ព័ត៌មានអន្ដរជាតិ
វ៉េណេស៊ុយអេឡាចល័តយោធាទ្រង់ទ្រាយធំ ក្រោយអាមេរិកដាក់ពង្រាយនាវាផ្ទុកយន្តហោះដ៏ធំបំផុត
ប្រទេសវ៉េណេស៊ុយអេឡា បានប្រកាសពីការចល័តយោធាទ្រង់ទ្រាយធំ ដើម្បីឆ្លើយតបទៅនឹងអ្វីដែលខ្លួនបានពិពណ៌នាថាជា«ការគំរាមកំហែងរបស់ចក្រពត្តិនិយម»ពីសហរដ្ឋអាមេរិក បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបានពង្រីកវត្តមានយោធារបស់ខ្លួននៅក្នុងតំបន់ការ៉ាប៊ីន។

យោងតាមការចេញផ្សាយនាថ្ងៃពុធទី១២ខែវិច្ឆិការបស់សារព័ត៍មាន CNN រដ្ឋមន្ត្រីក្រសួងការពារជាតិវ៉េណេស៊ុយអេឡា លោក Vladimir Padrino López បាននិយាយថា ប្រតិបត្តិការនេះបញ្ជាដោយប្រធានាធិបតី Nicolás Maduro និងមានការចូលរួមពីសំណាក់កងទ័ពជើងគោក អាកាស ជើងទឹក និងកងកម្លាំងបម្រុង ក៏ដូចជាកងជីវពល Bolivarian។ លោក Padrino López បានឲ្យដឹងថា សមយុទ្ធដែលទាក់ទងនឹងការចល័តទ័ពនេះ មានគោលបំណង«បង្កើនប្រសិទ្ធភាពបញ្ជាការ ការគ្រប់គ្រង និងទំនាក់ទំនង» និងធានាដល់ការការពារប្រទេស។
សកម្មភាពយោធារបស់វ៉េណេស៊ុយអេឡា កើតឡើងបន្ទាប់ពីការមកដល់កាលពីថ្ងៃអង្គារនៃ USS Gerald R. Ford ដែលជានាវាផ្ទុកយន្តហោះដ៏ធំបំផុតរបស់កងទ័ពជើងទឹកសហរដ្ឋអាមេរិកទៅកាន់តំបន់ប្រតិបត្តិការជាច្រើននៃបញ្ជាការភាគខាងត្បូងរបស់ក្រុងវ៉ាស៊ីនតោន ដែលគ្របដណ្ដប់ភាគច្រើននៃអាមេរិកឡាទីន។ ក្រុមវាយប្រហារនៃនាវាផ្ទុកយន្តហោះរួមមាននាវិកជាង៤០០០នាក់ កងទាហានអាកាស៨ក្រុម និងនាវាពិឃាតមីស៊ីលជាច្រើន។

រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Pete Hegseth បានបញ្ជាឲ្យដាក់ពង្រាយកាលពីចុងខែមុន ដោយលើកឡើងថា វាជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីប្រយុទ្ធប្រឆាំងនឹងការជួញដូរគ្រឿងញៀន។ ក្រុងវ៉ាស៊ីនតោនបានធ្វើការវាយប្រហារជាច្រើនលើកលើទូកដែលត្រូវបានចោទប្រកាន់ថាបានរត់ពន្ធគ្រឿងញៀន ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ។
ទោះជាយ៉ាងណាក៏ដោយ វ៉េណេស៊ុយអេឡា បានចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោនថាបានប្រើប្រាស់បេសកកម្មប្រឆាំងគ្រឿងញៀនជាការបិទបាំងសម្រាប់ការផ្លាស់ប្តូររបប។ រដ្ឋាភិបាលរបស់លោក Maduro ជឿជាក់ថា ការបង្កើតឡើងនេះមានគោលបំណងដាក់សម្ពាធលើរដ្ឋបាលរបស់លោក និងធ្វើឲ្យប្រទេសលោកអស្ថិរភាព។
កាលពីខែមុន ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ជាក់ថា លោកបានបើកដៃឲ្យ CIA ធ្វើប្រតិបត្តិការនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ស្របពេលដែលបង្ហាញពីជម្រើសយោធាដែលអាចមាន។ មន្ត្រីជាន់ខ្ពស់អាមេរិក ក្រោយមកបាននិយាយថា មិនមានផែនការបច្ចុប្បន្នសម្រាប់ការវាយប្រហារដោយផ្ទាល់នោះទេ។
លោក Padrino López បាននិយាយថា ការចល័តរបស់វ៉េណេស៊ុយអេឡាគឺជាផ្នែកមួយនៃ«ផែនការឯករាជ្យ២០០ (Independence Plan 200)» របស់លោក Maduro ដែលជាយុទ្ធសាស្ត្រស៊ីវិល និងយោធា ដើម្បីការពារអធិបតេយ្យភាពជាតិតាមរយៈការសម្របសម្រួលរវាងកងកម្លាំងប្រដាប់អាវុធ កងជីវពល និងប៉ូលិស។
កងកម្លាំងប្រដាប់អាវុធធម្មតារបស់វ៉េណេស៊ុយអេឡាមានសមាជិកប្រហែល១២៣ ០០០នាក់ ខណៈដែលលោក Maduro អះអាងថាមានអ្នកបម្រុងស្ម័គ្រចិត្តជាង៨លាននាក់ ដែលអ្នកវិភាគយល់ថាជាតួលេខបំប៉ោងខុសពីការពិត។
បច្ចុប្បន្ននេះសហរដ្ឋអាមេរិកមានបុគ្គលិកយោធាប្រហែល១៥ ០០០នាក់ដែលឈរជើងនៅក្នុង ឬក្បែរសមុទ្រការ៉ាប៊ីន ខណៈទាហានអាមេរិកប្រហែល៥០០០នាក់មានមូលដ្ឋាននៅប្រទេសព័រតូរីកូ រួមជាមួយយន្តហោះចម្បាំង F-35 និងយន្តហោះគ្មានមនុស្សបើក MQ-9 Reaper៕

ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


