Connect with us

សេដ្ឋកិច្ច

​កម្ពុជា​នាំចេញ​ដំឡូងមីស្រស់ ​និង​ចំណិតដំឡូងមី ​ជាង ៣,៦ ​លានតោន ​ត្រឹម​រយៈ​ពេល ១០ ខែ​

បានផុស

នៅ

គិត​ចាប់ពីខែមករា ​ដល់​ខែតុលា​ ឆ្នាំ ២០២៥ កម្ពុជា​នាំចេញដំឡូងមីស្រស់ ​និងចំណិតដំឡូងមី​សម្រេច​បានប្រមាណ ​៣,៦ ​លានតោន ​ក្នុងនោះ ដំឡូងមីស្រស់មានចំនួន ២,២៨ ​លានតោន ធ្លាក់​ចុះ ១៤,៥៧% ខណៈ​ចំណិត​ដំឡូងមី​ក្រៀម​បាន​ចំនួន ១,៣៨ លានតោន កើនឡើង ៦០,៩១% ធៀប​នឹង​រយៈពេលដូចគ្នានៅឆ្នាំ ២០២៤។ នេះបើយោងតាមរបាយការណ៍របស់​អគ្គនាយកដ្ឋាន​កសិកម្ម នៃ​ក្រសួងកសិកម្ម។ ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក ងិន ឆាយ អគ្គនាយក នៃអគ្គនាយកដ្ឋានកសិកម្ម បានឱ្យដឹងថា ការនាំចេញផលិត​ផល​ដំឡូងមីស្រស់ថយចុះ ដោយសារប្រជាកសិករបំប្លែងពីដំឡូងមីស្រស់ទៅក្រៀម និងកែច្នៃជាម្សៅ ដើម្បីអាចរក្សាទុកបានយូរ និងមានតម្លៃខ្ពស់។

​លោកបាន​បញ្ជាក់ថា៖ «នៅក្នុងរយៈពេល ១០ ខែ ​ឆ្នាំ ២០២៥ ​ការនាំចេញដំឡូងមីក្រៀមកើន​ឡើង​ ៦០,៩១% ​និងម្សៅដំឡូងមីកើនឡើង​ ៨២,៥៩% ​ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ ២០២៤»។​

លោក អិល ឈិញ ប្រធានសមា​គមកសិករដំឡូងមីខ្មែរ ប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២៥ថា តម្លៃទីផ្សារដំឡូងមី​នៅ​តែ​ជាបញ្ហាចោទសម្រាប់​កសិករ នៅក្នុងឆ្នាំ ២០២៥ តម្លៃដំឡូងមីស្រស់ធ្លាក់​ចុះរហូតដែល​មាន​តម្លៃ ១៥០ រៀលក្នុងមួយគីឡូក្រាម ខណៈ​ដំឡូង​មីស្ងួតអាចលក់បាន ៥២០ រៀល ដល់ ៧០០ រៀល ក្នុង​មួយ​គីឡូក្រាម។

លោកបានបញ្ជាក់ថា បច្ចុប្បន្ន មិនទាន់ដល់រដូវប្រមូលផលដំឡូងមីច្រើននៅឡើយ ដោយកសិករចាប់ផ្ដើមសម្រុកប្រមូលផលខ្លាំងចាប់ពីខែមករា ឆ្នាំ ២០២៦។ ​

​នៅក្នុងឆ្នាំ២០២៤ កម្ពុជានាំចេញដំឡូងមីស្រស់ជាង ៣ លានតោន (៣ ៤៤៣ ៧៦០)​, ចំណិត​ដំឡូង​មីក្រៀមជិត ១ លានតោន (៩៦៤ ៦៨១) និង​ម្សៅដំ​ឡូង​មីចំនួន ៦០ ៥២៤ តោន គិតជាទឹក​ប្រាក់​ប្រមាណ ៧២៨ លានដុល្លារ។​

​កម្ពុជា​ជាប់ចំណាត់ថ្នាក់​ជាប្រទេស​នាំចេញ​ដំឡូងមីធំជាងគេទី៤ នៅអាស៊ី និងទី១០នៅលើ​ពិភព​​​លោក ដែលមានផ្ទៃ​ដីដាំដុំដំឡូង​មីប្រ​មាណ ៦០ ម៉ឺនហិកតាទៅ ៨០ ម៉ឺន ហិកតា៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម