កីឡា
កីឡាករបាល់ទះ ៥ រូបលេចធ្លោបំផុតនៅ អាស៊ាន ក្នុងនោះកម្ពុជាម្នាក់
កីឡាករបាល់ទះចំនួន ៥ នាក់ត្រូវបានគេចាត់ទុក ជាកីឡាករលេចធ្លោជាងគេបំផុតនៅតំបន់អាស៊ាននាពេល បច្ចុប្បន្ន ហើយក្នុងនោះក៏មានកីឡាករកម្ពុជា ម្នាក់ផងដែរ។
ផ្អែកតាមសមិទ្ធផលជាក់ស្តែង ខាងក្រោមនេះ សារព័ត៌មាន «កម្ពុជាថ្មី» បានដកស្រង់កីឡាករ ៥ នាក់ ដែលលេចធ្លោបំផុតប្រចាំតំបន់ អាស៊ាន៖
១. កីឡាករ Rivan Nurmulki ៖ អ្នកលេងបាល់ទះកម្ពស់ ២ ម៉ែត្រ តួនាទីស្មាត់រូបនេះ ត្រូវបានគេចាត់ទុកជាកីឡាករបាល់ទះឆ្នើម និងជាកីឡាករមានជំនាញវាយផ្តាច់ដ៏សំខាន់សម្រាប់ក្រុមបាល់ទះជម្រើសជាតិឥណ្ឌូណេស៊ី។ រូបគេត្រូវបានគេចាត់ទុកជាកីឡាករដ៏ជោគជ័យបំផុតម្នាក់នៅក្នុងតំបន់ អាស៊ាន។ Rivan ធ្លាប់ប្រឡូកអាជីពទាំងនៅក្នុងស្រុក និងក្រៅស្រុក ដោយធ្លាប់លេងនៅក្លិប Surabaya Samator (ឥណ្ឌូណេស៊ី), Nakhon Ratchasima (ថៃ), VC Nagano (ជប៉ុន), Jakarta STIN BIN (ឥណ្ឌូណេស៊ី) និងចុងក្រោយក្លិប Wolfdogs Nagoya (ជប៉ុន)។
ងាកមកកាន់សមិទ្ធផលក្នុងក្រុមជម្រើសជាតិវិញ រូបគេបានជួយឱ្យ ឥណ្ឌូណេស៊ី ឈ្នះមេដាយមាសកីឡាស៊ីហ្គេម ៣ លើកជាប់គ្នា គឺនៅឆ្នាំ ២០១៩ ក្នុងប្រទេស ហ៊្វីលីពីន, ឆ្នាំ ២០២១ នៅវៀតណាម និង ២០២៣ នៅកម្ពុជា។

២. Marck Espejo៖ អ្នកលេងតួនាទីស្មាត់រូបនេះ គឺជាកីឡាករដ៏សំខាន់របស់ក្រុមជម្រើសជាតិ ហ្វីលីពីន។ Espejo ធ្លាប់មានបទពិសោធនលេងនៅក្លិបជាច្រើន ពោលរហូតដល់ ១១ ក្លិបឯណោះ ដោយរាប់ពីឆ្នាំ ២០១៣ មក ប៉ុន្តែក្លិបដែលចាប់អារម្មណ៍បំផុតសម្រាប់កីឡាករកម្ពស់ ១.៩១ ម៉ែត្រ វ័យ ២៨ ឆ្នាំរូបនេះ គឺគេធ្លាប់បានលេងនៅក្លិបធំៗជាច្រើននៅក្រៅប្រទេសដូចជានៅកូរ៉េខាងត្បូងជាមួយក្លិប Incheon Korean Air Jumbos ហើយចំណែកនៅជប៉ុនវិញ គេធ្លាប់លេងនៅក្លិប Oita Miyoshi Weisse Adler, FC Tokyo និងចុងក្រោយនេះកំពុងលេងនៅក្លិប KUBOTA Spears Osaka។ រីឯបទពិសោធក្រៅស្រុកផ្សេងទៀត គេធ្លាប់លេងនៅក្លិបរបស់ បារ៉ែន Bani Jamra និងក្លិប វិសាខារបស់កម្ពុជាផងដែរ។ ងាកមកកាន់ជម្រើសជាតិវិញ សមិទ្ធផលធំបំផុតរបស់គេជាមួយ ហ្វីលីពីន គឺគេធ្លាប់ឈ្នះមេដាយប្រាក់ ១ លើកក្នុងព្រឹត្តិការណ៍ ស៊ីហ្គេម ២០១៩។

៣. Kissada Nilsawai៖ ប្រធានក្រុមរបស់ជម្រើសជាតិថៃរូបនេះ ជាកីឡាករ ដែលមានសមត្ថភាពលេចមួយរូបជាមួយសមត្ថភាពនៅលើទីលាន និងភាពប៉ិនប្រសប់ក្នុងការដឹកនាំក្រុម។ បទពិសោធជាមួយបាលទះរយៈពេល ១១ ឆ្នាំមកនេះ Kissada ភាគច្រើនបានលេងជាមួយក្លិបនៅក្នុងស្រុក។ ក្លិបដំបូងរបស់គេ គឺ Chonburi E-Tech Air Force បន្ទាប់មកចូលរួមជាមួយ Air Force, EST Cola និងចុងក្រោយចូលរួមជាមួយ Nakhon Ratchasima ហើយទីនេះក៏ជាកន្លែង ដែលគេជោគជ័យបំផុតផងដែរ។ អ្នកលេងតួនាទីការពារ និងអ្នកដេញបាល់លឿនកម្ពស់ ២.០២ ម៉ែត្ររូបនេះ ធ្លាប់នាំក្រុមបាល់ទះជម្រើសជាតិថៃ ឈ្នះមេដាយមាសកីឡាស៊ីហ្គេម ៤ ដងជាប់គ្នា គឺនៅឆ្នាំ ២០១១ ក្នុងប្រទេស ឥណ្ឌូណេស៊ី, ឆ្នាំ ២០១៣ ក្នុងប្រទេស មីយ៉ាន់ម៉ា, ឆ្នាំ ២០១៥ នៅសិង្ហបុរី និងឆ្នាំ ២០១៧ នៅ ម៉ាឡេស៊ី។

៤. Bryan Bagunas៖ អ្នកលេងតួនាទីស្មាត់ រូបរាងសង្ហាររូបនេះ ជាកីឡាកររបស់ក្រុមជម្រើសជាតិ ហ្វីលីពីន។ Bryan ជាកីឡាករម្នាក់ ដែលមានជំនាញផ្តាច់បាល់ឆ្ងាយ ៣ ម៉ែត្រ ហើយរូបគេក៏ធ្លាប់ប្រកបអាជីពជាមួយក្លិបជាច្រើនផងដែរ ទាំងក្លិបនៅក្នុងស្រុក និងក្រៅស្រុក។ អ្នកលេងតួនាទីស្មាត់កម្ពស់ ១.៩៤ ម៉ែត្ររូបនេះ ធ្លាប់បានលេងនៅក្លិបក្នុងស្រុក ដូចជា NU Bulldogs, Philippine Air Force Air Spikers, Megabuilders Volley Bolts, Sta. Elena-NU Ball Hammers, Philippine Air Force Jet Spikers និង Cignal HD Spikers។ ចំណែកក្រៅស្រុកវិញ រូបគេធ្លាប់លេងនៅក្លិប Oita Miyoshi Weisse Adler របស់ ជប៉ុន និង Win Streak របស់ តៃវ៉ាន់។ ដោយឡែកកំណត់ត្រាល្អបំផុតជាមួយក្រុមជម្រើសជាតិ រូបគេធ្លាប់ជួយឱ្យ ហ្វីលីពីន ឈ្នះមេដាយប្រាក់ស៊ីហ្គេម ឆ្នាំ ២០១៩ និងមេដាយសំរឹទ្ធពាន SEA V League។

៥. វឿន វាសនា (Voeun Veasna)៖ វឿន វាសនា គឺជាស្មាត់ដ៏ឆ្នើម និងជាកីឡាករមានប្រជាប្រិយភាពម្នាក់របស់ក្រុមបាល់ទះជម្រើសជាតិ កម្ពុជា។ អ្នកលេងកម្ពស់ ១.៩៨ ម៉ែត្រ អតីតកីឡាករ វិសាខា រូបនេះ គឺធ្លាប់លេងនៅក្លិបក្រៅស្រុកមួយចំនួនដូចជា Prince Finance របស់ថៃ, Lavie Long An របស់ វៀតណាម និងបច្ចុប្បន្នកំពុងលេងនៅក្លិប Win Streak របស់ តៃវ៉ាន់។
កីឡាករមានដើមកំណើតមកពីខេត្តបាត់ដំបងរូបនេះ កំពុងក្លាយជាស្មាត់ដ៏សំខាន់បំផុតម្នាក់របស់ Win Streak ដោយវត្តមានរបស់គេបានជួយឱ្យក្លិបមួយនេះឈ្នះពានលីគតៃវ៉ាន់ (TVL) ២ រដូវកាលជាប់ៗគ្នា គឺ ២០២៣-២០២៤ និង ២០២៤-២០២៥។ ងាកមកមើលកំណត់ត្រាជាមួយក្រុមជម្រើសជាតិវិញ វាសនា បានជួយឱ្យកម្ពុជាសាងប្រវត្តិសាស្ត្រឈ្នះមេដាយសំរឹទ្ធជាលើកដំបូងក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនៅឆ្នាំ ២០២១ និងឈ្នះមេដាយប្រាក់លើកដំបូងក្នុងព្រឹត្តិការណ៍នេះដដែលនៅឆ្នាំ ២០២៣៕

អត្ថបទ៖ សេម កុសល

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ច្រករបៀងមួយចំនួនក្នុងភូមិសាស្ត្រខេត្តបាត់ដំបង បានបិទបណ្ដោះអាសន្ន
-
នយោបាយ៧ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក អ៊ី ឈាន យកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជូនកងកម្លាំងតាមខ្សែព្រំដែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អ្នកនាំពាក្យ៖ សកម្មជនប្រឆាំង អែម ពិសិដ្ឋ ជ្រកកោនដីថៃក្លែងឯកសណ្ឋានទ័ពសម្ដែងវីដេអូ បំបាក់ទឹកចិត្តកងទ័ព ផ្សាយព័ត៌មានក្លែងក្លាយ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
កម្ពុជា នឹងទទួលរងឥទ្ធិពលព្យុះទី១ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៣មិថុនា
-
ព័ត៌មានជាតិ១៨ ម៉ោង ago
អាជ្ញាធរខណ្ឌទួលគោក ចាត់វិធានការក្ដៅលើម្ចាស់រថយន្តដែលចតលើ ផ្លូវថ្មើរជើងជាប់របងវិទ្យាល័យសន្ធម៉ុក