បច្ចេកវិទ្យា
អ្នកជំនាញបច្ចេកវិទ្យា សុំឱ្យរួមគ្នាការពារភាសាខ្មែរ កុំឱ្យក្លាយជា “ភាសាបន្ទាប់បន្សំ” ក្នុងសម័យ AI និង Gen Z
អ្នកជំនាញបច្ចេកវិទ្យា ជី សុផាត បានអំពាវនាវឱ្យមានការយកចិត្តទុកដាក់ និងការពារភាសាខ្មែរ ខណៈដែលការរីកចម្រើនយ៉ាងលឿននៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) និងឥទ្ធិពលរបស់ជំនាន់ Gen Z កំពុងផ្លាស់ប្តូររបៀបប្រើប្រាស់ភាសារបស់យុវជនយ៉ាងច្បាស់លាស់ និងក្លាយជាប្រធានបទដែលកំពុងមានការវែកញែកក្នុងសង្គម។

ស្របពេលនឹងក្តីបារម្ភនេះ លោកក៏ចោទជាសំណួរដែរថា “តើមានពេលខ្លះទេ ដែលយើងមានអារម្មណ៍ថា ភាសាកំណើតរបស់យើងកំពុងចាប់ផ្តើម ទន់ជ្រាយ បន្តិចម្តងៗ?” ខណៈលោកមើលឃើញថា បច្ចុប្បន្នមានភាពផ្ទុយគ្នារវាង ការរីកចម្រើនយ៉ាងលឿននៃ AI ដែលអាចនិយាយបានគ្រប់ភាសា តែម្ខាងទៀត គឺការប្រើប្រាស់ភាសាខ្មែរលាយឡំជាមួយភាសាបរទេស រហូតដល់យើងស្ទើរតែភ្លេចពាក្យខ្មែរដែលពិរោះៗ និងត្រឹមត្រូវ។
លោកថា “យើងចង់ឱ្យ AI យល់ពីយើង និងនិយាយភាសាខ្មែរបានច្បាស់ មិនមែនជាការលាយឡំភាសាទេ។ ភាសាខ្មែរ គឺលើសពីពាក្យសម្តី វាជាដង្ហើមនៃអរិយធម៌”។ លោកសង្កត់ធ្ងន់ទៀតថា ភាសាខ្មែរ មិនត្រឹមតែជាមធ្យោបាយទំនាក់ទំនងប៉ុណ្ណោះទេ ប៉ុន្តែជាអត្តសញ្ញាណជាតិ និងជាមូលដ្ឋានសំខាន់នៃអរិយធម៌។ ឯការបាត់បង់ភាពត្រឹមត្រូវក្នុងការប្រើប្រាស់ភាសា អាចនាំឱ្យបាត់បង់អត្តសញ្ញាណរបស់ជំនាន់ក្រោយក្នុងពិភពឌីជីថល។

គួរឱ្យដឹងដែរថា កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៦ លោក ជី សុផាត បានចូលរួមជាមួយសហគមន៍ Mozilla Cambodia Community និង Cambodian Living Arts ដើម្បីអនុវត្តគម្រោង Mozilla Common Voice ដែលជាគម្រោងសម្រាប់ប្រមូលទិន្នន័យសំឡេង ដើម្បីបង្រៀន AI ឱ្យយល់ និងស្គាល់ភាសាខ្មែរ។
គម្រោងនេះ បានទាក់ទាញការចូលរួមពីមជ្ឈដ្ឋានចម្រុះ រួមមានអ្នកភាសាវិទ្យា សិល្បករ អ្នកនិពន្ធ សិស្សានុសិស្ស និងអ្នកជំនាញបច្ចេកវិទ្យាផងដែរ ដែលមានគោលបំណងរួមគ្នា ក្នុងការការពារ និងលើកកម្ពស់អត្តសញ្ញាណខ្មែរ នៅក្នុងពិភពឌីជីថល។
គម្រោង Common Voice គឺជាគ្រឹះសំខាន់មួយសម្រាប់ការអភិវឌ្ឍ AI ដោយអនុញ្ញាតឱ្យសហគមន៍ចូលរួមប្រមូល និងសម្គាល់ទិន្នន័យសំឡេង ដើម្បីឱ្យម៉ាស៊ីនអាចយល់ពីសំឡេង និងបរិបទភាសារបស់មនុស្សពិត។ កម្មវិធីបណ្តុះបណ្តាលនេះ បានផ្តោតលើការសម្គាល់ទិន្នន័យ (Data Annotation) ការបញ្ចូលសម្លេងចម្រុះ និងការចូលរួមពីសហគមន៍ ដើម្បីធានាថា AI នាពេលអនាគត អាចប្រើប្រាស់ភាសាខ្មែរបានយ៉ាងត្រឹមត្រូវ និងគ្មានការរើសអើង។

ជាមួយនឹងចក្ខុវិស័យនេះ សហគមន៍ Mozilla នៅកម្ពុជា ជឿជាក់ថា កិច្ចសហការនេះ គឺជាជំហានប្រវត្តិសាស្ត្រសំខាន់មួយ ក្នុងការធានាថា ភាសាខ្មែរ នឹងមិនត្រូវបានមើលរំលង ឬធ្លាក់ជាភាសាបន្ទាប់បន្សំក្នុងយុគសម័យ AI នោះទេ ហើយនឹងបន្តអភិវឌ្ឍបច្ចេកវិទ្យាដែលនិយាយភាសាខ្មែរដោយភាពត្រឹមត្រូវ និងមោទនភាព៕ អត្ថបទ៖ សុធាវី

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៣ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?


