Connect with us

ព័ត៌មានជាតិ

គ.ស.ម.ក អញ្ជើញ OHCHR មក​មើល​សកម្មភាព​រំលោភសិទ្ធិ​មនុស្ស​របស់​ថៃលើពលរដ្ឋខ្មែរ​ដោយ​ផ្ទាល់

បានផុស

នៅ

ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​លោក កែវ រ៉េមី បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ទៅ​ឧត្តម​ស្នងការ​អង្គការសហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​លោក Volker Turk ដើម្បី​រាយការណ៍​ពី​សកម្មភាព​រំលោភ​សិទ្ធិ​មនុស្ស​របស់​ថៃ​មក​លើ​ពលរដ្ឋ​កម្ពុជា ក៏​ដូចជា​អញ្ជើញ​លោក Volker មក​មើល​ដោយ​ផ្ទាល់​ផងដែរ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​លិខិត​ចុះ​ថ្ងៃទី​១១ ខែ​តុលា ឆ្នាំ២០២៥​ លោក កែវ រ៉េមី បាន​ជម្រាប​លោក Volker ថា​កង​ទ័ព​ថៃ​នៅ​បាន​បន្ត​រំលោភ​សិទ្ធិ​មនុស្ស​ដោយ​ប្រើប្រាស់​សំឡេង​រំខាន​ដែល​ជា​ទម្រង់​មួយ​នៃ​ការ​បំភិតបំភ័យ និង​យាយី​ផ្លូវចិត្ត​ពលរដ្ឋ​ខ្មែរ​នៅ​បណ្ដោយ​ព្រំដែន​ដែន​កម្ពុជា​-ថៃ។

លោកសរសេរថា៖ «សំឡេង​ទាំង​នេះ ត្រូវ​បាន​ចាត់​ទុក​ជា​សំឡេង​ខ្លាំង​និង​មាន​កម្រិត​ខ្ពស់​ ក្នុង​រយៈពេល​យូរ​បាន​បង្ក​ជា​ការ​រំខាន​ដល់​ការ​ទទួល​ទាន​ដំណេក​ ធ្វើ​ឱ្យ​ថប់​បារម្មណ៍ និង​បង្ក​ឱ្យ​មាន​ការ​មិន​សុខ​ស្រួល​ផ្លូវ​កាយ​ដល់​ប្រជាជន​រស់​នៅ​ក្នុង​តំបន់​នោះ​រួម​ទាំង​ស្រ្តី កុមារ ចាស់​ជរា ជនមានពិការភាព និង​អ្នក​ជំងឺ»

​​គ.ស.ម.ក បាន​ឱ្យ​ដឹង​ថា​សកម្មភាព​នេះ​គឺ​ជា​ការ​រំលោភ​បំពាន​ដល់​បទ​ឈប់បាញ់ កិច្ចប្រជុំ​វិសាមញ្ញ​របស់​គណៈកម្មាធិការ​កិច្ចការ​ព្រំដែន​ទូទៅ​រវាប​កម្ពុជា​និងថៃ និងបណ្ដា​លិខិត​តុបករណ៍​សិទ្ធិ​មនុស្ស​អន្តរជាតិ​។ ស្ថាប័ន​សិទ្ធិ​មនុស្ស​កម្ពុជា​នេះ​បាន​អំពាវ​នាវ​ដល់​ស្ថាប័ន​សិទ្ធិ​មនុស្ស​សហប្រជាជាតិ​ ធ្វើការ​ស៊ើប​អង្កេត​ជា​បន្ទាន់​ អំពាវនាវ​ឱ្យ​បញ្ឈប់​គ្រប់​សកម្មភាព​ដែល​គំរាម​កំហែង​ផ្លូវ​ចិត្ត​ប្រជាជន​កម្ពុជា ធានាការ​ពារ​និង​ការ​ផ្ដល់​ជំនួយ​វេជ្ជសាស្ត្រ​និង​ផ្លូវ​ចិត្ត​ចាំ​បាច់​ដល់​ជន​រងគ្រោះ​ និង​លើក​ទឹក​ចិត្ត​ក្នុង​ការ​ពង្រឹង​កិច្ចសន្ទនា​តាម​ព្រំដែន​រវាង​កម្ពុជា​និង​ថៃ។

លោក​ កែវ រ៉េមី បាន​បន្ថែម​ក្នុង​លិខិត​នោះ​ថា៖ «សូម​គោរព​អញ្ជើញ​ ឯកឧត្តម​ចុះ​មក​សង្កេតការណ៍​ដោយ​ផ្ទាល់​ឱ្យ​បាន​ឆាប់​រហ័ស​បំផុត​នៅ​តំបន់​ព្រំដែន​កម្ពុជា​ថៃ ដែល​ត្រូវ​បាន​រាយការណ៍​ពី​ការ​រំលោភ​សិទ្ធិ​មនុស្ស​យ៉ាង​ធ្ងន់ធ្ងរ។ គ...ក នឹង​ធានា​រ៉ាប់រង​រាល់​ការ​ចំណាយ​ និង​សម្របសម្រួល​ជាមួយ​នឹង​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំង​អស់​»

អស់​រយៈពេល​២យប់​ហើយ​ដែល​ថៃ​បន្ត​ចាក់​សំឡេង​រំខាន​ពលរដ្ឋ​ខ្មែរ​នៅ​ភូមិ​ព្រៃ​ចាន់ ឃុំអូរបីជាន់ ស្រុក​អូរជ្រៅ​ ខេត្ត​បន្ទាយមានជ័យ​ បើ​ទោះ​បី​ជា​មាន​ការ​ចុះ​សង្កេត​ការណ៍​ដោយ​ក្រុម​អ្នកអង្កេត​ការណ៍​អន្តរកាល IOT ក៏ដោយ​។ តាមរយៈ​បទ​សម្ភាសន៍​ជាមួយ​អ្នក​សារព័ត៌មាន​មេ​គំនិត​នៃ​ការ​ចាក់​សំឡេង​រំខាន​នេះ កាន់ ចមផ្លាំង ថា​ការ​ធ្វើ​បែប​នេះ​គឺ​ដើម្បី​ដេញ​ពលរដ្ឋ​ខ្មែរ​ដែល​កំពុង​រស់​នៅ​ខុស​ច្បាប់​លើ​ដី​ថៃ ហើយ​ក៏​ត្រូវ​បាន​រដ្ឋបាលខេត្ត​ស្រះកែវ និង​យោធ​ភូមិភាគ១​របស់​ថៃ​អនុញ្ញាត​ផងដែរ​។

សសេរ​លើ​បណ្ដាញ​សង្គម​នៅ​ព្រឹក​ថ្ងៃទី​១២​ ខែ​តុលា ឆ្នាំ២០២៥​នេះ​​ អគ្គលេខាធិការ​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា​លោក​បណ្ឌិត​ យង់ ពៅ បាន​លើក​ឡើង​ថា​ការ​បញ្ជា​ឱ្យ​ ចមផ្លាំង ធ្វើ​ដូច្នេះ​គឺ​ថៃ​ចង់​បង្ហាញ​ពី​ភាព​គ្មាន​សីលធម៌​របស់​ប្រទេស​ខ្លួន ហើយ​ការ​ដែល​ថា​ខ្លួន​ជា​ជន​រងគ្រោះ​ពី​កម្ពុជា​នោះ​គឺ​ជា​ទ្រឹស្ដី​ដែល​ស្មោគ​គ្រោក​ប៉ុណ្ណោះ​។

គួរឱ្យដឹង​ផងដែរ​ថា​រដ្ឋបាល​ខេត្ត​ស្រះកែវ​ ប្រទេស​ថៃ​បាន​ដាក់​ឱសានវាទ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​រស់​នៅ​ភូមិ​ព្រៃ​ចាន់ និង​ភូមិជោគជ័យ​ចាកចេញពី​ទី​លំនៅ​ត្រឹម​ថ្ងៃទី​១០ ខែ​តុលា ដោយ​អះអាង​ថា​ពលរដ្ឋ​ខ្មែរ​ទាំង​នោះ​កំពុង​រស់​នៅ​ខុសច្បាប់​លើ​ទឹក​ដី​ថៃ ខណៈ​ដែល​ប្រទេស​ទាំង​ពីរ​មិន​ទាន់​កំណត់​ព្រំដែន​តំបន់​នោះ​ច្បាស់លាស់​នៅ​ឡើយ​ទេ​។ រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ​ តាមរយៈ​លិខិត​កាលពី​ថ្ងៃទី​៨ ខែ​តុលា បាន​ឆ្លើយ​តប​ទៅ​វិញ​ថា​ខេត្ត​ស្រះ​កែវ​គ្មានសិទ្ធិ​មក​គួស​វាស​ព្រំដែន​បំពាន​សមត្ថកិច្ច​របស់​គណៈកម្មការ​ចម្រុះ​ព្រំដែន​កម្ពុជា​-ថៃ JBC នោះទេ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម