Connect with us

កីឡា

កីឡាជឺជីតស៊ូ​កម្ពុជា​ ឈ្នះ​មេដាយ​មាស ២ ប្រាក់​ ២ ពី​ការ​ប្រកួត Grand Slam កម្រិត​ពិភព​លោក​នៅ​ចិន

បានផុស

នៅ

ក្រុម​កីឡាករជឺជីតស៊ូ​កម្ពុជា គិត​ត្រឹម​ថ្ងៃ​ទី​២៩ ខែ​កញ្ញា ឆ្នាំ ២០២៥ ទទួល​បាន​មេដាយ​ចំនួន ៤ គ្រឿង​ពី​ការ​ប្រកួត​កីឡា​ជឺជីតស៊ូ​​អាជីព​ក្នុង​ព្រឹត្តិការណ៍​កម្រិត​ពិភព​លោក Abu Dhabi Grand Slam Jiu-Jitsu World Tour 2025–2026 នៅ​ប្រទេស​ចិន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Jasper Paas អនុប្រធាន​សហព័ន្ធ​កីឡា​ជឺជីតស៊ូ​កម្ពុជា បាន​ផ្តល់​រូប​ភាព និង​ព័ត៌មាន​ខ្លះ​ៗ​មក​កាន់​«កម្ពុជា​ថ្មី»​ថា កីឡាករជម្រើស​ជាតិ​កម្ពុជា មឿនលីម សុបញ្ញា ធ្វើ​បាន​យ៉ាង​ល្អ​ឥត​ខ្ចោះ​ដោយ​គិតចាប់​ពី​ការ​ប្រកួត​ដំបូង រហូត​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ រូប​គេ​បានឃ្លេ​ដៃ​គូ​ឲ្យ​ចុះ​ចាញ់​ទាំង​អស់​ដើម្បី​​ទទួល​បាន​មេដាយ​មាស។

ជា​មួយ​គ្នា​នេះ កីឡាករ​បរទេស​​​ហ្វឹក​ហាត់​កម្ពុជា​ Guchkov Volodymyr ប្រកួត​តំណាង​ឲ្យ​ក្លិប​​កម្ពុជា​ CamEd Jiu Jitsu Club ក៏​ទទួល​បាន​មេដាយ​មាស​។ ចំណែក​កីឡាករ​កម្ពុជា កាំង ម៉េងហុង ទទួល​បាន​មេដាយ​ប្រាក់។

អនុប្រធាន​សហព័ន្ធ​កីឡា​ជឺជីតស៊ូ​កម្ពុជារូប​នេះ​បាន​សង្កត់​ធ្ងន់​ថា អ្វី​ដែល​ថ្នាក់​ដឹក​នាំ និង​លោក​ផ្ទាល់​មាន​មោទនភាព​បំផុត​គឺ​ការ​បណ្តុះ​បណ្តាល​ថ្នាល​យុវជន​ទទួល​បាន​លទ្ធផល​គួរ​ជា​ទី​គាប់​ប្រសើរ។ កីឡាករ​អាយុ​១៥​ឆ្នាំ មឿនលីម សុវិរៈ ដែល​ជា​ថ្នាល​យុវជន​របស់​សហព័ន្ធ​ បាន​ឈាន​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ។

កីឡាករថ្នាលវ័យ ១៥ឆ្នាំ មឿនលីម​ សុវិរៈ បានបោះជំហ៊ានទៅវគ្គផ្តាច់ព្រ័ត្រ និង​ទទួល​បាន​មេដាយ​ប្រាក់ បន្ទាប់​ពី​ចាញ់​យុវជន​ប្រេស៊ីល​ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ។ ទោះ​ជា​មិន​បាន​មេដាយ​មាស ប៉ុន្តែ​នេះ​ជា​ផ្លែផ្កា​​ដ៏​សំខាន់​នៃ​ការ​បណ្តុះ​បណ្តាល​ថ្នាល​យុវជន ហើយ​ឈាន​ដល់​ការ​ប្រកួត​កម្រិត​ពិភព​លោក ដូច្នេះ​រូប​គេ​ជា​ទំពាំង​ដ៏​ល្អ​សម្រាប់​អនាគត​ជម្រើស​ជាតិ​។

សូម​បញ្ជាក់​ថា ព្រឹត្តិការណ៍ The Abu Dhabi Grand Slam Jiu-Jitsu World Tour ​ដែល​ត្រូវ​បាន​ស្គាល់ Abu Dhabi Grand Slam ជាកម្មវិធី​ប្រកួត​កម្រិត​អន្តរជាតិ​របស់​​សហព័ន្ធ​កីឡា​ជឺជីតស៊ូ​អន្តរជាតិ ត្រូវ​បាន​រៀបចំ​ជា​រៀង​រាល់​ឆ្នាំ ដោយ​សហព័ន្ធ​កីឡា​ជឺជីតស៊ូ​អារ៉ាប់រួម (UAEJJF) នៅ​តាម​បណ្តា​ទី​ក្រុង​ធំ​ៗ​ទូទាំង​ពិភព​លោក។ កម្មវិធី​នេះ​ត្រូវ​បាន​រៀបចំ​លើក​ដំបូង​កាល​ពី​ឆ្នាំ ២០១៥ ដោយ​មាន​វិញ្ញាសា​ប្រកួត​ជា​ច្រើន​ប្រភេទ ទាំង​បុរស និង​នារី។ ប្រទេស​​ដែល​ធ្លាប់​បាន​រៀបចំ​កន្លង​មក​ដូច​ជា ជប៉ុន អាមេរិក ប្រេស៊ីល អង់គ្លេស អារ៉ាប់រួម ចិន រុស្ស៊ី និង អូស្ត្រាលី​ ជា​ដើម។

សហព័ន្ធកីឡា​ជឺជីតស៊ូកម្ពុជា ទើប​ត្រូវ​បាន​បង្កើត​ឡើង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ ប៉ុន្តែ​ទទួល​បាន​លទ្ធផល​គួរ​ជា​ទី​គាប់​ចិត្ត​សម្រាប់​ការ​ប្រកួត​អន្តរជាតិ​ប្រមាណ​៣​ឆ្នាំ​ចុង​ក្រោយ​នេះ៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម