Connect with us

ព័ត៌មានជាតិ

សមត្ថកិច្ចបន្តបង្ក្រាបក្មេងទំនើងអុកឡុកសង្គម ដោយត្រឹម៧ថ្ងៃ ឃាត់បាន៣០នាក់បញ្ជូនទៅតុលាការ

បានផុស

នៅ

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុខៈ ថា សមត្ថកិច្ចនៅតែបន្តប្រើវិធានការក្ដៅចំពោះក្រុមក្មេងទំនើង ដែលដើរអុកឡុកសង្គម ធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ សណ្ដាប់ធ្នាប់ ដោយត្រឹមរយៈពេល៧ថ្ងៃ ក្មេងទំនើងយ៉ាងហោច៣០នាក់ត្រូវបានកម្លាំងនគរបាលបង្ក្រាប ហើយបញ្ជូនទៅកាន់តុលាការ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ រាប់ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ កម្លាំងនគរបាលជាតិ បានបង្ក្រាបក្មេងទំនើងសរុប១១ករណី ដោយឃាត់ខ្លួនមនុស្សចំនួន៣០នាក់ ដែលករណីទាំងនោះ សមត្ថកិច្ចបានអនុវត្តតាមវិធានការច្បាប់ ដោយចាប់បញ្ជូនក្រុមក្មេងទំនើងទាំងអស់ទៅតុលាការ។

អនុវត្តតាមបញ្ជារបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា អគ្គស្នងការដ្ឋាននគរបាលជាតិបានណែនាំមន្ត្រីនគរបាលយុត្តិធម៌ឱ្យពង្រឹងការធ្វើកំណត់ហេតុ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការចំពោះក្រុមក្មេងទំនើង ដែលចាប់។ បើតាមលោក ទូច សុខៈ បទបញ្ជានេះ មានកម្មវត្ថុធានាឱ្យបានថា ក្រុមក្មេងទំនើងនឹងប្រឈមទណ្ឌកម្មតាមផ្លូវច្បាប់ ឱ្យសមនឹងអំពើអុកឡុកសង្គមដែលពួកគេបានប្រព្រឹត្ត។

វិធានការនេះ ក៏នៅមិនទាន់គ្រប់គ្រាន់ដែរ ដោយលោក ទូច សុខៈ បានឱ្យដឹងថា ប្រមុខក្រសួងមហាផ្ទៃ ក៏បានណែនាំឱ្យអគ្គស្នងការដ្ឋាននគរបាលជាតិត្រៀមសហការជាមួយក្រសួងយុត្តិធម៌ ពិនិត្យលទ្ធភាពស្នើធ្វើវិសោធនកម្មច្បាប់ ដើម្បីដាក់ទណ្ឌកម្មបន្ថែមឱ្យកាន់តែធ្ងន់ធ្ងរ ក្នុងទោសពាក់ព័ន្ធនឹងករណីក្មេងទំនើងទៀតផង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម