Connect with us

សេដ្ឋកិច្ច

​ការ​នាំចេញ​ដំឡូងមី ​សម្រេច​បាន​ជាង ៣,៤ ​លានតោន ​នៅ​រយៈពេល​ ៩ ខែ​

បានផុស

នៅ

ការ​នាំចេញ​ដំឡូងមី​របស់​កម្ពុជា ​សម្រេច​បាន​ជាង​ ៣,៤ ​លាន​តោន​ នៅ​ក្នុង​រយៈពេល​ ៩ ខែ ឆ្នាំ ២០២៥ ក្នុងនោះដំឡូងមីស្រស់មានចំនួន ២,០៥ លានតោន ធ្លាក់ចុះ ១៦,៥៧% ​ខណៈ​ចំណិត​ដំឡូងមី​ក្រៀម​បាន​ចំនួន ១,៣៥ លាន​តោន កើនឡើង ៥៧,៦២%។​ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក ងិន ឆាយ អគ្គនាយក នៃអគ្គនាយកដ្ឋានកសិកម្ម បានឱ្យដឹងថា ការនាំចេញផលិត​ផល​ដំឡូងមីស្រស់ថយចុះ ដោយសារប្រជាកសិករបំប្លែងពីដំឡូងមីស្រស់ទៅក្រៀម និងកែច្នៃជាម្សៅ ដើម្បីអាចរក្សាទុកបានយូរ និងមានតម្លៃខ្ពស់។

​លោក ងិន ឆាយ បន្ថែមថា៖ «ក្នុងរយៈពេល ៩ ខែ ឆ្នាំ ២០២៥ ការនាំចេញដំឡូងមីក្រៀម​កើនឡើង​ចំនួន ៥៧,៦២% និងម្សៅដំឡូងមីកើនឡើងចំនួន ៨៣,៤៩% ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ ២០២៤»។

លោក អិល ឈិញ ប្រធានសមា​គមកសិករដំឡូងមីខ្មែរ មានប្រសាសន៍ថា តម្លៃទីផ្សារដំឡូងមី​នៅ​តែ​ជាបញ្ហាចោទសម្រាប់​កសិករ នៅក្នុងឆ្នាំ ២០២៥ តម្លៃដំឡូងមីស្រស់ដាំក្បាល​ចុះរហូតដែល​មាន​តម្លៃ ១២០ រៀលក្នុងមួយគីឡូក្រាម ខណៈ​ដំឡូង​មីស្ងួតអាចលក់បាន ៥២០ រៀល ក្នុង​មួយ​គីឡូក្រាម។

លោក អិល ឈិញ បញ្ជាក់ថា មានកត្តាជាច្រើនបានធ្វើឱ្យតម្លៃដំឡូងមីធ្លាក់ចុះ កាលពីឆ្នាំ ២០​២៤ កម្ដៅកើនឡើងខ្លាំងបានធ្វើឱ្យទិន្នផល និងគុណភាពដំឡូងធ្លាក់ចុះ។

ម្យ៉ាងទៀត កំណើននៃការដាំដុះនៅប្រទេសអាស៊ានចំនួន ៤ (ថៃ ឥណ្ឌូនេស៊ី វៀតណាម កម្ពុជា) បាន​ធ្វើឱ្យ​បរិមាណ កើនឡើងលើសតម្រូវការ ខណៈទីផ្សារម្សៅមីលើសកលលោកធ្លាក់ចុះ បាន​ធ្វើ​ឱ្យ​​តម្លៃដំឡូងមីធ្លាក់ចុះផងដែរ។

​នៅក្នុងឆ្នាំ២០២៤ កម្ពុជានាំចេញដំឡូងមីស្រស់ជាង ៣ លានតោន (៣ ៤៤៣ ៧៦០)​, ចំណិត​ដំឡូងមីក្រៀមជិត ១ លានតោន (៩៦៤ ៦៨១) និង​ម្សៅដំ​ឡូង​មីចំនួន ៦០ ៥២៤ តោន គិតជាទឹក​ប្រាក់ប្រមាណ ៧២៨ លានដុល្លារ។​

​កម្ពុជា​ជាប់ចំណាត់ថ្នាក់​ជាប្រទេស​នាំចេញ​ដំឡូងមីធំជាងគេទី៤ នៅអាស៊ី និងទី១០នៅលើ​ពិភព​​​លោក ដែលមានផ្ទៃ​ដីដាំដុំដំឡូង​មីប្រ​មាណ ៦០ ម៉ឺនហិកតាទៅ ៨០ ម៉ឺន ហិកតា៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម