Connect with us

ព័ត៌មានជាតិ

ក្រោយ​ស្រាវជ្រាវអស់​ជាង ១០ ឆ្នាំ អាជ្ញាធរ​ទន្លេសាប​​ចេញ​ផ្សាយ​​​សៀវភៅ​​សិក្សា​ពី​ប្រភេទ​ត្រី​ និង​ជីវចម្រុះ​បឹង​ទន្លេសាប

បានផុស

នៅ

អាជ្ញាធរ​​ទន្លេសាប​ បាន​បោះពុម្ព​ចេញ​ផ្សាយ​សៀវភៅ​សិក្សា​ពី​ប្រភេទ​ត្រី​នៅ​ទន្លេសាប​នា​ចុង​រដូវ​វស្សា និង​អំពី​ប្រព័ន្ធ​ជីពចរ​ទឹកជំនន់​តំបន់​ទំនាប​ត្រូពិក​បឹង​ទន្លេសាប​ក្នុង​ប្រទេស​កម្ពុជា។

លោក សរ គឹមសាន្ត អគ្គលេខាធិការ​អាជ្ញាធរ​ទន្លេសាប​បាន​ប្រាប់កម្ពុជាថ្មី​តាម​ទូរសព្ទ​​​ថា គោលដៅ​នៃ​ការ​ចេញ​ផ្សាយ​សៀវភៅ​​​​នេះ​ គឺ​ដើម្បី​ផ្សព្វផ្សាយ​ចំណេះដឹង​ពី​សក្ដានុពល​នៃ​ធនធាន​ធម្មជាតិ​ និង​ជីវចម្រុះ​បឹង​ទន្លេ​សាប​របស់​ប្រទេស​កម្ពុជា។

«សៀវភៅ​ស្រាវជ្រាវ​នេះ​មាន​តម្លៃ​សម្រាប់​ការសិក្សា ដោយសារ​វា​ជួយ​ឲ្យ​យើង​ដឹង​ថា​តើ​ត្រី​ណា​ដែល​សម្បូរ ត្រី​ណា​អាច​ធ្វើ​អី​បាន និង​​ប្រភេទ​ត្រី​ដែល​ជិត​ផុត​ពូជ ឬក៏​ត្រូវអភិរក្ស»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ចងក្រង​សៀវភៅដែល​បង្ហាញពី​ភាព​សំបូរបែបនៃធនធានធម្មជាតិនៃ​បឹងទន្លេសាប ​កើត​ឡើង​ពី​ការ​ស្រាវជ្រាវ​អស់​រយៈ​ពេលជាង ១០ ឆ្នាំ និងមាន​ការ​សហការ​គ្នា​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​រដ្ឋបាល​ជលផល ក្រសួងបរិស្ថាន និង​អាជ្ញាធរ​ពាក់ព័ន្ធ​ផ្សេងទៀត។

លោក សរ គឹមសាន្ត បានបញ្ជាក់​​ថា ការ​ចេញផ្សាយ​​សៀវភៅ​នេះ​​គ្រាន់​តែ​ជា​ជំហាន​ដំបូង​ មិន​ទាន់​ដាក់​ឲ្យ​ប្រើប្រាស់​ទូលំទូលាយ​នោះ​ទេ ព្រោះ​ត្រូវ​ការ​ត្រួត​ពិនិត្យ​និង​ផ្ទៀងផ្ទាត់បន្ថែមទៀត​​ដើម្បី​ធានា​ថា​ឈ្មោះ (ឈ្មោះ​បច្ចេកទេស ឈ្មោះ​វិទ្យាសាស្ត្រ) និង​ការ​កំណត់​អត្តសញ្ញាណ (ត្រី​សម្បូរ ឬ​ត្រី​ជិត​ផុតពូជ) គឺ​ត្រឹមត្រូវ​ឥត​ខ្ចោះ​មុននឹង​ចែកចាយ​ដល់​សាធារណ​ជន។

តាមរយៈ​សៀវភៅ​សិក្សា​ទាំងពីរ​​ក្បាល​ លោក សរ គឹមសាន្ត បានអះអាង​ថា នឹង​ដើរតួនាទី​យ៉ាង​សំខាន់​ជា​ឯកសារ​គោល​ និង​ជំនួយសម្រាប់ឲ្យក្រសួងស្ថាប័ន​ជំនាញ អ្នកសិក្សា​ស្រាវជ្រាវ អ្នករៀបចំ​គោលនយោបាយ និង​អ្នកពាក់ព័ន្ធនានា អាច​យកទៅធ្វើជា​អំណះអំណាង និងប្រើប្រាស់តាមតម្រូវការផ្សេងៗ។

​សៀវភៅ​​ស្រាវជ្រាវដ៏សំខាន់ចំនួន ២ ដែល​អាជ្ញាធរទន្លេសាបទើប​តែ​បោះពុម្ពផ្សព្វផ្សាយដែល​សៀវភៅទី ១៖ ​រៀប​រាប់ពីការសិក្សាប្រភេទត្រី​​នា​ចុងរដូវវស្សា​នៅទន្លេសាប​មានកម្រាស់ ២៥០ ទំព័រ។ វា​គឺជា​ឯកសារ​ចំណេះដឹង​មូលដ្ឋាន​ដែល​បង្ហាញ​ពី​ប្រភេទ​ត្រី​ចំនួន ១២១ ប្រភេទ។

សៀវភៅ​នេះផ្តោត​លើ​ប្រភេទ​ត្រី​ទឹកសាប​ដែល​ធ្វើការ​ផ្លាស់ប្ដូរ​ទីតាំង​ពី​បឹងទន្លេសាប និង​តំបន់​ពាក់ព័ន្ធ​តាម​ដងទន្លេនា​ចុង​រដូវ​វស្សា ដែល​ការស្រាវជ្រាវ​ប្រមូល​ទិន្នន័យ​បាន​ធ្វើឡើង​ចាប់ពី​រដូវ​នេសាទ​ឆ្នាំ ២០១១-២០១២ រហូត​ដល់​រដូវ​នេសាទ​ឆ្នាំ ២០២២-២០២៣។

ក្នុង​សៀវភៅ​មាន​ពិពណ៌នា​ពី​រូបរាង លក្ខណៈ​សម្គាល់ ប្រភេទ អំបូរ និង​ឈ្មោះ​វិទ្យាសាស្ត្រ​របស់ត្រី ទៅ​តាម​លំដាប់​ចំណាត់​ថ្នាក់​របស់ត្រីនីមួយៗ។

ដោយឡែក​សៀវភៅ​ស្រាវជ្រាវ​ទី ២ បង្ហាញ​អំពី​ប្រព័ន្ធ​ជីពចរ​ទឹកជំនន់​តំបន់​ទំនាប​ត្រូពិក​បឹង​ទន្លេសាប​ប្រទេស​កម្ពុជា​។ សៀវភៅ​នេះ​មាន​កម្រាស់ ២៤៣ ទំព័រ បែងចែក​ជា ៧ ជំពូក ដែល​​និយាយ​​ពី​សារៈសំខាន់​នៃ​ប្រព័ន្ធ​អេកូឡូស៊ី និង​ភាព​ងាយ​រងគ្រោះ​នៃ​ប្រព័ន្ធអេកូឡូស៊ី​បឹង​ទន្លេសាប ខណៈ​ជំពូក​បន្តបន្ទាប់ក៏​បានរំលេច​​​ពីទិដ្ឋភាព​ទូទៅ​នៃ​បឹងទន្លេសាប គុណភាព​ទឹក លក្ខណៈ​ជីវ​ភូមិសាស្ត្រ​នៃ​បរិស្ថាន​ទឹក និង​ការ​គ្រប់គ្រង​បរិយាកាស​ជាដើម​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម