សន្តិសុខសង្គម
រដ្ឋបាលក្រុងពោធិ៍សាត់ សម្រេចផ្អាកការចរាចរណ៍រថយន្ដធុនធំគ្រប់ប្រភេទឆ្លងកាត់គ្រប់ផ្លូវទាំងអស់ក្នុងក្រុង
រដ្ឋបាលក្រុងពោធិ៍សាត់ កាលពីយប់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ បានចេញសេចក្ដីប្រកាសព័ត៌មានសម្រេចផ្អាកការចរាចរណ៍រថយន្ដធុនធំគ្រប់ប្រភេទបើកឆ្លងកាត់គ្រប់ផ្លូវទាំងអស់ក្នុងក្រុងពោធិ៍សាត់ ដើម្បីធានាសុវត្ថិភាព និងជៀសវាងគ្រោះថ្នាក់ជាយថាហេតុ។

តាមការប្រកាសព័ត៌មានរបស់រដ្ឋបាលក្រុងពោធិ៍សាត់ ការផ្អាកមិនឲ្យរថយន្ដធុនធំគ្រប់ប្រភេទឆ្លងកាត់នេះ ធ្វើឡើងដោយផ្អែកលើស្ថានភាពបច្ចុប្បន្នស្ទឹងពោធិ៍សាត់មានកម្រិតកម្ពស់ទឹកខ្ពស់ និងមានការកើនឡើងជាបន្តបន្ទាប់ក្នុងកម្រិតប្រកាសអាសន្ន ជាហេតុធ្វើឱ្យបណ្តាផ្លូវមួយចំនួនក្នុងក្រុងត្រូវបានហូរច្រោះ និងបាក់ស្រុត។ ហេតុនេះហើយដើម្បីទប់ស្កាត់ការខូចខាតផ្លូវដែលកំពុងមានបញ្ហាកាន់តែខ្លាំង ជាពិសេសធានាសុវត្ថិភាព ទ្រព្យសម្បត្តិ បង្ការ និងជៀសវាងគ្រោះថ្នាក់ដែលអាចកើតឡើងដោយយថាហេតុ ម្ចាស់រថយន្តធុនធំទាំងអស់ត្រូវផ្អាកការធ្វើចរាចរណ៍គ្រប់ផ្លូវទាំងអស់ក្នុងក្រុងពោធិ៍សាត់ជាបន្ទាន់។

គួររំលឹកថា កាលពីយប់ទាបភ្លឺថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ សម្ពាធទឹកស្ទឹងពោធិ៍សាត់បានហក់ឡើងជាបន្តបន្ទាប់ និងមានកម្ពស់ទឹកបានកើនឡើងក្នុងកម្រិតមួយដែលត្រូវប្រកាសអាសន្ន។

បន្ទាប់ពីសង្កេតឃើញនៃស្ថានភាពទឹកបែបនេះ មន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់ ក៏បានណែនាំឲ្យអាជ្ញាធរគ្រប់ ក្រុង ស្រុក ជាពិសេសប្រជាពលរដ្ឋរស់នៅតាមដងស្ទឹងពោធិ៍សាត់ និងស្ទឹងពាក់ព័ន្ធ ឲ្យបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងដោយយថាហេតុពីគ្រោះទឹកជំនន់ និងត្រៀមរកទីទួលសុវត្ថិភាពសម្រាប់ជម្លៀសប្រជាពលរដ្ឋដែលងាយរងគ្រោះ។

តាមការបញ្ជាក់ពីលោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាយប់ថ្ងៃទី២០វិច្ឆិកា គិតត្រឹមវេលាម៉ោង៩និង២៥នាទីយប់ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ ស្ថានភាពជំនន់ទឹកភ្លៀងស្ទឹងពោធិ៍សាត់ នៅបន្តដាក់សម្ពាធមកលើប្រជាពលរដ្ឋដែលរស់នៅតាមដងស្ទឹង ក្នុងក្រុងពោធិ៍សាត់ និងស្រុកកណ្តៀង។ ជាវិធានការការពារ លោកអភិបាលខេត្តក៏បានដឹកនាំកម្លាំងចម្រុះ ចុះអនុវត្ត និងអន្តរាគមន៍គ្រោះទឹកជំនន់ជាបន្ទាន់ ដែលបង្កឡើងដោយជំនន់ទឹកភ្លៀងស្ទឹងពោធិ៍សាត់។

គិតត្រឹមព្រឹកថ្ងៃទី២១វិច្ឆិកានេះ ស្ថានភាពទឹកជំនន់នៅក្នុងក្រុងពោធិ៍សាត់នៅមិនទាន់មានការថមថយនៅឡើយ ខណៈរដ្ឋបាលក្រុងពោធិ៍សាត់ ក៏បានជូនដំណឹងបន្ថែមឲ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នចំពោះកំណាត់ខ្សែមួយផ្លូវចំណុចវាលរលាប សង្កាត់រលាប ដោយសារទឹកបានឡើងលិចផ្លូវទាំងស្រុងទៅហើយ៕
អត្ថបទ៖ សុខុម



-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានជាតិ១ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ចរាចរណ៍១ សប្តាហ៍ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
ព័ត៌មានជាតិ១ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៦ ម៉ោង agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


