Connect with us

ព័ត៌មានជាតិ

កសិករ​ក្នុងក្រុង​បាត់ដំបង​កែច្នៃមើមរមៀត​ធ្វើ​ជា​ឱសថ រកចំណូលផ្គត់ផ្គង់​ជីវភាពគ្រួសារ

បានផុស

នៅ

មើមរមៀត​មិនត្រឹមជាគ្រឿងទេសដ៏សំខាន់ ក៏ត្រូវគេបានយកទៅកែច្នៃជាម្សៅសម្រាប់ជួយដល់សុខភាព ជាពិសេសយកទៅផ្សំជាមួយរុក្ខជាតិផ្សេងទៀត ដែល​អាចបង្កើតជាថ្នាំឱសថបុរាណយ៉ាងពូកែ។

មើមរុក្ខជាតិ​ឱសថ​នេះ​ត្រូវ​បាន​ពលរដ្ឋក្នុងក្រុង​បាត់ដំបង​កែច្នៃកិនជាម្សៅលក់ ដែលអាច​រកចំណូលទ្រទ្រង់ជីវភាពគ្រួសារប្រចាំថ្ងៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាស្ត្រីមេផ្ទះរស់នៅក្នុងក្រុងបាត់ដំបង អ្នកស្រី ឃន ធឿន បានចាប់យករបរកែច្នៃ​មើម​រមៀត​ ដើម្បីដោះបន្ទុកជីវភាពគ្រួសារ ដោយការចាប់ផ្តើមដំបូង អ្នកស្រីបានចំណាយថវិកាទិញម៉ូទ័រកិនខ្នាតតូចមួយ ដើម្បីកិនមើមរមៀតលក់ដល់អតិថិជន។

ការកែច្នៃ​មើមរមៀត​ អ្នកស្រី ឃន ធឿន ប្រាប់​ថា ប្រឈមផលលំបាកខ្លះៗ។ អ្នកស្រីត្រូវ​ដើរទិញមើមរមៀតស្រស់ពីទីផ្សារ ហើយចំណាយពេលហាលឲ្យស្ងួត ទើបយកមកកិនជាម្សៅ។ យ៉ាងណាមិញ​ ទោះបីជួប​ការ​លំបាក​ខ្លះៗ តែ​ចំណូល​​ពីមុខរបរ​នេះ​បាន​ជំរុញទឹកស្រី​អ្នកស្រីឲ្យបន្ត​ការងារ​ ដើម្បី​ដោះស្រាយ​ជីវភាព​ក្នុងគ្រួសារ។

អ្នកស្រី ឃន ធឿន បានឲ្យដឹងថា ម្សៅ​រមៀត​ដែល​អ្នកស្រីលើកឲ្យម៉ូយក្នុងមួយខាំលក់បាន ៦ ពាន់រៀល ហើយ ១ គីឡូក្រាម ៦ មុឺនរៀល ខណះអ្នកស្រីផលិតបានក្នុងមួយថ្ងៃបានចន្លោះពី ៥ ទៅ ៨ គីឡូក្រាម។

អ្នកស្រីបន្តថា អ្វីដែលធ្វើឲ្យអ្នកស្រីប្រឈមគឺដើរទិញមើម​ស្រស់តាមទីផ្សារក្នុងតម្លៃ ១ គីឡូក្រាម ៣៥០០ រៀល ខណះ​ទិញតាមចម្ការឬតាមភូមិ ១ គីឡូក្រាមតម្លៃត្រឹមចន្លោះពី ៧០០ ទៅ ១៥០០ រៀល ហើយអ្នកស្រីក៏ត្រូវចំណាយពេល​ហាល​ឲ្យស្ងួតទៀត ដើម្បីកិនជាម្សៅលក់ឲ្យម៉ូយ។

សម្រាប់អ្នកស្រី ធឿន មុខរបរនេះដំណើរការបានល្អ ហើយអាចរកចំណូលបានគ្រាន់បើធ្វើឲ្យគ្រួសារអ្នកស្រី​មិនលំបាកដូចមុន ដែលជំរុញឲ្យអ្នកស្រី​កាន់តែតស៊ូធ្វើ ដើម្បីជីវភាពនិងអនាគតកូនៗ។

អ្នកស្រីបន្តថា បើគិតត្រួសៗក្នុងរយៈពេល ៥ ទៅ ១០ ថ្ងៃ អ្នកស្រីលក់ម្តងបានថវិកាចន្លោះពី ១២ ទៅ ២២ មុឺនរៀល ទៅតាមម៉ូយកម្ម៉ង់តិចឬច្រើន បើមានម៉ូយកម្ម៉ង់ច្រើនក៏បានចំណូលច្រើនជាងនេះដែរ។

កសិករម្នាក់ទៀតរស់នៅស្រុកសង្កែ គឺលោក សារុន បានឲ្យដឹងដែរថា ដំណាំរមៀតលោកបានដាំនៅក្នុងដីភូមិបានជិត ១ រ៉ៃ​ដែរ ហើយក៏មានគេមកទិញជាបន្តបន្ទាប់ដោយលោកលក់ ១ គីឡូក្រាមត្រឹម ៧០០ រៀលប៉ុណ្ណោះ។ តែក្នុងរយះពេលប្រហែល ១ ខែចុងក្រោយនេះ បានកើនតម្លៃក្នុង ១ គីឡូក្រាមចន្លោះពី ៩០០ ទៅ ១០០០ រៀលក្នុង១គីឡូក្រាម។

លោកបន្តថា បើលោកប្រមូលផលហើយយកទៅលក់លើទីផ្សារខ្លួនឯងបានចំណូលច្រើនគួរសម ដោយលក់បានចន្លោះពី ២ ៥០០ ទៅ ៣ ០០០ រៀល ក្នុងមួយគីឡូក្រាម (សម្រាប់មើមរមៀត)។ ដោយឡែកក្បាលរមៀតលក់បានចន្លោះពី ៣ ៥០០ ទៅ ៤ ០០០ រៀល ក្នុងមួយគីឡូក្រាម ដែលភាគច្រើនគេទិញយកទៅកែច្នៃជាម្សៅរមៀតដើម្បីធ្វើជាឱសថ។

បើតាមមន្ត្រីនៃមន្ទីរសិកម្មខេត្តបាត់ដំបង​បានឲ្យដឹងថា ដំណាំរមៀតមានកសិករដាំច្រើនក្នុងខេត្តបាត់ដំបង គឺក្នុងស្រុកកំរៀង មានផ្ទៃដី ១៥ ហិកតា និងស្រុកបាណន់ ០៧ ហិកតា។

ក្រៅពីនេះនៅ​មានក្នុងស្រុកសំឡូត និងរតនមណ្ឌល ហើយនៅក្នុងខេត្តក៏មានប្រជាពលរដ្ឋដាំតាមដីភូមិខ្លះៗដែរ សម្រាប់លក់លើទីផ្សារធ្វើជាគ្រឿងទេស។ ចំណែកកសិករដាំច្រើនគឺសម្រាប់លក់ចេញ ឲ្យក្រុមហ៊ុនកែច្នៃធ្វើជាម្សៅលក់តាមបណ្តា​ខេត្ត និងមាននាំចេញក្រៅស្រុកតាមរយះវិនិយោគជាមួយក្រុមហ៊ុនឥណ្ឌា៕

អត្ថបទ÷សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម