ព័ត៌មានជាតិ
ជម្លោះព្រំដែនជាមួយថៃ សម្ដេចតេជោ ថា មិនអាចដោះស្រាយតាមកិច្ចព្រមព្រៀងប៉ារីសបានឡើយ
បំណងចង់ឱ្យកម្ពុជាប្ដឹងទៅសហប្រធានកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ពាក់ព័ន្ធនឹងបញ្ហាជម្លោះព្រំដែនកម្ពុជា និងថៃនោះ សម្ដេចតេជោ ហ៊ុន សែន ឆ្លើយថា «វាដោះស្រាយមិនបានទេ»។ ផ្ទុយទៅវិញ សម្រាប់សម្ដេចតេជោ បញ្ហាព្រំដែននេះ គឺកម្ពុជាទៅហួសដល់យន្តការតុលាការ និងស្ថាប័នអន្តរជាតិទៅហើយ។

ថ្លែងក្នុងសម័យប្រជុំពេញអង្គព្រឹទ្ធសភា នៅព្រឹកថ្ងៃទី២៤ ខែតុលានេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានបញ្ជាក់ថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស មិនអាចយកមកដោះស្រាយបញ្ហាព្រំដែនដែលកំពុងកើតមានរវាងកម្ពុជា និងថៃបានឡើយ។ តើយកកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសមកអនុវត្តត្រង់ណា? ហើយបានមើលកិច្ចព្រមព្រៀងគ្រប់ចំណុចហើយឬនៅ? ជាសំណួររបស់សម្តេចតេជោ ហ៊ុន សែន សួរទៅកាន់អ្នកដែលអំពាវនាវចង់ឱ្យប្ដឹងទៅសហប្រធានកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស កោះប្រជុំបន្ទាន់ទាក់ទិននឹងការឈ្លានពានរបស់ប្រទេសថៃមកលើកម្ពុជា។

សម្ដេចតេជោ បានសួរថា ឥណ្ឌូណេស៊ី និងបារាំង ដែលជាសហប្រធានកិច្ចព្រមព្រៀងក្រុងប៉ារីស ព្រមទាំងប្រទេសជាហត្ថលេខីទាំងឡាយ តើគេយល់ព្រមកោះប្រជុំឬទេ? ហើយដោះដោយរបៀបណា? ខណៈដែលក្នុងជម្លោះនេះ កម្ពុជា និងថៃ ជាម្ចាស់ហត្ថលេខី ប្រកាន់ជំហររៀងៗខ្លួន ដើម្បីការពារអធិបតេយ្យជាតិ។ ម្យ៉ាងទៀតកិច្ចព្រមព្រៀងនេះ ក៏អស់សុពលភាព ក្រោយធាតុចូលនៃកិច្ចព្រមព្រៀង ត្រូវបានបញ្ចូលក្នុងរដ្ឋធម្មនុញ្ញកម្ពុជា។
សម្ដេចតេជោ បញ្ជាក់យ៉ាងច្បាស់ថា បើពឹងលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនេះបាន កម្ពុជានឹងជ្រើសយកកិច្ចព្រមព្រៀងមួយនេះ ដោយមិនចាំបាច់ទៅពឹងយន្តការអន្តរជាតិផ្សេងឡើយ។ ប៉ុន្តែសម្ដេច ថា «មិនអាចទៅរួចឡើយ»។

ប៉ុន្តែយ៉ាងណា សម្ដេចតេជោ ហ៊ុន សែន បានអះអាងឱ្យដឹងថា បញ្ហាជម្លោះព្រំដែនជាមួយប្រទេសជិតខាងពេលនេះ គឺកម្ពុជាបានប្រើគ្រប់យន្តការអន្តរជាតិរបស់ពិភពលោក រាប់តាំងពីតុលាការយុត្តិធម៌អន្តជាតិ ICJ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងវេទិកាអន្តរជាតិនានា។ សម្ដេច ក៏បានគូសរំលេចពីការបោះជំហានជាវិជ្ជមានក្នុងដំណោះស្រាយកម្ពុជា និងថៃ តាមរយៈកិច្ចព្រមព្រៀងសន្តិភាពដែលគ្រោងនឹងចុះហត្ថលេខាក្នុងពេលដ៏ខ្លីខាងមុខនៅប្រទេសម៉ាឡេស៊ី។
ប្រសិនបើមិនមានការប្រែប្រួលទេ នៅទីក្រុងគូឡាឡាំពួ ជាទីដែលរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនោះ កម្ពុជា-ថៃ នឹងចុះហត្ថលេខាលើកិច្ចព្រៀងសន្តិភាព នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដែលគ្រានោះអាចនឹងមានការចូលរួមជាសាក្សីពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ និងលោកនាយករដ្ឋមន្រ្តីម៉ាឡេស៊ី ជាប្រធានអាស៊ាន៕
អត្ថបទ៖ ធឿន វ៉ាន់សុង
-
ចរាចរណ៍១ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាជ្ញាធរចិន ដាក់ក្រុមហ៊ុនថៃនាំចេញសាច់មាន់១៧ ក្នុង«បញ្ជីខ្មៅ»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវបុរាណចំនួន ៧ ខ្សែ សាងសង់ភ្ជាប់ពីរាជធានីអង្គរទៅតំបន់ឆ្ងាយៗក្នុងដែនដីអាណាចក្រខ្មែរ
-
កីឡា១ សប្តាហ៍ agoក្រុមកីឡាបាល់បោះ បាល់ទាត់លើតុ រីករាយចំពោះការចូលរួមកាន់តែច្រើនពីវិស័យឯកជនមកលើកីឡានៅកម្ពុជា
-
ព័ត៌មានជាតិ១ ថ្ងៃ agoក្រសួងការងារ សម្ដែងក្តីរន្ធត់ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យកម្មករជាង១០នាក់ស្លាប់និងរបួសជាង៣០នាក់


