Connect with us

ព័ត៌មានជាតិ

កម្ពុជា និងប៉ូឡូញ បើកកិច្ចពិគ្រោះយោបល់នយោបាយថ្នាក់ក្រសួងការបរទេស ដើម្បីពង្រឹងទំនាក់ទំនង

បានផុស

នៅ

រដ្ឋលេខាធិការក្រសួងការបរទេស លោកស្រី ជ្រឹង បុទុមរង្សី ធ្វើជាសហប្រធានជាមួយសមភាគី លោក Władysław T.Bartoszewsk រដ្ឋលេខាធិការក្រសួងការបរទេសប៉ូឡូញ ដឹកនាំកិច្ចពិគ្រោះយោបល់នយោបាយទ្វេភាគី លើកទី៣ រវាងក្រសួងការបរទេសទាំងពីរ។ កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលដៅពង្រឹងពង្រីកបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងប៉ូឡូញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋលេខាធិការទាំងពីរ បានលើកឡើងអំពីតួនាទីដ៏សារៈសំខាន់នៃកិច្ចពិគ្រោះយោបល់ទ្វេភាគីនេះ ដែលជាយន្តការពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងកម្ពុជា និងប៉ូឡូញូ បន្ទាប់ពីចំណងទាក់ទងដ៏ល្អរវាងប្រទេសទាំងពីរ រយៈពេលជិត៧ទសវត្សរ៍ ហើយបច្ចុប្បន្ន បាននិងកំពុងរីកចម្រើនក្នុងវិស័យនានា។

ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អប្រសើរនេះ ភាគីទាំងពីរ គូសបញ្ជាក់ថា បានឆ្លុះបញ្ចាំងឱ្យឃើញតាមរយៈការរៀបចំដោយជោគជ័យនៃកិច្ចប្រជុំពិគ្រោះយោបល់ទ្វេភាគីកន្លងមក ការបើកស្ថានកុងស៊ុលកិត្តិយសប៉ូឡូញនៅភ្នំពេញ ក៏ដូចជាការចុះហត្ថលេខាលើកិច្ចព្រមព្រៀងលើកលែងទិដ្ឋាការសម្រាប់អ្នកកាន់លិខិតឆ្លងដែនការទូត។

សម្រាប់កិច្ចប្រជុំពិគ្រោះយោបល់ ដែលបានធ្វើឡើងកាលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅប្រទេសប៉ូឡូញ សហប្រធានទាំងពីរ បានពិនិត្យឡើងវិញដោយក្តីសោមនស្សរីករាយលើកិច្ចសហប្រតិបត្តិការដែលកំពុងមានស្រាប់ និងបានកំណត់នូវកាលានុវត្តភាពបន្ថែមទៀតក្នុងវិស័យសំខាន់ៗ ដូចជា ពាណិជ្ជកម្ម វិនិយោគ សុខាភិបាល ទេសចរណ៍ អប់រំ កសិកម្ម និងកសិឧស្សហកម្ម វប្បធម៌ ឌីជីថលនីយកម្ម ទំនាក់ទំនងរវាងប្រជាជននិងប្រជាជន និងកិច្ចសហប្រតិបត្តិការរវាងសភានៃប្រទេសទាំងពីរ។

ភាគីទាំងពីរ ក៏បានគូសបញ្ជាក់អំពីការគាំទ្របេក្ខភាពគ្នាទៅវិញទៅមកសម្រាប់តំណែងនានាក្នុងអង្គការអន្តរជាតិ។ លោកស្រី ជ្រឹង បុទុមរង្សី រដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជាបានអរគុណចំពោះរដ្ឋាភិបាលប៉ូឡូញ ដែលបន្តគាំទ្រក្នុងការអភិវឌ្ឍធនធានមនុស្ស តាមរយៈកម្មវិធីអាហារូបករណ៍ផ្សេងៗ។

ភាគីទាំងពីរបានពិភាក្សាអំពីបញ្ហាតំបន់ និងអន្តរជាតិ ដែលជាក្តីកង្វល់រួម រួមទាំងបច្ចុប្បន្នភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ និងបានគូសបញ្ជាក់ឡើងវិញនូវការតាំងចិត្តរួមគ្នាចំពោះសន្តិភាព ស្ថិរភាព និងការគោរពនូវច្បាប់អន្តរជាតិ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម