Connect with us

សេដ្ឋកិច្ច

ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា-ថៃ ​សម្រេច​បាន​ជិត ៣ ពាន់​លាន​ដុល្លារ ធ្លាក់​ចុះ​ជាង ៨% ​ក្រោយ​ថៃ​បិទ​ព្រំដែន​គោក​​

បានផុស

នៅ

ពាណិជ្ជកម្មទ្វេភាគី​កម្ពុជា-ថៃ ​សម្រេច​បាន​នូវ​​ទំហំ​ទឹក​ប្រាក់​ជាង ២,៩ ​ពាន់​លាន​ដុល្លារ នៅក្នុង​រយៈ​ពេល ​៩ ខែ ​ឆ្នាំ ២០២៥ ​ធ្លាក់​ចុះ ៨,២% ធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ ២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​យោងតាម​ទិន្នន័យ​របស់អគ្គនា​យក​ដ្ឋាន​​គយ និង​រដ្ឋាករ​កម្ពុជា ​(GDCE) ចេញផ្សាយនៅថ្ងៃទី ​១០ ខែតុលា ​បង្ហាញថា ​គិតចាប់​ពីខែ​មក​រា ដល់ខែ កញ្ញា ឆ្នាំ ២០២៥ ​ការនាំចេញ-នាំចូល​ទំនិញ​របស់​កម្ពុជា-ថៃ មានទំហំទឹកប្រាក់ ២,៩០ ពាន់លានដុល្លារ ធ្លាក់ចុះ ៨,២% ក្នុងនោះកម្ពុជា​នាំ​ចេញ​ទៅ​ថៃ​មានទឹកប្រាក់ប្រមាណ ​៥៧៦ លានដុល្លារ ​ធ្លាក់ចុះ ​១០,៧% ចំណែក​ឯ​ថៃនាំចូលមកវិញ មាន​ទឹក​ប្រាក់ ២,៣៣ ពាន់លានដុល្លារ ធ្លាក់ចុះ ៧,៦%។​

​លោក ងិន ឆាយ អគ្គនាយក នៃអគ្គនាយកដ្ឋានកសិកម្ម បានឱ្យដឹងថា ​បន្ទាប់ពីមាន​ការ​បិទ​ច្រក​ព្រំដែន​ផ្លូវគោកជាឯកតោភាគីរបស់ប្រទេសថៃ ​កម្ពុជា​បាននាំចេញផលិតផល​កសិកម្ម​ទៅប្រទេស​ថៃ​តាម​ផ្លូវទឹក​មានចំនួន ​១,៧ ​ពាន់តោនដែលមានតម្លៃ ៥,៨ លានដុល្លារ​ (គិតចាប់ពីថ្ងៃទី ២៤ ​ខែ​មិថុនា ដល់ដំណាច់ខែកញ្ញា)។​

​លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម ប្រាប់កម្ពុជាថ្មីថា​ បន្ទាប់​ពីបិទព្រំដែនគោក ក្រៅ​ពី​ទំនិញដែលកម្ពុជា​ហាមឃាត់ ដែលមានបន្លែ ផ្លែឈើ អគ្គិសនី ប្រេង និងឧស្ម័ន ពាណិជ្ជកម្ម​រវាង​កម្ពុជា និងថៃ នៅដំណើរការធម្មតា ពោល​គឺភាគីថៃបាន​បង្វែរទិស​នាំទំនិញ​ចូលមកតាមផ្លូវទឹក (ច្រកសមុទ្រ) និងឆ្លងតាមច្រកព្រំដែនប្រទេសឡាវ។

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)បានបន្ថយការព្យាករកំណើនសេដ្ឋកិច្ចសម្រាប់កម្ពុជាពី ៦,១% មក ៤,៩% សម្រាប់ឆ្នាំ ២០២៥ និងពី ៦,២% មក ៥,០% សម្រាប់ឆ្នាំ ២០២៦ ដោយឆ្លុះបញ្ចាំងពីបញ្ហាប្រឈមសេដ្ឋកិច្ចទាក់ទងនឹងភាពតានតឹងភូមិសាស្ត្រនយោបាយជាមួយប្រទេសថៃ និងភាពមិនច្បាស់លាស់ជុំវិញទីផ្សារនាំចេញទៅសហរដ្ឋអាមេរិក។

​នៅក្នុងឆ្នាំ ២០២៤ ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ថៃ សម្រេចបានជាង ៤,២៨ ពាន់លានដុល្លារ កើន​ឡើង ១៥,៥% ក្នុងនោះកម្ពុជានាំចេញទៅថៃបានជិត ៨៤៥ លាន​ដុល្លារ ចំណែក​ថៃនាំចូល​មក​វិញ ៣,៤៤ ពាន់​លាន​ដុល្លារ កើន ១៨,៩ ភាគរយ៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម