Connect with us

ព័ត៌មានជាតិ

សម្ដេច​ធិបតី​ប្រាប់​រដ្ឋមន្ត្រី​ការបរទេស​កូរ៉េ​ខាង​ត្បូង​ថា​សុខ​សុវត្ថិភាព​របស់​ប្រជាជន​កូរ៉េ​នៅ​កម្ពុជា​គឺ​ជា​អាទិភាព

បានផុស

នៅ

​​នាយករដ្ឋមន្ត្រី​កម្ពុជា សម្ដេច​ធិបតី ហ៊ុន ម៉ាណែត បាន​ប្រាប់​ទៅ​កាន់​រដ្ឋមន្ត្រី​ការបរទេស​នៃ​សាធារណរដ្ឋ​កូរ៉េ​លោក Cho Hyun ថា​រដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​អាទិភាព​ខ្ពស់​លើ​សុខ​សុវត្ថិភាព​របស់​ប្រជាជន​កូរ៉េ​ដែល​កំពុង​រស់​នៅ​ និង​ធ្វើ​ការ​នៅ​កម្ពុជា​ ខណៈ​កម្ពុជា​និងកូរ៉េ​ខាង​ត្បូង​ ឯកភាព​បន្ត​ពង្រឹង និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​ឱ្យ​កាន់តែ​ស៊ីជម្រៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​លើក​ឡើង​នេះ​គឺ​ធ្វើ​ឡើង​ក្នុង​ជំនួប​រវាង​សម្ដេច និង​លោក Cho Hyun ព្រឹក​ថ្ងៃ​ទី​១០ ខែ​វិច្ឆិកា នៅ​វិមាន​សន្ដិភាព​។

យោង​តាម​ការ​ចុះផ្សាយ​របស់​ក្នុង​បណ្ដាញ​សង្គម​សម្ដេច​បាន​សរសេរ​ថា៖ «សម្ដេច​បវរ​ធិបតី​ក៏បាន​សង្កត់ធ្ងន់​ផង​ដែរ​ថា សុខ​សុវត្ថិភាព និង​សុខុមាលភាព​របស់​ប្រជាជន​កូរ៉េ ដែល​កំពុង​រស់នៅ និង​ធ្វើការ​នៅ​កម្ពុជា ក៏​ជា​អាទិភាព​ខ្ពស់​របស់​រាជរដ្ឋាភិបាល​កម្ពុជា»

ក្នុង​ឱកាស​នោះ​សម្ដេច​បាន​​កោតសរសើរ និង​ថ្លែងអំណរគុណ​ចំពោះ​រដ្ឋាភិបាល​កូរ៉េ ដែល​យក​ចិត្ត​ទុកដាក់ និង​ផ្ដល់​ភាព​កក់ក្ដៅ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា ដែល​កំពុង​រស់នៅ និង​ធ្វើការ​ក្នុង​ប្រទេស​នេះ​ផង​ដែរ។​

ជា​ការ​កត់​សម្គាល់​ជំនួប​រវាង​នាយករដ្ឋមន្ត្រី​កម្ពុជា និង​រដ្ឋមន្ត្រីការបរទេស​កូរ៉េ​ខាង​ត្បូង​ពេល​នេះ​គឺ​បន្ទាប់​ពី​សម្ដេច​ធិបតី ហ៊ុន ម៉ាណែត បាន​ជួប​ជាមួយ​ប្រធានាធិបតី​កូរ៉េ​លោក Lee Jae Myung កាល​ពី​ថ្ងៃទី​២៧ ខែ​តុលា នៅ​ទី​ក្រុង​គូឡាឡាំពួរ ដែល​បាន​សម្រេច​ឱ្យ​មាន​ការ​បង្កើត​ក្រុម​ការងារ​ចម្រុះ​មួយ​រវាង​កម្ពុជា និង​កូរ៉េ​ ដើម្បី​ប្រឆាំង​បទល្មើស​ឆបោក​អនឡាញ​ និង​ត្រូវ​បណ្ដាញ​ផ្សព្វផ្សាយ​កូរ៉េ​បញ្ជាក់​ថា​ក្រុម​ការ​ងារ​នេះ​នឹង​ចាប់​ផ្ដើម​នៅ​ក្នុង​ខែ​វិច្ឆិកា​ ឆ្នាំ២០២៥​នេះ។

ចំណាត់​ការ​របស់​សាធារណរដ្ឋ​កូរ៉េ​នេះ​គឺ​កើត​ឡើង​ក្រោយ​ផ្ទុះ​ករណី​នៃ​ការ​ធ្វើទារុណកម្ម​ដោយ​ជនជាតិ​ចិន​រហូត​ដល់​ស្លាប់​និស្សិត​កូរ៉េ​ម្នាក់​នៅ​ក្រុង​បូកគោ ខេត្ត​កំពត កាល​ពី​ខែ​សីហា និង​បាន​ផ្ទុះ​ព័ត៌មាន​នៅ​ខែ​តុលា។ ជា​ការ​ឆ្លើយ​តប​កូរ៉េ​ខាង​ត្បូង​បាន​ដាក់​​តំបន់​ខ្លះ​នៃ​កម្ពុជា​ជា​តំបន់​ហាម​ប្រាម​កម្រិត​ខ្ពស់​​សម្រាប់​ជន​ជាតិ​កូរ៉េ​ និង​ទាមទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​បញ្ជូន​ជនជាតិ​កូរ៉េ​ដែល​ត្រូវ​បាន​ឃាត់​ខ្លួន​ក្នុង​អំពើ​ឆបោក​ត្រលប់​ទៅ​កាន់​ប្រទេស​កូរ៉េ​វិញ ខណៈ​មន្ត្រី​ជាន់​ខ្ពស់​នៃ​ប្រទេស​នេះ​ជា​បន្តបន្ទាប់​បាន​មក​កម្ពុជា​ដើម្បី​ពិនិត្យ និង​ពិភាក្សា​ជាមួយ​អាជ្ញាធរ​កម្ពុជា​ដើម្បី​សហការ​ប្រឆាំង​បទ​ល្មើស​អនឡាញ​នេះ​៕

អត្ថបទ​ដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម