សេដ្ឋកិច្ច
ការដោះដូរទំនិញកម្ពុជា-អន្តរជាតិ សម្រេចបានជាង ៥២,៥ ពាន់លានដុល្លារ ត្រឹមរយៈពេល ១០ ខែ
ការដោះដូរទំនិញកម្ពុជាជាមួយដៃគូពាណិជ្ជកម្មអន្តរជាតិសម្រេចបាននូវទំហំទឹកប្រាក់ជាង ៥២,៥៧ ពាន់លានដុល្លារ នៅក្នុងរយៈពេល ១០ ខែ ឆ្នាំ ២០២៥ កើនឡើង ១៦,៥ ភាគរយ ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ ២០២៤ ដែលមានទំហំ ៤៥ ពាន់លានដុល្លារ។ នេះបើយោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE) ចេញផ្សាយនៅថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០២៥។

ទិន្នន័យរបស់ GDCE បានបង្ហាញថា ចាប់ពីខែមករា ដល់ខែតុលា ឆ្នាំ ២០២៥ ការនាំចេញ-នាំចូលទំនិញរវាងកម្ពុជា ជាមួយដៃគូអន្តរជាតិមានទំហំទឹកប្រាក់សរុប ៥២,៥៧ ពាន់លានដុល្លារ កើនឡើង ១៦,៥ ភាគរយ ក្នុងនោះកម្ពុជានាំចេញមានតម្លៃ ២៤,៩៤ ពាន់លានដុល្លារ កើន ១៥,២ ភាគរយ ចំណែកទំនិញនាំចូលមានតម្លៃ ២៧,៦៣ ពាន់លានដុល្លារ កើន ១៧,៧%។
ទិន្នន័យខាងលើបង្ហាញថា តុល្យភាពជញ្ជីងពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជាមានឱនភាពប្រមាណ ២,៦៨ ពាន់លានដុល្លារ។ ដៃគូពាណិជ្ជកម្មសំខាន់ៗរបស់កម្ពុជារួមមាន ចិន អាមេរិក វៀតណាម ថៃ និងជប៉ុន។
ទំនិញដែលកម្ពុជា នាំចេញទៅទីផ្សារអន្តរជាតិ រួមមាន សម្លៀកបំពាក់ ស្បែកជើង ម៉ាស៊ីន និងឧបករណ៍អគ្គិសនី វត្ថុធាតុធ្វើអំពីស្បែក បរិក្ខារធ្វើពីរោមសត្វ ធញ្ញជាតិ កៅស៊ូ និងផលិតផលធ្វើអំពីកៅស៊ូ និងគ្រឿងសង្ហារឹមជាដើម។

លោកបណ្ឌិត ជ័យ តិច អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច មានប្រសាសន៍ថា ពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា មានការកើនឡើង ក្នុងនោះការនាំចេញក្នុងវិស័យឧស្សាហកម្ម កាត់ដេរសម្លៀកបំពាក់ ការនាំចេញ កង់ សំបកកង់រថយន្ត និងគ្រឿងបង្គុំអគ្គិសនី និងអេឡិកត្រូនិកមានការកើនឡើង។
លោកបណ្ឌិត ជ័យ តិច យល់ឃើញថា៖ «ការវិនិយោគក៏មានការកើនឡើង ហើយការនាំចេញក៏មានការកើនឡើង ពាក់ព័ន្ធទៅនឹងការទទួលបាននូវអត្រាពន្ធ ដូចជាចក្រភពអង់គ្លេស គឺយើងនាំចូលគ្រឿងបង្គុំអគ្គិសនី ក៏ដូចជាវាយនភណ្ឌ គឺអត្រាសូន្យភាគរយ»។
លោកបណ្ឌិត ជ័យ តិច បន្ថែមថា ការនាំចេញរបស់កម្ពុជា ទៅសហរដ្ឋអាមេរិក ក៏មានការកើនឡើងខ្លាំងដោយសារតែអត្រាពន្ធ ១៩% បើធៀបជាមួយសមាជិកអាស៊ាន និងប្រទេសដៃគូប្រកួតប្រជែង គឺកម្ពុជាមានប្រៀបជាង ពោលគឺស្មើតែប្រទេសឥណ្ឌូនេស៊ី លើវិស័យវាយនភណ្ឌ។

ម្យ៉ាងទៀត ការតភ្ជាប់ការដឹកជញ្ជូន ដោយផ្ទាល់ទៅអន្តរជាតិ ខណៈកម្ពុជាទើបបើកដំណើរការព្រលានយន្តហោះអន្តរជាតិតេជោ។
លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានប្រសាសន៍ថា តាមរយៈការខិតខំកែទម្រង់របស់រាជរដ្ឋាភិបាលតាមវិស័យសំខាន់ៗ សេដ្ឋកិច្ចកម្ពុជា បានស្ទុះងើបឡើងវិញយ៉ាងឆាប់រហ័ស បន្ទាប់ពីវិបត្តិជំងឺកូវីដ១៩ ទោះបីជាត្រូវជម្នះបញ្ហាប្រឈម និងភាពមិនប្រាកដប្រជា នៃស្ថានភាពតំបន់ និងសាកល ដោយសារការប្រឈមមុខភូមិសាស្ត្រនយោបាយស្រួចស្រាល់, ការបែកខ្ញែកនៃសេដ្ឋកិច្ចសាកល ដែលប៉ះពាល់ដល់កិច្ចសហប្រតិបត្តិការ និងពាណិជ្ជកម្មអន្តរជាតិ, ការងើបឡើងវិញនៃនិន្នាការឯកតោភាគីនិយម, ភាពមិនច្បាស់លាស់នៃទស្សនវិស័យនៃកំណើនសេដ្ឋកិច្ច នៃបណ្ដាប្រទេស និងតំបន់ ជាដៃគូពាណិជ្ជកម្មសំខាន់ៗ របស់កម្ពុជា។
តាមការវាយតម្លៃ របស់រាជរដ្ឋាភិបាលសេដ្ឋកិច្ចកម្ពុជា ត្រូវបានព្យាករថា នឹងសម្រេចកំណើនក្នុងរង្វង់ ៥,២% នៅឆ្នាំ ២០២៥ និងសម្រេចកំណើន ៥% សម្រាប់ឆ្នាំ ២០២៦ ស្របពេលដែល ផ.ស.ស សម្រាប់មនុស្សម្នាក់ ត្រូវរំពឹងថា នឹងកើនដល់ ៣ ០២០ ដុល្លារ។
កំណើនសេដ្ឋកិច្ចឆ្នាំ ២០២៦ គាំទ្រដោយវិស័យឧស្សាហកម្ម វិស័យសេវាកម្ម វិស័យកសិកម្ម ខណៈអត្រាអតិផរណាត្រូវបានព្យាករថា ស្ថិតក្នុងរង្វង់ ២,៨%៕
អត្ថបទ៖ ឡេង ដេត
-
សន្តិសុខសង្គម១ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកុលបុត្រកុលធីតា ៣២៨រូប ចូលរួមពិធីបួសនៅវត្តព្រះឥន្ទទេព ដើម្បីតបស្នងសងគុណ និងអបអរសាទរវិសាខបូជា


