Connect with us

ព័ត៌មានជាតិ

សមាជិកព្រឹទ្ធសភា​ថៃ​ប្រតិកម្ម​ចំពោះ​ការ​ចាក់​សំឡេង​រំខាន​​ពលរដ្ឋ​ខ្មែរ

បានផុស

នៅ

សមាជិក​ព្រឹទ្ធសភា​ថៃ​លោកស្រី Angkhana Neelapaijit បាន​ស្នើ​ដល់​រដ្ឋាភិបាល​ថៃ​ពិនិត្យ​លើ​ករណី​ដែល​បុគ្គល​ កាន់ ចមផ្លាំង ប្រើប្រាស់​សំឡេង​ប្រឆាំង​ពលរដ្ឋ​ខ្មែរ​នៅ​ភូមិ​ព្រៃ​ចាន់ ឃុំអូរបីជាន ស្រុកអូរជ្រៅ​ ខេត្ត​បន្ទាយមានជ័យ​។ ការលើកឡើង​នេះ​គឺ​បន្ទាប់​ពី​ថៃ​បាន​ចាក់​សំឡេង​រំខាន​ដល់​ដំណេក​របស់​ពលរដ្ឋ​ខ្មែរ​ចំនួន​២យប់​ជាប់​គ្នា​ ទោះបី​មាន​អ្នក​សង្កេត​ការណ៍​អន្តរកាល​ចុះ​ពិនិត្យ​ក៏​ដោយ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​កាសែត​ថៃ Khaosod English បាន​ចុះ​ផ្សាយ​នៅ​ថ្ងៃទី​១២ ខែ​តុលា នេះ​ដោយ​បាន​ដក​ស្រង់​សំដី​របស់​លោក Angkhana យក​មក​ចុះផ្សាយ​ថា៖ «រាជរដ្ឋាភិបាល​ថៃ​គួរ​តែ​បាន​ដឹង​ថា​រាល់​សកម្មភាព​ទាំង​ឡាយ​ណា​ បង្ក​ឱ្យ​មាន​អារម្មណ៍​ភ័យ​ខ្លាច​ ឬ​ប៉ះពាល់​ដល់​ផ្លូវ​ចិត្ត​របស់​ប្រជាជន​ ទោះ​បី​អ្នក​ស្ថិត​ក្នុង​ស្ថាន​ភាព​ជម្លោះ​ក៏​ដោយ​ ជា​ពិសេស​ក្រុម​ងាយ​រងគ្រោះ​ដែល​អាច​ជា​ការ​ធ្វើ​ទារុណកម្ម​ផ្លូវ​ចិត្ត ក្រោម​អនុសញ្ញា​ប្រឆាំង​ទារុណកម្ម និង​ការ​ប្រព្រឹត្តិ​មក​លើ​ខ្លួន ឬ​ទណ្ឌកម្ម​ឯទៀត​ដែល​ឃោឃៅ អមនុស្ស​ធម៌ ឬ​បន្ថោក​បន្ទាប (CAT) ដែល​ថៃ​ជា​រដ្ឋភាគី»។

អស់​រយៈពេល​២យប់​ហើយ​ដែល​ថៃ​បន្ត​ចាក់​សំឡេង​រំខាន​ពលរដ្ឋ​ខ្មែរ​នៅ​ភូមិ​ព្រៃ​ចាន់ ឃុំអូរបីជាន់ ស្រុក​អូរជ្រៅ​ ខេត្ត​បន្ទាយមានជ័យ​ បើ​ទោះ​បី​ជា​មាន​ការ​ចុះ​សង្កេត​ការណ៍​ដោយ​ក្រុម​អ្នកអង្កេត​ការណ៍​អន្តរកាល IOT ក៏ដោយ​។ តាមរយៈ​បទ​សម្ភាសន៍​ជាមួយ​អ្នក​សារព័ត៌មាន​មេ​គំនិត​នៃ​ការ​ចាក់​សំឡេង​រំខាន​នេះ កាន់ ចមផ្លាំង ថា​ការ​ធ្វើ​បែប​នេះ​គឺ​ដើម្បី​ដេញ​ពលរដ្ឋ​ខ្មែរ​ដែល​កំពុង​រស់​នៅ​ខុស​ច្បាប់​លើ​ដី​ថៃ ហើយ​ការចាក់នេះក៏​ត្រូវ​បាន​រដ្ឋបាលខេត្ត​ស្រះកែវ និង​យោធ​ភូមិភាគ១​របស់​ថៃ​អនុញ្ញាត​ផងដែរ​។

សសេរ​លើ​បណ្ដាញ​សង្គម​នៅ​ព្រឹក​ថ្ងៃទី​១២​ ខែ​តុលា ឆ្នាំ២០២៥​នេះ​​ អគ្គលេខាធិការ​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា​លោក​បណ្ឌិត​ យង់ ពៅ បាន​លើក​ឡើង​ថា​ការ​បញ្ជា​ឱ្យ​ ចមផ្លាំង ធ្វើ​ដូច្នេះ​គឺ​ថៃ​ចង់​បង្ហាញ​ពី​ភាព​គ្មាន​សីលធម៌​របស់​ប្រទេស​ខ្លួន ហើយ​ការ​ដែល​ថា​ខ្លួន​ជា​ជន​រងគ្រោះ​ពី​កម្ពុជា​នោះ​គឺ​ជា​ទ្រឹស្ដី​ដែល​ស្មោគ​គ្រោក​ប៉ុណ្ណោះ​។

អ្នក​កាសែត​ថៃ​លោក Pravin Rojanaphruk ក៏បាន​សរសេរ​លើ​បណ្ដាញ​សង្គម​របស់​លោក​ដោយ​សំណួម​ពរ​ដល់​រដ្ឋាភិបាល​ថៃ​ពិនិត្យ​ឡើងវិញ​លើ​ករណី​នេះ​ដោយ​ថា «សូម​កុំ​ឱ្យ​ថៃ​ក្លាយ​ជា​ឃ្លាំង​សំណើច​ក្នុង​កែវ​ភ្នែក​សហគមន៍​អន្តរជាតិ​ព្រោះ​តែ​មនុស្ស​ស្អុយរលួយ​ដែល​គ្មាន​ប្រយោជន៍​មួយ​ចំនួន​ឱ្យ​សោះ»

គួរឱ្យ​ដឹង​ផងដែរ​ថា​ករណី​ដែល​ថៃ​ចាក់​សំឡេង​បង្ក​ការ​រំខានដល់​ពលរដ្ឋ​ខ្មែរ​ភូមិ​ព្រៃ​ចាន់​នេះ​ត្រូវ​បាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​រៀបចំ​លិខិត​ដាក់​ទៅ​ឧត្តមស្នងការសិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​ផងដែរ​ដោយ​បាន​អំពាវនាវ​ដល់​ស្ថាប័ន​នេះ ធ្វើការ​ស៊ើប​អង្កេត​ជា​បន្ទាន់​ អំពាវនាវ​ឱ្យ​បញ្ឈប់​គ្រប់​សកម្មភាព​ដែល​គំរាម​កំហែង​ផ្លូវ​ចិត្ត​ប្រជាជន​កម្ពុជា ធានាការ​ពារ​និង​ការ​ផ្ដល់​ជំនួយ​វេជ្ជសាស្ត្រ​និង​ផ្លូវ​ចិត្ត​ចាំ​បាច់​ដល់​ជន​រងគ្រោះ​ និង​លើក​ទឹក​ចិត្ត​ក្នុង​ការ​ពង្រឹង​កិច្ចសន្ទនា​តាម​ព្រំដែន​រវាង​កម្ពុជា​និង​ថៃ។ លោក កែវ រ៉េមី ក៏​អញ្ជើញ​ឧត្តម​ស្នងការ​សិទ្ធិ​មនុស្ស​ UN លោក Volker Turk មក​ពិនិត្យ​លើ​ដីជាក់ស្ដែង​ផងដែរ​៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍ ​​​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម