Connect with us

ព័ត៌មានជាតិ

ក្រុមប្រឹក្សាខេត្តរតនគិរី រៀបចំវេទិកាសាធារណៈអនុញ្ញាតឱ្យពលរដ្ឋលើកពីក្តីកង្វល់ និងបញ្ហាប្រឈម

បានផុស

នៅ

ក្រុមប្រឹក្សាខេត្តរតនគិរី រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ នៅស្រុកវើនសៃ ដែលជាវេទិកាសាធារណៈ បើកឱកាសឱ្យប្រជាពលរដ្ឋ លើកជាសំណូមពរ និងបញ្ហាប្រឈម ទៅកាន់អាជ្ញាធរ/មន្ទីរពាក់ព័ន្ធ​ ដើម្បីដោះស្រាយក្តីកង្វល់ពលរដ្ឋ។ វេទិកានេះ ដើម្បីបង្ហាញពីសមិទ្ធផលរបស់ខេត្ត និងអនុញ្ញាតឱ្យពលរដ្ឋបានចោទជាសំណួរលើទៅការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ វិស័យសុខាភិបាល កសិកម្ម អគ្គិសនី និងបរិស្ថាន ដែលពួកគាត់បានជួបបញ្ហាកន្លងមក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វេទិការសាធារណៈ ត្រូវបានរៀបចំឡើងនៅវត្តភូមិហ្វាំង ឃុំប៉ុង ស្រុកវើនសៃ ថ្ងៃទី ១២ ខែ វិច្ឆិកា ឆ្នាំ ២០២៥ ក្រោមអធិបតីភាពលោក ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត និងលោក វ៉ាន់ សោភា អភិបាលរងខេត្ត រួមទាំងប្រធានមន្ទីរ អនុប្រធានមន្ទីរ អាជ្ញាធរភូមិ/ឃុំ និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន នៅស្រុកវើនសៃ សរុបប្រមាណ ៧៦ នាក់។

ឆ្លើយតបទៅនឹងក្តីកង្វល់ពលរដ្ឋ លោក ណាប់ ប៊ុនហេង បានថ្លែងដោយជំរុញទៅកាន់អាជ្ញាធរមូលដ្ឋាន ត្រូវប្រឹងប្រែងដោះស្រាយបញ្ហាដែលប្រជាពលរដ្ឋបានលើកឡើងទៅតាមជំនាញរៀងៗខ្លួន។ លោកបញ្ជាក់ថា តាមរយៈកញ្ចប់ថវិកាមូលនិធិឃុំសង្កាត់ ក្នុង១ ឆ្នាំៗរដ្ឋបានទម្លាក់ឱ្យជាង ១០ ម៉ឺនដុល្លារ តាមឃុំនីមួយៗ ដូច្នេះត្រូវគិតគូរកសាងផែនការរបស់ខ្លួន លើកទិសដៅទិញសម្ភារឬបន្តកិច្ចខិតខំជួសជុលផ្លូវ កសាងផ្លូវពីភូមិ១ ទៅភូមិ១ ទៀត ក្នុងភូមិសាស្ត្រឃុំរបស់ខ្លួនឱ្យបានល្អប្រសើរ។ ជាពិសេស គិតគូរទៅដល់ប្រយោជន៍ជាសមូហភាពបម្រើទៅដល់សេចក្តីខ្វះខាតរបស់ប្រជាពលរដ្ឋ។

ទន្ទឹមនេះ លោក វ៉ាន់ សោភា អភិបាលរងខេត្ត បានសំណូមទៅកាន់ប្រជាពលរដ្ឋដាំដំណាំណាដែលឆ្លើយតបតម្រូវការទីផ្សារ ដើម្បីលក់បានតម្លៃខ្ពស់។ លោកក៏សំណូមពរទៅដល់ប្រជាពលរដ្ឋ កុំទៅកាប់ព្រៃឈើទន្ទ្រានយកដីបរិស្ថាន ឬវាស់វែងដីធ្លី ដីចម្ការដោយខ្លួនឯង អាចប្រឈមផ្លូវច្បាប់។ នៅចំពោះមុខពលរដ្ឋ លោកក៏បាន ក្រើនរំលឹកដល់អាជ្ញាធរមូលដ្ឋាន បន្តដោះស្រាយក្តីកង្វល់ពលរដ្ឋ និងជនជាតិដើមភាគតិច ទៅតាមលទ្ធភាពដែលអាចធ្វើបាន។

លោក សាយ ឌឿន តំណាងឱ្យជាជនជាតិដើមភាគតិច នៅឃុំកោះពាក្យ សំណូមពរទៅដល់មន្ត្រីបរិស្ថាន មេត្តាយោគយល់ទៅដល់ប្រជាពលរដ្ឋឱ្យកាប់ព្រៃធ្វើជាដីចម្ការសម្រាប់ដាំស្រូវនិងដាំដំណាំផ្សេងៗ ដើម្បីផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃ ដោយបញ្ជាក់ថាពលរដ្ឋនឹងមិនទាមទារយកធ្វើជាកម្មសិទ្ធិនោះទេ។ លោកនិយាយថា៖«ប្រសិនបើមន្ត្រីបរិស្ថាន មិនអនុញ្ញាតឱ្យធ្វើស្រែចម្ការ ដាំដំណាំនៅលើដីរបស់ខ្លួន ធ្លាប់អាស្រ័យផងទេ នឹងមិនមានអ្វីហូបចុកនោះទេ ពីព្រោះពួកគាត់មិនដែលធ្លាប់លក់ដូរ ឬប្រកបរបរផ្សេងពីនេះ»។

ឆ្លើយតបករណីនេះ លោក ថុន ស៊ូខុន អនុប្រធានការិយាល័យឧទ្យានជាតិ នៃមន្ទីរបរិស្ថានខេត្តរតនគិរី ដែលមានតួនាទីពាក់ព័ន្ធនឹងឧទ្យានជាតិវីរៈជ័យ បានថ្លែងថា ប្រសិនបើសហគមន៍ជនជាតិដើមភាគតិច ប្រើប្រាស់ដីអាស្រ័យផលមិនមានការប៉ះពាល់ធ្ងន់ធ្ងរទៅលើព្រៃឈើ និងធនធានធម្មជាតិ មិនមានបញ្ហាអ្វីនោះទេ។ យ៉ាងណាមិញ លោកសង្កត់ថា៖« ប៉ុន្តែការកាប់ព្រៃឈើ ទន្ទ្រានយកដីនេះ គឺនៅក្នុងក្រមព្រហ្មទណ្ឌបរិស្ថាន គឺហាមប្រាមជាដាច់ខាត់។ ករណីជនជាតិដើមភាគតិច ដែលធ្លាប់អាស្រ័យផលកន្លងទៅ មិនមានការហាមឃាត់ទេ»។

វេទិកាសាធារណៈ ក៏​បានលើកឡើងពីបញ្ហាគ្រូបង្រៀនមិនទៀងទាត់ ការងារអត្រានុកូលដ្ឋាន ខុសឈ្មោះ និងការកំណត់ព្រំប្រទល់ដីជាដើម។ វេទិកាសាធារណៈនេះ គឺផ្តល់ឱ្យប្រជាពលរដ្ឋបញ្ចេញមតិ យោបល់សំណូម បញ្ហាជួបប្រទះ និងមានការឆ្លើយតបពីមន្ត្រីពាក់ព័ន្ធ សំដៅដល់ការស្វែងរកដំណោះស្រាយរួមគ្នា ខណៈមន្រ្តីនឹងយកសំណើរ សំណូមពរទាំងនោះជម្រាបទៅថ្នាក់លើសម្រាប់ដោះស្រាយបន្តទៀត៕

ដោយ៖ ខៀវ ចាប

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម