមេដាយសំរិទ្ធ១០០០ដុល្លារ។ ចំណែកការប្រកួតកម្រិតមិនអាជីពទាំងវិញ្ញាសាប្រយុទ្ធ និងវិញ្ញាសាសម្តែង ជ័យលាភីមេដាយមាស ទទួលបាន២៥០០ដុល្លារ មេដាយប្រាក់២០០០ដុល្លារ និងមេដាយសំរិទ្ធ១០០០ដុល្លារ។

មិនត្រឹមតែប៉ុណ្ណោះ នឹងមានពានរង្វាន់អត្តពលិកឆ្នើម តាមវិញ្ញាសានីមួយៗថែមទៀតដែលនឹងទទួលបានរង្វាន់ម៉ូតូថ្មី១គ្រឿងស្មើនឹងតម្លៃ៣ពាន់ដុល្លារ។ ទាំងពិធីបើក-បិទ នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពីសម្តេចធិបតីនាយករដ្ឋមន្ត្រីនៃកម្ពុជា៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


