Connect with us

ព័ត៌មានជាតិ

មកស្គាល់​ប្រេង​កូឡាខ្មែរ ៤ ម៉ាក កំពុង​វាយ​លុក​ទីផ្សារក្នុងស្រុក ខ្លះ​មានប្រវត្តិ​បង្កើត​ជាង ២០ ឆ្នាំ

បានផុស

នៅ

កន្លងទៅ​ពលរដ្ឋ​ខ្មែរ​ស្គាល់​ប្រេង​កូឡា​នាំចូល​ពី​បរទេស ខណៈ​ប្រេង​កូឡា​ផលិត​ក្នុង​ស្រុក​ហាក់​មិន​សូវ​មានការ​ផ្សព្វផ្សាយ​និង​ការ​ស្គាល់​ជា​ទូទៅ បើ​ទោះបីប្រេងកូឡាខ្លះ​មាន​ប្រវត្តិ​បង្កើត​ជាង ២០ ឆ្នាំ​។

ប្រេង​កូឡា​ខ្មែរ​ក្នុង​ស្រុក​ចំនួន ៤ ម៉ាក នេះ កំពុង​ទទួលការ​ចាប់អារម្មណ៍ និង​ចាប់ផ្តើមស្រួបទាញ​ការ​គាំទ្រ​ពី​ពលរដ្ឋខ្មែរ ក្រោយពេល​កំសួលនៃការ​ធ្វើពហិការ​ទំនិញថៃ​​ពីពលរដ្ឋ​កើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។

ប្រេង​កូឡា​ ៩៩៩ របស់​សហគ្រាស​ខ្មែរ​ម៉េង​ទ្រី ៩៩៩

ប្រេង​កូឡា​ ៩៩៩ ​របស់​សហគ្រាស​ខ្មែរ​ម៉េង​ទ្រី ៩៩៩ បាន​ឈរ​ជើង​ក្នុង​ទីផ្សារ​ក្នុងស្រុក​ជាង ២ ទសវត្សរ៍​មក​ហើយ​តាំងពី​ឆ្នាំ ២០០២។

លោក ស៊ឹម ម៉េង​ទ្រី ម្ចាស់​សិប្បកម្ម​ផលិតប្រេងកូឡា​ខ្មែរ​ម៉េងទ្រី ៩៩៩ បាន​ប្រាប់​កម្ពុជា​ថ្មី​ថា ពលរដ្ឋ​ខ្មែរ​ស្គាល់សហគ្រា​ស​របស់លោក​តាមរយៈ​ប្រេង​កូឡា និង​ប្រេងខ្យល់​យីហោ ៩៩៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ថា សិប្បកម្ម​មាន​មូលដ្ឋាន​មកពី​ខេត្ត​ប៉ៃលិន ដែល​បច្ចុប្បន្ន​ក្រៅ​ពី​ផលិត​ប្រេង​កូឡា ប្រេង​ខ្យល់ ក៏​ផលិត​​បាន​ផលិតផល​ជាច្រើន​មុខ​ផ្សេង​ទៀត​មាន​ដូចជា​សាប៊ូ​ដុះ​ខ្លួន​ សាប៊ូ​កក់​សក់​ដែល​ផ្សំ​​ពី​រុក្ខជាតិ​ធម្មជាតិ​។

ពាក់ព័ន្ធ​ដំណើរការ​សិប្បកម្ម​ខ្មែរ​ម៉េងទ្រី ៩៩៩ លោក ស៊ឹម ម៉េង​ទ្រី ​បាន​អះអាង​ថា បាន​ចុះបញ្ជី​ទទួល​​ស្គាល់​ពី​អាជ្ញាធរ​​យ៉ាង​ត្រឹមត្រូវ។

ប្រេង​កូឡា​រូប​នាគ​ព្រួស​ភ្លើង

ប្រេង​កូឡា ​និង​ប្រេង​ខ្យល់​រូប​នាគ​ព្រួស​ភ្លើងជា​សហគ្រាស​ខ្មែរ​មួយ​ទៀត​ដែល​​បាន​ចុះ​បញ្ជី​ការនៅ​ឆ្នាំ ២០១០។

ដោយ​វិវឌ្ឍ​ពី​សិប្បកម្ម​ធ្វើ​ដោយ​ដៃ​ទៅ​ជា​សហគ្រាស​ពាក់​កណ្ដាល​ស្វ័យប្រវត្តិ សហគ្រាស​ផលិត​ប្រេង​កូឡា​រូប​នាគ​ព្រួស​ភ្លើង នៅ​តែ​បន្ត​រក្សា​រូបមន្ត​បុរាណ​នៃ​ការ​ផលិត​ប្រេងកូឡា​ និង​ប្រេងខ្យល់​ដើម្បី​បម្រើ​តម្រូវការ​អតិថិជន។​

ប្រេង​កូឡា​​ ​និង​ប្រេង​ខ្យល់​របស់​សហគ្រាស​ផលិត​ប្រេងកូឡា​សញ្ញា​នាគ​ព្រួស​ភ្លើង ​ប្រើប្រាស់​វត្ថុធាតុ​ដើម​ផលិត​ផ្សំ​ពី​ប្រទាល​ឱសថ​ធម្មជាតិ ដែល​បាន​ដាំដុះ​លើ​ដី​ដ៏​មាន​ជីជាតិ​ក្នុង​ខេត្ត​បាត់ដំបង​។

បើ​តាម​ម្ចាស់​សហគ្រាស​ប្រេងកូឡា​ខ្មែរ​រូប​នាគ​ព្រួស​ភ្លើង ​អ្នកស្រី អូន សុគន្ធា បាន​ឲ្យ​ដឹង​ថា សហគ្រាស​​មាន​ចក្ខុវិស័យ​ក្នុង​ការ​រួម​ចំណែក​គាំទ្រ​ផលិតកម្ម​ក្នុង​ស្រុក និង​បណ្តុះ​ស្មារតី​ជាតិនិយម​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ។

បច្ចុប្បន្ន​ផលិតផល​ប្រេង​កូឡា ប្រេង​ខ្យល់​របស់​សហគ្រាស​​រូប​នាគ​ព្រួស​ភ្លើង មាន​លក់​នៅ​ផ្សារ​ទំនើប​ធំៗ​ដូចជា ផ្សារ​ទំនើប ជីប ម៉ុង ម៉ាក្រូ និង​អ៊ីអន​ និង​តាម​ឱសថដ្ឋាន​នានា​ទូទាំង​ប្រទេស​កម្ពុជា​។

ប្រេងកូឡា​សញ្ញា​ដំរី ៥ (5 ELEPHANTS)

ប្រេងកូឡា​សញ្ញា​ដំរី ៥ (5 ELEPHANTS) ជា​ផលិតផល​របស់​សហគ្រាស​ វ៉ាយ ស៊ី នេតឈ័រ ( Y.C NATURE )។

ប្រេងកូឡា និង​ប្រេងខ្យល់​ខ្មែរ​សញ្ញា​ដំរី ៥ ​មាន​រោងចក្រ​ផលិត​នៅ​ក្នុង​ស្រុក។ សហគ្រាស​នេះ​ដឹកនាំ​គ្រប់គ្រង​ដោយ​ស្រ្តី​ខ្មែរ​ដ៏​ឆ្នើម​មួយ​រូបគឺ​អ្នកស្រី យន់ ចិន្ដា ដែល​កាល​ពី​ឆ្នាំ ២០២៥ ទទួល​បាន​ពាន​រង្វាន់ GREAT LEADERSHIP CEO EXCELLENCE 2025។

ការ​ផ្តល់​​ពានរង្វាន់​​នេះ​ដោយសារការ​ដាក់ចេញគោលការណ៍​​របស់​ក្រុមហ៊ុន​​​ក្នុង​ការ​ជួយ​​ដល់​សង្គម​។ បើ​តាម​អ្នក​ស្រី យន់ ចិន្តា ប្រាក់​ចំណូល​ដែល​បាន​មក​ពីការ​លក់ប្រេងកូឡាចំនួន ១ ក្លង ក្រុមហ៊ុន​បាន​​បរិច្ចាគ​ចំនួនថវិកា​ ២០០ រៀល ផ្ដល់​ជូន​ដល់​អង្គការ​កុមារ​ពិការ​ខួរក្បាលអូទីសឹម ( KPF)។

ប្រេងកូឡា ម៉ម ពន្លៃ

ប្រេងកូឡា ម៉ម ពន្លៃ មានទីតាំងនៅ​ខេត្តត្បូងឃ្មុំ ដែលក្រៅ​ពីមានផលិតប្រេងកូឡា ក៏​មានប្រេង​ខ្យល់ផង​ដែរ។ វត្ថុធាតុដើម​សម្រាប់​ផលិត​មាន​ដូចជា​ ពន្លៃ រមៀត គល់ស្លឹកគ្រៃ​ ប្រេង​ល្ងខ្មៅ ប្រទាលកន្ទុយក្រពើ។ សិប្បកម្មលក្ខខណៈ​គ្រួសារ​នេះ​មាន​លទ្ធភាព​ផលិត​បានប្រមាណ ១ ០០០ ទៅ ២​ ០០០ ដប​ក្នុងមួយថ្ងៃ។

ប្រេង​កូឡា​របស់ខ្មែរ​នេះមាន​ខ្នាត​តូចនិង​ធំ​ ហើយ​តម្លៃ​មានចាប់​ពី ៥ ០០០ រៀល ដល់ ១០ ០០០ រៀល​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម