Connect with us

សន្តិសុខសង្គម

រដ្ឋបាលខណ្ឌ៧មករា បន្តជួសជុលផ្លូវអ៊ុតកៅស៊ូថ្មីឡើងវិញនៅក្នុងមូលដ្ឋាន

បានផុស

នៅ

រដ្ឋបាលខណ្ឌ៧មករា ក្រោមការដឹកនាំចង្អុលបង្ហាញពីរដ្ឋបាលរាជធានីភ្នំពេញ តែងតែយកចិត្តទុកដាក់ពីបរិស្ថានសណ្ដាប់ធ្នាប់សាធារណៈ ជាពិសេសនោះគឺផ្លូវខូចជង្ហុកសំបុកមាន់ ប្រព័ន្ធលូជាដើម តែងតែយកចិត្តទុកដាក់ជួសជុលកែលម្អជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានដើម្បីបង្កភាពងាយស្រួល សោភ័ណភាពតាមដងផ្លូវ ក៏ដូចជាសម្រស់ និងបេះដូងរាជធានីភ្នំពេញផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្ដែងនាព្រឹកថ្ងៃថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក កេត ឧត្តម អភិបាលរងខណ្ឌ៧មករា តំណាងលោក ថេង សុថុល អភិបាលខណ្ឌ ចូលរួមបើកការដ្ឋានជួសជុលអ៊ុតកៅស៊ូ ផ្លូវលេខ១៦៨ និងផ្លូវលេខ១៦៦ នៃគម្រោងអភិវឌ្ឍន៍សង្កាត់អូរឬស្សីទី១ អូរឬស្សីទី៤ សម្រាប់ឆ្នាំ២០២៥។

ក្នុងឱកាសបើកការដ្ឋាននេះដែរលោក កេត ឧត្តម អភិបាលរងខណ្ឌ៧មករាបានលើកឡើងថា កន្លងមកកំណាត់ផ្លូវទាំងពីរខ្សែនេះ គឺបានខូចខាតស្ទើរទាំងស្រុងដូច្នេះរដ្ឋបាលខណ្ឌក៏ដូចជាសង្កាត់បានជួសជុលកំណាត់ផ្លូវនេះឲ្យបានល្អប្រសើរជូនប្រជាពលរដ្ឋងាយស្រួលក្នុងការធ្វើដំណើរ។

លោកបន្ថែមថា ចៅសង្កាត់ជាម្ចាស់មូលដ្ឋានផ្ទាល់ត្រូវតែឧស្សាហ៍ចុះត្រួតពិនិត្យតាមដានការដ្ឋានដែលកំពុងតែដំណើរការឲ្យបានជាប់ជាប្រចាំ គឺតាមដានត្រួតពិនិត្យឲ្យត្រូវលក្ខណៈបច្ចេកទេសត្រឹមត្រូវជៀសវាងបង្កផលប៉ះពាល់ប្រជាពលរដ្ឋ យឺតយាវក្នុងកិច្ចសន្យារបស់គម្រោង។

សូមបញ្ជាក់ជូនថា នៅក្នុងមូលដ្ឋានខណ្ឌ៧មករាសង្កេតឃើញថា នៅតាមដងផ្លូវមួយចំនួននៅក្នុងមូលដ្ឋាន រដ្ឋបាលខណ្ឌបានបន្តការយកចិត្តទុកដាក់ ដូចជាគម្រោងការផ្លាស់ប្ដូរការ៉ូឡាលើចិញ្ចើមផ្លូវ គម្រោងជួសជុលផ្លូវអ៊ុតកៅស៊ូ និងការផ្លាស់ប្ដូរប្រព័ន្ធលូជាដើម ដើម្បីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅក្នុងមូលដ្ឋានបានល្អប្រសើរជូនប្រជាពលរដ្ឋ ស្របតាមគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១របស់រដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕

អត្ថបទ៖ សុភា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម