Connect with us

កីឡា

កក្រើកហើយ! ពេជ្រ សម្បត្តិ ត្រូវជួបជើងខ្លាំងចិន ម្ចាស់ខ្សែក្រវាត់ ៣ ស្ថាប័ន នៅ ចិន ខែក្រោយ

បានផុស

នៅ

អ្នកប្រដាល់គុនខ្មែររហស្សនាមក្របីព្រៃ ពេជ្រ សម្បត្តិ នឹងត្រូវឆ្លងដែនចេញទៅប្រកួតនៅប្រទេស ចិន ក្នុងកម្មវិធី EM-Legend Kun Khmer Fighting Championship នាថ្ងៃទី ៧ ខែ តុលា ឆ្នាំ ២០២៥ ខាងមុខ ដោយត្រូវជួបជាមួយនឹងកីឡាករ ចិន Carlos Tszhin។

ពេជ្រ សម្បត្តិ
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជំនួបរវាងកូនសិស្សលោកគ្រូពេជ្រ សុផាន់គឺ កីឡាករ ពេជ្រ សម្បត្តិ ទល់នឹង កីឡាករ ចិន Carlos Tszhin ត្រូវបានគេចាត់ទុកជាការប្រកួតដ៏កក្រើកមួយប្រចាំកម្មវិធីដ៏ធំមួយនេះ។ បើនិយាយអំពី ពេជ្រ សម្បត្តិ ជឿជាក់ ថា អ្នកគាំទ្រ កម្ពុជា ច្បាស់ជាបានស្គាល់ហើយ ពីព្រោះរូបគេគឺជាអ្នកប្រដាល់លំដាប់ A មួយរូបនៅក្នុងប្រទេស កម្ពុជា។ សមត្ថភាពពិសេសរបស់​គេ​គឺពូកែដើរបុក មិនថយ ហើយអ្វីដែលចាប់អារម្មណ៍មួយទៀត គឺរូបគេជាកីឡាករម្នាក់ ដែលមានស្បែកតាន់ និងវាយមិនងាយដួលនោះឡើយ។

ងាកមកកាន់ដៃគូរបស់រូបគេវិញ គឺកីឡាករ Carlos Tszhin ក៏ជាកីឡាករម្នាក់មិនអាចមើលរំលងបានផងដែរ។ ចំពោះស្ថិតិប្រកួត គឺមិនមានទិន្នន័យណាមួយបញ្ជាក់ច្បាស់លាស់នោះទេ ប៉ុន្តែអ្វីដែលដឹងពីរូបគេ គឺកីឡាករ ចិន រូបនេះធ្លាប់បានប្រកួតបែបប្រដាល់គុនខ្មែរអស់រយៈពេលច្រើនឆ្នាំមកហើយ។

កីឡាករ Carlos Tszhin

កីឡាករ ចិន វ័យ ៣០ ឆ្នាំ កម្ពស់ ១.៧១ ម៉ែត្ររូបនេះ ជាកីឡាករម្នាក់ ដែលចូលចិត្តប្រើកណ្តាប់ដៃ និងទាត់។ ចំណុចពិសេសរបស់គេមួយទៀត គឺអាចប្រើកណ្តាប់ដៃវាយទៅលើដៃគូ ក្នុងកាលៈទេសៈនៅឈរកៀកគ្នាបាន។ ការប្រកួតចុងក្រោយរបស់ Carlos Tszhin គឺបានយកឈ្នះលើមិត្តរួម​ជាតិ Zhou Wei Jian ដើម្បីក្លាយជាម្ចាស់ខ្សែក្រវាត់ស្ថាប័ន WMC។ បច្ចុប្បន្នរូបគេ កំពុងគ្រងខ្សែក្រវាត់ ៣ ស្ថាប័ន ក្នុងនោះមាន WMC, WBC និង IPCC។

កីឡាករ Carlos Tszhin

សម្រាប់កីឡាករគុនខ្មែរ ក្នុងការចេញទៅប្រកួតនៅ ចិន លើកនេះ មិនមែនមានតែ ពេជ្រ សម្បត្តិ ម្នាក់ប៉ុណ្ណោះទេ។ ក្នុងនោះនៅមានកីឡាករ កីឡាការិនី ខ្មែរ ជាច្រើនរូបទៀតដូចជា ឡៅ ចិត្រា, មឿន សុខហ៊ុច, ពេជ្យ អទិទេព, អេ យ៉ានុត និងកីឡាករ កីឡាការិនីប៉ុន្មានរូបទៀត។

ខិត្តប័ណ្ណផ្សព្វផ្សាយការប្រកួត

គួរបញ្ជាក់បន្ថែម ថា ការប្រកួតនេះនឹងធ្វើឡើងនៅប្រទេស ចិន ថ្ងៃទី ៧ ខែ តុលា ឆ្នាំ ២០២៥ ហើយក៏នឹងមានការផ្យាយបន្តផ្ទាល់ដោយស្ថានីយទូរទស្សន៍ BTV News ផងដែរ៕

អត្ថបទ៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម