Connect with us

កីឡា

ព្រះ​ខ័ន​រាជ​ស្វាយរៀង ជួយ​ក្លិប​កម្ពុជា​ ទទួលបានកៅអីពាន​អាស៊ី​ទី​២​ ​រដូវ​កាល​ក្រោយ​មួយ​ទៀត

បានផុស

នៅ

កំណត់​ត្រា​ជា​ប្រវត្តិ​សាស្ត្រ​លើក​ដំបូង​សម្រាប់​ក្លិប​បាល់ទាត់​កម្ពុជា​​ទទួល​បាន​កៅអី​ប្រកួត​ក្នុង​ពាន​រង្វាន់​ក្លិប​អាស៊ីកម្រិត​ទី​២ AFC Champions League Two បន្ទាប់​ពី​ ក្លិប​ព្រះ​ខ័ន​រាជ​ស្វាយរៀង ធ្វើ​បាន​ល្អ​ក្នុង​ពាន​រង្វាន់​លំដាប់​ទី​៣ AFC Challenge League រដូវ​កាល​២០២៤-២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ឈាន​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ AFC Challenge League របស់​ព្រះ​ខ័ន​រាជ​ស្វាយរៀង ​បាន​ផ្តល់​ឲ្យ​ ក្លិប​កម្ពុជា​ទទួល​បាន​១​កៅ​អី​កន្លះ​​ក្នុង​ពាន​រង្វាន់ AFC Champions League Two នៅ​រដូវ​កាល ២០២៦-២០២៧ ដោយ​ស្វ័យ​ប្រវត្តិ បើ​​ទោះ​ជា​ចាញ់​ក្រុម​ FK Arkadag នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ ដោយ​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​២​ក៏​ដោយ។ ១​កៅអី​ប្រកួត​នៅ​វគ្គ​សន្សំពិន្ទុ​ក្នុង​ពូល និង​កន្លះ​កៅអី​ទៀត​ប្រកួត​ជម្រុះ​វគ្គ​ខ្វែង (Playoff)។

មុន​ពេល​ឈាន​ដល់​រដូវ​កាល​ប្រកួត​ក្នុង​ពាន​រង្វាន់ AFC Champions League Two ក្លិប​កម្ពុជា​​បាន​១​កៅអី​កន្លះ​ក្នុង​ពាន​រង្វាន់​ក្លិប​អាស៊ី​លំដាប់​ទី​៣​​ AFC Challenge League នៅ​រដូវ​កាល​ក្រោយ​នេះ​គឺ​ ២០២៥-២០២៦។ ក្លិប​ព្រះខ័ន​រាជ​ស្វាយរៀង ប្រកួត​ក្នុង​វគ្គ​សន្សំពិន្ទុ​ក្នុង​ពូល និង​ក្លិប​ភ្នំពេញ​ក្រោន ប្រកួត​ក្នុង​វគ្គ​ជម្រុះ​ខ្វែង ដូច្នេះ​មាន​ន័យ​​​ថា រដូវ​កាល​ក្រោយ​នេះ មាន​២​ក្រុម​ប្រកួត​ក្នុង​ពាន​រង្វាន់​អាស៊ី ដែល​ច្រើន​ជាង​រដូវ​កាល​ ២០២៤-២៥។

ការ​ទទួល​បាន​កៅអី​នៅ​ពាន​កម្រិត​ទី​២ និង​ពាន​កម្រិត​ទី​៣ ត្រូវ​បាន​ប្រកាស​ជា​ផ្លូវ​ការ​ដោយ​សហព័ន្ធ​កីឡា​បាល់ទាត់​អាស៊ី (AFC) ដែល​បាន​ចេញ​តារាង​ចំណាត់​ថ្នាក់ក្លិប​បាល់ទាត់​ប្រចាំ​តំបន់​អាស៊ី​ជា​ផ្លូវ​ការ​​ហើយ បន្ទាប់​ពី​បញ្ចប់​រដូវ​កាល​ ២០២៤-២៥។

ក្លិប​បាល់ទាត់​កម្ពុជា​បាន​បញ្ចប់​ចំណាត់​ថ្នាក់​លេខ​២៣​ ក្នុង​ចំណោម​ក្លិប​ប្រទេស​អាស៊ី​ទាំង​៤៧។ ក្លិប​ព្រះ​ខ័ន​រាជ​ស្វាយរៀង ​​ធ្វើ​បាន​យ៉ាង​ល្អ​ ​ក្នុង​ពាន​រង្វាន់ AFC Challenge League រដូវ​កាល​២០២៤-២៥ ដោយ​ទទួល​បានឈ្នះ​១​ប្រកួត ស្មើ១​ប្រកួត និង​ចាញ់​១​ប្រកួត​នៅ​វគ្គ​សន្សំពិន្ទុ​ក្នុង​ពូល។ នៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ ក្លិបតំណាង​​កម្ពុជា​បាន​យក​ឈ្នះ​ក្លិប​របស់មីយ៉ាន់ម៉ា និង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ បាន​យក​ឈ្នះ​ក្រុម​ឥណ្ឌូណេស៊ី បាន​ឡើង​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ ជួប​ក្រុម​មក​ពី​ប្រទេស​តួកមេនីស្ថាន ហើយ​ទទួល​បាន​ចំណាត់ថ្នាក់​លេខ​២។

បើ​គិត​តែ​នៅ​ក្នុង​តំបន់​អាស៊ី​ខាង​កើត កម្ពុជា​ស្ថិត​នៅ​ចំណាត់​ថ្នាក់​​កំពូល​ទាំង​​១០ ដែល​មាន​ជប៉ុន​លេខ១ កូរ៉េ​ខាង​ត្បូង​លេខ​២ ថៃ​លេខ​៣ ចិន​លេខ​៤ អូស្ត្រាលីលេខ​៥ ម៉ាឡេស៊ី​លេខ​៦ វៀតណាម​លេខ​៧ សិង្ហបុរី​លេខ​៨ ហុងកុងលេខ​៩ និង​កម្ពុជា​លេខ​១០។ កម្ពុជា​ស្ថិត​នៅ​លើ​១២​ប្រទេស​ផ្សេង​ទៀត​នៅ​ក្នុង​តំបន់​អាស៊ី​ខាង​កើត។

នៅ​ក្នុង​តំបន់​អាស៊ាន​វិញ កម្ពុជា​​ស្ថិត​នៅ​ពី​​​លើ​ក្លិប​របស់​ប្រទេស​ ឥណ្ឌូណេស៊ី ហ្វីលីពីន មីយ៉ាន់ម៉ា ឡាវ ទីម័រខាងកើត និង ព្រុយណេ ព្រម​ទាំង​នៅលើប្រទេសជាច្រើន​ទៀត​នៅតំបន់អាស៊ី​ទាំង​មូល។ ទាំង​នេះ​ស​បញ្ជាក់​ឲ្យ​ឃើញ​​យ៉ាង​ច្បាស់​ពី​ការរីក​ចម្រើន​របស់​​ក្លិប​បាល់ទាត់​នៃ​លីគ​កំពូល​កម្ពុជា​៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម