កីឡា
ធឿន ធារ៉ា អាចនឹងប៉ះ ឈឿង ល្វៃ ក្នុងព្រឹត្តិការណ៍យុទ្ធគុនចម្រុះបុរាណខ្មែរ
កីឡាករប្រដាល់គុនខ្មែរលំដាប់លេខ១ ធឿន ធារ៉ា អាចនឹងប៉ះជើងខ្លាំង ឈឿង ល្វៃ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាយុទ្ធគុនចម្រុះបុរាណខ្មែរពានរង្វាន់សម្តេចធិបតី ក្រោមមូលបទ «រួមគ្នាអភិរក្ស ដើម្បីអភិវឌ្ឍយុទ្ធគុនដូនតាខ្មែរ»។

លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាមានប្រសាសន៍នៅក្នុងសន្និសីទសារព័ត៌មានលើកទី២កាលពីព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ ថា ការប្រកួតយុទ្ធគុនចម្រុះបុរាណខ្មែរពានរង្វាន់សម្តេចធិបតី មានការប្រកួតអាជីព និងមិនអាជីព (ស្ម័គ្រចិត្ត) ដែលមានវិញ្ញាសាប្រយុទ្ធ និងវិញ្ញាសាសម្តែង។
លោកបានឲ្យដឹងថា ៖«សម្រាប់វិញ្ញាសាប្រយុទ្ធអាជីព ទម្ងន់៧៥គីឡូក្រាម យើងនឹងប្រមូលផ្តុំកីឡាករប្រដាល់អាជីពដែលមានប្រជាប្រិយភាពខ្លាំង។ យើងរង់ចាំមើលកីឡាករគុនខ្មែររបស់យើងដែលស្ថិតក្រោមការគ្រប់គ្រងរបស់ឯកឧត្តម ខូវ ឆាយ ជាប្រធានសហព័ន្ធគុនខ្មែរ។ អីចឹងខ្ញុំសូមប្រកាសជូនថា ធឿន ធារ៉ា កម្របានជួប ឈឿង ល្វៃ អីចឹងពេលនេះប្រហែលជាបានជួបគ្នាហើយ។ អ្នកខ្លាំងទាំងពីរនេះកម្របានជួបគ្នាណាស់។ ពួកគេភាគច្រើនប្រកួតជាមួយកីឡាករបរទេស ដូច្នេះជើងខ្លាំងទាំងពីរនេះប៉ះគ្នា»។
ប្រវត្តិជួបគ្នាកន្លងមក ឈឿង ល្វៃ មិនធ្លាប់យកឈ្នះ ធឿន ធារ៉ា ទេ ប៉ុន្តែជាការប្រកួតគុនខ្មែរ ខណៈការប្រកួតកីឡាយុទ្ធគុនចម្រុះបុរាណខ្មែរមិនមែនជាការប្រកួតគុនខ្មែរទេ។ ការប្រកួតនេះប្រើច្បាប់ និងលក្ខន្តិកៈថ្មី ក្នុងនោះការប្រកួតមានតែ២ទឹកប៉ុណ្ណោះ ហើយ១ទឹកមាន២នាទី។

គោលបំណងសំខាន់នៃការបង្កើតឲ្យច្បាប់ និងលក្ខន្តិកៈថ្មីនេះដើម្បីជំរុញឲ្យក្លាយជាកីឡាមានលក្ខណៈស្តង់ដាចូលទៅក្នុងក្របខណ្ឌកីឡាទ្វីបអាស៊ី និងកីឡាអូឡាំពិក។ ការប្រកួតនេះទាមទារបច្ចេកទេស និងផ្តោតលើការឈ្នះពិន្ទុ មិនសូវគ្រោះថ្នាក់ ជាជាងការប្រកួតយកឈ្នះ ឬចាញ់ដោយដៃគូសន្លប់។ ជាពិសេសដើម្បីជំរុញលើការអភិរក្ស និងអភិវឌ្ឍក្បាច់គុនដូនតាខ្មែរឲ្យមានក្បួនច្បាប់ច្បាស់លាស។
ហេតុដូច្នេះហើយទើបបានជាគណៈកម្មការចំពោះកិច្ចសម្រាប់រៀបចំការប្រកួតយុទ្ធគុនចម្រុះបុរាណខ្មែរត្រៀមស្នើទៅរាជរដ្ឋាភិបាលកម្ពុជាដើម្បីបង្កើតងា«ស្តេចយុទ្ធគុនចម្រុះបុរាណខ្មែរ»ដើម្បីឲ្យអត្តពលិកយុទ្ធគុនចម្រុះបុរាណខ្មែរកាន់តែមានតម្លៃ។
លោក វ៉ាត់ ចំរើន បានឲ្យដឹងថា ៖«ត្រៀមលក្ខណៈបច្ចេកទេសនឹងស្នើសុំសម្តេចមហាបវរធិបតីដើម្បីបង្កើតឲ្យមានងាស្តេចយុទ្ធគុនបុរាណរបស់ខ្មែរយើងរយៈពេល១០ឆ្នាំម្តង។ ក្នុងរយៈពេល១០ឆ្នាំម្តងនឹងមានស្តេចយុទ្ធគុនបុរាណខ្មែរយើងម្នាក់ដែលយើងត្រូវលើកតម្កើងជាទូតសុច្ឆន្ទៈរបស់យុទ្ធគុនបុរាណខ្មែរយើង»។

«នេះជារឿងសំខាន់មួយដែលយើងទាំងអស់គ្នាចង់បានឲ្យមានបុគ្គលគំរូដែលមានលក្ខណៈពិសេស ហើយជួយជ្រោមជ្រែង ជំរុញយុទ្ធគុនរបស់ដូនតាខ្មែរយើង ជំរុញលើការអភិរក្ស និងអភិវឌ្ឍសិល្បៈក្បាច់បុរាណយើងកាន់តែផុសផល កាន់តែរីកចម្រើន»។ លោកបានបន្ថែម។
សម្រាប់ប្រាក់រង្វាន់ការប្រកួតកម្រិតអាជីពទាំងវិញ្ញាសាប្រយុទ្ធ និងវិញ្ញាសាសម្តែង ជ័យលាភីមេដាយមាស ទទួលបាន៣០០០ដុល្លារ មេដាយប្រាក់២០០០ដុល្លារ និងមេដាយសំរិទ្ធ១០០០ដុល្លារ។ ចំណែកការប្រកួតកម្រិតមិនអាជីពទាំងវិញ្ញាសាប្រយុទ្ធ និងវិញ្ញាសាសម្តែង ជ័យលាភីមេដាយមាស ទទួលបាន២៥០០ដុល្លារ មេដាយប្រាក់២០០០ដុល្លារ និងមេដាយសំរិទ្ធ១០០០ដុល្លារ៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


