Connect with us

ព័ត៌មានអន្ដរជាតិ

​ [វិចារណកថា] ក្រោម​ហេតុផល​អ្វីក៏ដោយ ​អានុទីន មិនអាច​គេចវេស​ពីការ​ចុះ​ហត្ថលេខា​សន្តិភាព​ជាមួយកម្ពុជា នោះទេ​

បានផុស

នៅ

​មន្ត្រី​រដ្ឋាភិបាលថៃ និង​សារ​ព័ត៌មាន​ថៃជាច្រើន​​​ហាក់​ព្យាយាម​លេង​ល្បែងចិត្តសាស្ត្រ​ចុងក្រោយ ដោយ​​ការ​​បញ្ចេញ​​ និង​ផ្សព្វផ្សាយ​​​ព័ត៌មាន​​​​​ជាច្រើន​ជុំវិញ​ភាព​មិនច្បាស់​លាស់​នៃ​ដំណើរ​​​ចូលរួម​កិច្ច​ប្រជុំ​​​​កំពូល​អាស៊ាន​​របស់​នាយករដ្ឋមន្ត្រី​ថៃ លោក ​អានុទីន ចានវីរៈគុល (Anutin Charnvirakul) ដែល​​មើល​ទៅទំនង​​​​គេច​ផុត​ពី​ការចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​សន្តិភាពជាមួយ​ប្រទេសកម្ពុជា​​​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
លោក អានួទីន ចានវីរៈគុល នាយករដ្ឋមន្ត្រីថៃ​។ FB

​ព័ត៌មាន​នៃ​ការ​លេង​ចិត្តសាស្រ្ត​ចុង​ក្រោយ​​​នេះ​​ ដោយ​យក​លេស​នៃ​ការ​សោ​យ​ទិវង្គតរបស់​ព្រះមហាក្សត្រិយានី ​សិរិគិត (Sirikit) ដែល​ជា​ព្រះមាតា​របស់​​​មហាក្សត្រ​ថៃ​​បច្ចុប្បន្ន​​នៅថ្ងៃទី២៤​ខែតុលា​នេះ ក្រោយ​ការ​បញ្ជាក់​និង​ការ​ផ្សព្វផ្សាយ​​ជាសាធារណៈ ខណៈដែល​​​ដំណឹង​សោយទិវង្គត​នេះ​ត្រូវ​បាន​​អ្នកសារព័ត៌មាន​​​ជន​ជា​តិ​អៀកឡង់​ដែលស្និទ្ធ​នឹង​រាជវាំងថៃ​ធ្លាប់​បាន​​បង្ហាញ​​ជាច្រើន​ខែ​កន្លងមក​ហើយ​។

ក្នុងរយៈពេលដ៏ខ្លី​បន្ទាប់​ពី​ការ​ផ្សព្វផ្សាយ​ជាសាធារណៈ​នៃ​​ការ​សោទិវង្គត​នេះ​​ សារ​ព័ត៌មាន​ថៃ​​​ជាច្រើនបានផ្សព្វផ្សាយ​​ដោយ​សំអាង​​​លើ​ការ​អះអាង​ពី​ការ​បញ្ជាក់​ពី​មន្ត្រីរដ្ឋាភិបាល​ថៃ ប៉ុន្តែ​គ្មាន​សម្រង់សម្តីផ្ទាល់នោះទេ ​អំពី​លទ្ធ​ភាព​​ដែលនាយករដ្ឋមន្ត្រី អានុទីន ​លុប​ចោលដំណើរទៅចូលរួម​កិច្ច​ប្រជុំ​​​​កំពូល​អាស៊ាន​​នៅ​ទីក្រុង​កូឡាឡាំពូ និង​ជាពិសេស​បំផុត​នោះ គឺ​ការ​មិនចូលរួម​​​ចុះ​ហត្ថលេខា​​លើ​​កិច្ច​ព្រម​ព្រៀង​សន្តិភាព​​​​ជាមួយ​កម្ពុជា ដែលមាន​​ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ជាសាក្សី និង មាន​ការរៀបចំ​សម្របសម្រួល​ដោយ​​​រដ្ឋាភិបាល​​ម៉ាឡេស៊ី​។

ដំណើរការ​ចរចា​​​រកដំណោះស្រាយ​​​​ក្នុងជម្លោះ​ព្រំដែន​​​​រវាង​​ថៃនិង​កម្ពុជា បាន​​ប្រព្រឹត្តទៅ​ក្រោម​ការ​តាមដាន​​​ដ៏យកចិត្តទុក្ខ​​បំផុតពីរដ្ឋបាល​របស់រដ្ឋបាល​របស់​​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ដែល​ប្រាថ្នាចង់​ឃើញ​កិច្ច​ព្រម​ព្រៀង​​សន្តិភាព​​ផ្លូវ​ការ​​ដំបូង​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​(ASEAN) ​​​​​ប្រព្រឹត្តទៅ​​​ក្រោមវត្តមានរបស់​​លោក​។

​ការ​ចរចា​សន្តិភាព​រវាង​​ប្រទេស​កម្ពុជា​និង​ថៃ បាន​​ប្រព្រឹត្ត​ទៅ​ក្នុង​ពេលវេលា​​ដ៏តានតឹង​បំផុតនិង​រយៈពេលខ្លី​​​ មុន​ឈានដល់​ការ​ចុះ​ហត្ថលេខា​​ជាផ្លូវការ​​នៅថ្ងៃទី​២៦ខែ​តុលា​​។ ការ​ចរចា​រកដំណោះស្រាយ​ដែល​ថៃ​មិន​ចង់ធ្វើ គ្មានឆន្ទៈធ្វើ ប៉ុន្តែ​ថៃ​មិន​អាច​គេចវេស​រួច​នេះ​ គឺ​ដោយសារ​តែ​ការ​ដាក់​សម្ពាធ​របស់​រដ្ឋបាល​របស់ប្រធានាធិបតី​​​ ដូណាល់ ត្រាំ ដែល​តែ​ងតែ​ពោល​ថា ​«បញ្ឈប់​ការ​សម្លាប់​ជីវិត​​មនុស្ស»។

​វា​ជាសំណាង​ល្អ​មួយ​សម្រាប់​កិច្ច​ព្រមព្រៀង​សន្តិភាព​​ដែលកម្ពុជា​​ចង់បាន​បំផុត ក្នុងនាម​ជា​ប្រទេសតូចជាងថៃ​​ មានសេដ្ឋកិច្ច​ខ្សោយជាងថៃ​ និង​ធ្លាប់ជួប​សង្គ្រាម​រ៉ាំរៃ​ច្រើនទសវត្សរ៍​ ដោយសារតែ​​ចាប់តាំងពី​​សម្រាប់​បាន​កិច្ច​ព្រមព្រៀង​​បទ​ឈប់បាញ់​កាលថ្ងៃទី​២៨ខែ​កក្កដា គឺ​សហរដ្ឋ​អាមេរិកជំរុញ​ឲ្យ​ម៉ាឡេស៊ី​រៀប​ចំ​កិច្ច​ប្រជុំ​​ចរចា​ជាបន្តបន្ទាប់ ដើម្បី​ឈានទៅរកដំណោះស្រាយ​​​សន្តិភាព​យូរអង្វែង​។

​ក្រោយ​ការ​ផ្សព្វផ្សាយ​របស់​បណ្តាញ​សារព័ត៌មានថៃ​​​អំពីការលុប​ចោល​ដំណើរ​របស់​អានុទីនមិនបានប៉ុន្មានផង លោក អានុទី​ន​ខ្លួន​ឯង ក៏បានអះអាង​តាមសារព័ត៌មានថៃ​ដដែល​​នៅ​ថ្ងៃ​ទី​២៥ តុលា ថា​ លោក​នឹង​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ម៉ាឡេស៊ី ដើម្បី​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​សន្តិភាព​​​ជាមួយ​កម្ពុជា។

​យោង​តាមការ​ផ្សព្វផ្សាយ​របស់​ The Straits Times ​លោក អានុទីន បានប្រាប់អ្នកសារព័ត៌មានថា លោក​នឹងនៅទីក្រុងកូឡាឡាំពួ ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះនៅថ្ងៃទី ២៦ខែតុលា ហើយនឹងត្រឡប់ទៅប្រទេសថៃវិញបន្ទាប់ពីនោះ សម្រាប់​រៀបចំ​ពិធី​បុណ្យ​កាន់​ទុក្ខ​ដោយ​ការ​សោយទីវង្គត់របស់ព្រះមហាក្សត្រិយានី សិរីគិត​។

​តាមការ​ចេញ​ផ្សាយ​ដដែល ​នាយករដ្ឋមន្ត្រី​ថៃ លោក អានុទីន ដែលឡើង​កាន់អំណាច​​ក្រោម​ការ​ដាក់​លក្ខខណ្ឌ​​របស់​គណបក្ស​ប្រឆាំង​ឲ្យ​រំលាយ​សភា​ក្នុងរយៈពេល​៤ខែ​នោះ ​ក៏​បាន​និយាយ​ដែរ​ថា លោក​នឹង​មិន​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​ Apec នៅ​សប្តាហ៍​ក្រោយ​ដែល​រៀបចំឡើងនៅ​ប្រទេសកូរ៉េខាងត្បូង​នោះទេ។

​ជា​ការ​ពិត​​កិច្ច​ព្រមព្រៀង​សន្តិភាព​​រវាង​កម្ពុជានិង​ថៃ​ គឺ​គ្មានភាគី​ណាមួយ​អាចលុប​ចោល​​ដោយ​ចិត្តឯងចង់បាននោះទេ ពីព្រោះថា​ ក្នុងរយៈពេល​ដ៏ខ្លី​កិច្ច​ប្រជុំ​​គ្រប់លំដាប់ថ្នាក់ ចាប់តាំង​​កម្រិតយោធភូមិភាគ (RBC) ​គណៈកម្មការ​ព្រំដែន​ចម្រុះ (​(JBC) គណៈកម្មកា​រព្រំដែន​ទូទៅ (GBC) និង​កិច្ច​ប្រជុំ​​កម្រិតអន្តរជាតិ​ចតុភាគី ដោយ​មានសហរដ្ឋអាមេរិក ម៉ាឡេស៊ី និង​ភាគីជម្លោះទាំងពីរ គឺ​សុទ្ធ​តែបានធ្វើរួចរាល់ និង បានសម្រេចចុះ​ហត្ថលេខា​​លើ​​កិច្ច​ព្រមព្រៀង​រៀងរាល់លើក។ ដូចនេះ ភាគី​ថៃ​ ឬ​នាយករដ្ឋមន្ត្រីថៃ​ គ្មានហេតុផល​ណា​​គេ​ចវេស​ពីការ​ចុះ​ហត្ថលេខាលើ​ឯកសារ​ផ្លូវការ​នេះ​ទេ៕​

រ៉ាន់ រើយ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម