កីឡា
ម្ចាស់មេដាយមាសស៊ីហ្គេម ម៉ែន សុផានិត ក្លាយជា BA ក្លិប Lux98 Billiard មានសម្ភារៈហ្វឹកហាត់ទំនើប
កីឡាករស្នូកឃ័រជម្រើសជាតិកម្ពុជា ម៉ែន សុផានិត បានក្លាយជាតំណាងផ្សព្វផ្សាយ (BA) របស់ក្លិបកីឡាស្នូកឃ័រ និងប៊ីយ៉ា Lux98 Billiard ដែលជាមានសម្ភារៈហ្វឹកហាត់ទំនើបកម្រិតស្តង់ដាអន្តរជាតិ។

កាលពីរសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ ក្នុងសន្និសីទសារព័ត៌មានស្តីពីការចុះហត្ថលេខាជាមួយកីឡាករ កញ្ញា ហេង ចាង នាយកគ្រប់គ្រងក្លិប Lux98 Billiard បានលើកឡើងថា គោលដៅសំខាន់ចំនួន៣ដែលជ្រើសរើសយកកីឡាករជម្រើសជាតិ ម៉ែន សុផានិត ជាតំណាងផ្សព្វផ្សាយឲ្យក្លិប។ ទី១. ផ្តល់ឲ្យកីឡាករទទួលបានទីកន្លែងហ្វឹកហាត់ពេញជាមួយសម្ភារៈទំនើប និងស្តង់ដាអន្តរជាតិ។ ការផ្តល់ជូននេះគឺដើម្បីអភិវឌ្ឍ ដុសខាត និងសម្រួចសមត្ថភាពសម្រាប់ត្រៀមការប្រកួតទាំងក្នុងស្រុក និងក្រៅប្រទេស។ ជាពិសេស ក្លិបទើបតែបាននាំចូលតាបប៊ីយ៉ា Legend Billiard ថ្មីទំនើបផ្តល់ឲ្យកីឡាករហ្វឹកហាត់ដិតដល់ស្របតាមស្តង់ដាអន្តរជាតិ។

ទី២. ក្រៅពីការហ្វឹកហាត់ផ្ទាល់ខ្លួន កីឡាករ ម៉ែន សុផានិត ក៏នឹងជួយបណ្តុះបណ្តាលថ្នាលយុវជនជំនាន់ក្រោយដែលមានចំណង់ចំណូលចិត្តក្លាយជាអត្តពលិកអាជីព។ យុវជនទាំងនៅរាជធានីភ្នំពេញ និងមកតាមពីបណ្តាខេត្តនានា ប្រសិនបើចង់ហ្វឹកហាត់កីឡាស្នូកឃ័រ និងប៊ីយ៉ាក្លាយជាអាជីពគឺអាចមកហ្វឹកហាត់នៅក្លិបរបស់កញ្ញាបាន។ ក្លិបផ្តល់ជូនគ្រូបង្ហាត់ និងទីកន្លែងហ្វឹកហាត់ដោយឥតគិតថ្លៃ ប៉ុន្តែការចំណាយផ្សេងៗទទួលខុសត្រូវដោយខ្លួនឯង។
ទី៣. កីឡាករ ម៉ែន សុផានិត នឹងមានបេសកកម្មផ្សព្វផ្សាយពីកីឡាស្នូកឃ័រ និងប៊ីយ៉ានៅក្នុងប្រទេសកម្ពុជាតាមរយៈក្លិប Lux98 Billiard ដែលមានតាបប៊ីយ៉ា Legend Billiard ឲ្យយុវជនបានស្គាល់ ដឹង និងចាប់អារម្មណ៍លេងកីឡានេះ។
កញ្ញា ហេង ចាង សង្ឃឹមថា តាមរយៈកិច្ចសហប្រតិបត្តិការនេះ វិស័យកីឡាស្នូកឃ័រ និងប៊ីយ៉ាកម្ពុជានឹងកាន់តែរីកចម្រើនខ្លាំងឡើងដើម្បីប្រកួតប្រជែងលើឆាកអន្តរជាតិ និងនាំមេដាយជូនជាតិ។

ជាមួយគ្នានេះ កីឡាករ ម៉ែន សុផានិត បានបង្ហាញអារម្មណ៍សប្បាយរីករាយដែលទទួលបានការងារដ៏សំខាន់ដែលរួមចំណែកជួយដល់វិស័យកីឡាស្នូកឃ័រ និងប៊ីយ៉ា។ កាលពីមុនលោកហ្វឹកហាត់នៅតាបប៊ីយ៉ាមិនសូវត្រូវតាមកម្រិតស្តង់ដាអន្តរជាតិ ដូច្នេះនៅពេលចេញទៅប្រកួតនៅក្រៅប្រទេសដែលមានតាបទំនើបស្តង់ដាគឺបានធ្វើឲ្យលោកហាក់ដូចជាថ្មីប្លែក។
លោកបាននិយាយថា ៖«ពេលខ្ញុំក្លាយជា BA ឲ្យក្លិប Lux98 Billiard ដែលមានសម្ភារៈហ្វឹកហាត់ទំនើបត្រូវតាមស្តង់ដាគឺធ្វើឲ្យសមត្ថភាពរបស់ខ្ញុំកាន់តែរីកចម្រើន។ ជាពិសេសពេលចេញទៅប្រកួតនៅក្រៅប្រទេសគឺអាចផ្តល់ឲ្យខ្ញុំមានទំនុកចិត្តក្នុងការលេងនៅលើតាបដែលយើងហ្វឹកហាត់រាល់ថ្ងៃ។ ខ្ញុំពិតជាអរគុណណាស់ដែលក្លិបបានផ្តល់តម្លៃដល់ខ្ញុំក្នុងនាមជាកីឡាករអាជីពម្នាក់នៅកម្ពុជា»។

សូមបញ្ជាក់ថា កីឡាករ ម៉ែន សុផានិត បានឈ្នះមេដាយ២គ្រឿងគឺមាស១ និងសំរិទ្ធ១ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ លោកបានឈ្នះមេដាយមាសលើវិញ្ញាសាគូបុរស Men’s Snooker Doubles និងមេដាយសំរិទ្ធ លើវិញ្ញាសាបុរសឯកត្តជន Men’s Snooker Singles។ កីឡាករក៏បានឈ្នះមេដាយមាស ប្រាក់ និងសំរិទ្ធពីការប្រកួតក្នុងស្រុក និងក្រៅប្រទេសជាច្រើន។ សមិទ្ធផល និងស្នាដៃជូនជាតិទាំងនេះហើយទើបបានជាក្លិប Lux98 Billard ផ្តល់តម្លៃ និងជ្រើសរើសលោកធ្វើជាតំណាងផ្សព្វផ្សាយរបស់ខ្លួនដើម្បីជាគំរូដល់យុវជនជំនាន់ក្រោយ៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


