Connect with us

កីឡា

កីឡាករ​ ស៊ន​ រ៉ាគីម​ ចូល​ហ្វឹកហាត់​សាក​ឡើង​វិញ​ ប៉ុន្តែ​អាការៈ​របួស​នៅ​ឈឺ​

បានផុស

នៅ

កីឡាករ​ ស៊ន​ រ៉ាគីម​ ថា​រូប​គេ​បាន​សាក​ចូល​ហ្វឹកហាត់​ឡើង​វិញ​ ប៉ុន្តែ​នៅ​ឈឺ​របួស​នៅ​ឡើយ​ទេ​នឹង​ជួប​ពេទ្យ​ពិនិត្យ​ជា​ថ្មី​ទៀត​ដើម្បី​ដឹង​ពី​ស្ថានភាព​របួស​ត្រូវ​សម្រាក​ ឬ​អាច​ចូល​ហ្វឹកហាត់​វិញ​នៅ​ពេល​ណា។​

កីឡាករ ស៊ន​ រ៉ាគីម​

នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​កីឡាករ​ ស៊ន​ រ៉ាគីម​ នៅ​មុន​នេះ​ថា​ បន្ទាប់​ពី​សម្រាក​ព្យាបាល​របួស​បាក់​ជើង​ និង​ប្រេះ​ដៃ​តាំង​ពី​អំឡុង​ខែ​មករា​រួច​មក​រូប​គេ​ក៏​សាក​ចូល​ហ្វឹកហាត់​វិញ​ខ្លះៗ​ ប៉ុន្តែ​អាការៈ​នៅ​ឈឺ​​ចាប់​ជើង​នៅ​ឡើយ​ទេ​បើ​ទោះ​ជា​ហ្វឹកហាត់​វាយ​ដៃ​ស្រាលៗ​ក៏​ដោយ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កីឡាករ ស៊ន​ រ៉ាគីម​ និងកូន

អ្នក​ប្រដាល់​​ខេត្ត​បាត់ដំបង​រូប​នេះ​បន្ថែម​ទៀត​ថា​ ស្អែក​នេះ​នឹង​ទៅ​ជួប​ពេទ្យ​ម្ដង​ទៀត​ដើម្បី​បញ្ជាក់​ពី​អាការៈ​ឈឺ​នេះ​ឲ្យ​ច្បាស់​ដើម្បី​ដឹង​ថា​ត្រូវ​សម្រាក​ប៉ុន្មាន​ខែ​ទៀត​ ឬ​អាច​ចាប់​ផ្ដើម​ហាត់​វិញ​នៅ​ពេល​ណា​ជា​ដើម។​ រ៉ាគីម​ ឲ្យ​ដឹង​ទៀត​ថា​ នៅ​ពេល​មេឃ​ត្រជាក់​គឺ​ចាប់​អួល​ៗ​ដៃ​។​ បច្ចុប្បន្ន​រូប​គេ​នៅ​តែ​បន្ត​ញុំ​ថ្នាំ​វីតាមីន​ និង​ទឹកដោះគោ​ ជា​រៀងរាល់​ថ្ងៃ​ដើម្បី​ព្យាបាល​របួស​ឆ្អឹង​នេះ​ឲ្យ​ឆាប់​ជា​សះស្បើយ​ឡើង​វិញ​ឆាប់​ៗ​។​

កីឡាករ ស៊ន​ រ៉ាគីម​

កូន​សិស្ស​លោក​ ឈុត​ សេរី​ រូប​នេះ​បន្ថែម​ទៀត​ថា​ រូប​គេ​ចង់​ឲ្យ​ឆាប់​ជា​ឡើង​វិញ​ដើម្បី​បាន​ចូល​ហ្វឹកហាត់​ ឬ​ប្រកួត​ ព្រោះ​តែ​ការ​ចំណាយ​ច្រើន​ក្នុង​ក្រុម​គ្រួសារ​ ខណៈ​ចំណូល​ទាំង​ស្រុក​គឺ​ពឹងផ្អែក​លើ​ខ្លួន​តែ​ម្នាក់​គត់។​ ដូច្នេះ​បើ​មិន​បាន​ឡើង​ប្រកួត​បែប​នេះ​ការ​រ៉ាប់រង​ផ្សេងៗ​ក្នុង​គ្រួសារ​ក៏​ជួប​ការ​លំបាក​ដែរ។​ ស្រប​ពេល​ថ្លៃ​ទឹកដោះគោ​ ថ្នាំ​វីតាមីន​ ក្នុង​មួយ​ខែៗ​រូប​គេ​ចំណាយ​ខ្ទង់​ ៣០០​ដុល្លារ​ឯណោះ។​

បញ្ជាក់​ដែរ​ថា​ ស៊ន​ រ៉ាគីម​ ជា​អ្នក​ប្រដាល់​នៅ​ក្លឹប​រ៉ាហ៊ូ​ខេត្ត​បាត់ដំបង​ និង​​ជា​កូន​សិស្ស​លោក​ ឈុត​ សេរី។​ រូប​គេ​របួស​បាក់​ឆ្អឹង​តូច​ជើង​ស្ដាំ​ និង​ប្រេះ ចំណែក​ដៃវិញគឺ​ស្រាំ​ ក្នុង​ការ​ប្រកួត​ផ្ដាច់ព្រ័ត្រ​ដណ្ដើម​ឡាន​ជា​មួយ​កីឡាករ​ ពុទ្ធ សំបូរ​ កាល​ពី​ថ្ងៃ​ទី១៨​ ខែ​ឧសភា​ ឆ្នាំ​២០២៥ ៕​ ​

អត្ថបទដោយ៖ នួន ស៊ីណា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម