Connect with us

ព័ត៌មានអន្ដរជាតិ

​​ពេលទៅដល់​ប្រទេសភ្លាម​​ អានុទីន​ ប្រឈម​​សំណួរដំបូង​​​រឿង​​ចុះ​ហត្ថលេខា​រ៉ែកម្រ​ជាមួយអាមេរិក​

បានផុស

នៅ

​ក្រោយ​វិល​ត្រឡប់ចូល​ដល់​ប្រទេស​​ភ្លាម នាយករដ្ឋមន្ត្រីថៃ លោក អានុទីន​ ឆានវីរៈគុល (Anutin Charnvirakul)​ បាន​ប្រឈម​​ទៅនឹងសំណួរ​​​​ជុំវិញ​ការ​ចុះ​ហត្ថលេខា​លើ​រ៉ែ​កម្រ​ជាមួយសហរដ្ឋ​អាមេរិក ដោយ​មិនបានប្រកាស​​ដំណឹង​​ជាសាធារណៈជាមុន​ដល់​ប្រជាជន​ថៃ។ ​​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​​ការ​មិន​​​ប្រកាស​​​ជួនដំណឹង​ជាសាធារណៈ​មុន​ការ​ចុះ​ហត្ថលេខា​​រវាង​នាយករដ្ឋមន្ត្រី​ថៃ លោក អានុទីន ឆានវីរៈគុល និង​ ប្រធានាធិបតី​​សហរដ្ឋអាមេរិក​ លោក ដូណាល់ ត្រាំ ​បាន​បង្ក​​ឲ្យ​មាន​ការ​ចោទ​​​ជា​សំណួរ​ជុំវិញ​​រដ្ឋាភិបាល​របស់​លោក អានុទីន ដែល​មានសុពលភាព​ត្រឹមតែ​​៤ខែ​ និង​អាចនាំទៅដល់​ការ​តវ៉ា​​​ផ្នែក​នយោបាយ​​ថែមទៀត​។

​យោង​ការ​ដកស្រង់សម្តី​ដោយ​សារ​ព័ត៌មានថៃ The Nation ​ពេល​​ចុះ​ចត​​​នៅ​ព្រលានយន្តហោះ​ដនមឿងនាទីក្រុងបាងកក​នៅ​ព្រលប់​ថ្ងៃអង្គារ​ទី​២៨ តុលា ពេលត្រឡប់ពីកិច្ចប្រជុំកំពូលអាស៊ាននៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី លោក អានុទីន​ បានទទួលសំណួរ​ដំបូង​​អំពី​ការ​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈយោគយល់​គ្នា (​MOU) ជាមួយ​សហរដ្ឋអាមេរិក​ជុំវិញ​អាជីវកម្ម​រ៉ែ​កម្រ​នេះ​។

លោក ​អានុទីន បានពន្យល់ថា MOU មានគោលបំណងជាក្របខណ្ឌត្រៀម​ទុកមុន​ក្នុងករណីដែល​​​​មាន​កំណប់​រ៉ែ​កម្រ​​​ស្រាវជា្រវ​ឃើញ​និង​ដែលអាចធ្វើពាណិជ្ជកម្មបាន​នៅក្នុងប្រទេសថៃនាពេលអនាគត»។

​​លោក​​ អានុទីន​ បន្តថា៖«ប្រសិនបើធនធានទាំងនោះត្រូវបានរកឃើញ ពួកគេអាចប្រើប្រាស់ដើម្បីផ្តល់ផលប្រយោជន៍ដល់ប្រទេស។ យើងនឹងសិក្សារួមគ្នា និងស្វែងរកកិច្ចសហប្រតិបត្តិការជាមួយសហរដ្ឋអាមេរិក ជាពិសេសដោយសារ​តែ​ពួកគេមានបច្ចេកវិទ្យាទំនើបជាង និងមាន​​ទីផ្សារប្រសើរ​ជាង​»​។

​​​​រដ្ឋាភិបាល​​របស់​ លោក អានុទីន ហាក់​កំពុង​​​ប្រឈម​​​​​​​ចរន្ត​តវ៉ា​​​​ផ្នែក​នយោបាយ​​យ៉ាង​ខ្លាំង ក្រោយ​ពី​ការ​ចុះ​ហត្ថលេខា​លើ​រ៉ែ​កម្រនេះ ​ដោយសារ​តែ​​ មន្ត្រី​រដ្ឋាភិបាល​​របស់​លោក បាន​ចេញ​មក​បកស្រាយ​​​ជាបន្តបន្ទាប់​​ ក្រោយ​ការ​ចុះ​ហត្ថលេខា​នោះ​បានត្រឹមតែ​​១ថ្ងៃ​។ ​

​លោក​ អានុទីន​ និយាយជាមួយ​​ស្តេច​ប្រ៊ុយណេ​​ក្នុងពេល​​កិច្ចប្រជុំកំពូលអាស៊ាន​។​ REUTERS

​លោក​ អានុទីន បាន​​និយាយ​សម្រាល​​​ពេលមកដល់​ប្រទេសថា កិច្ច​ព្រម​ព្រៀង​នេះ​មិន​មាន​លក្ខណៈ​​ធ្វើ​អាជីវកម្ម​​ផ្តាច់​មុខ​ឬ​​ផ្តល់​សម្បទាន​នោះទេ​ ដោយ​​អះអាង​ថា MOU នេះគ្រាន់តែជាមូលដ្ឋានគ្រឹះ​សម្រាប់កិច្ចសហប្រតិបត្តិការនាពេលអនាគត។

ប្រសិនបើថៃដំណើរការ​​​​​​​រ៉ែ​​កម្រ​​​​ជា​យថា​ហេតុ​​​​​ យើងនឹងបើកចំហរសម្រាប់ការស្រាវជ្រាវរួមគ្នា ឬភាពជាដៃគូ។ មិនមានកាតព្វកិច្ចផ្លូវច្បាប់អ្វីទាំងអស់។ ប្រសិនបើប្រទេសថៃអាចគ្រប់គ្រងធនធាន ​ធ្វើ​ទីផ្សារ និងអភិវឌ្ឍបច្ចេកវិទ្យាដោយឯករាជ្យ យើងអាចបញ្ចប់ MOU ហើយដំណើរការដោយខ្លួនឯង»​៕​

​យោងសេចក្តី​សង្ខេបព័ត៌មានរបស់​សេតវិមាន ​លោកប្រធានាធិបតី លោក ដូណាល់ ត្រាំ និងនាយករដ្ឋមន្ត្រី អានុទីន ឆានវីរៈគុល បានចុះហត្ថលេខាលើ MOU ដែលនឹងធានា និងធ្វើពិពិធកម្មការផ្គត់ផ្គង់រ៉ែ​កម្រ​សំខាន់ៗ លើកកម្ពស់ភាពជាដៃគូរវាងក្រុមហ៊ុនអាមេរិក និងថៃ និងបង្កើនភាពធន់នៃខ្សែសង្វាក់ផ្គត់ផ្គង់សកល៕​

រ៉ាន់ រើយ​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម