Connect with us

ព័ត៌មានអន្ដរជាតិ

រដ្ឋាភិបាលថៃ ទទួលស្គាល់ថា ខ្លួនមើលស្រាលស្ថានភាពទឹកជំនន់ នៅ Hat Yai

បានផុស

នៅ

ទីបំផុត រដ្ឋាភិបាលថៃបានទទួលស្គាល់ថា ខ្លួនមើលស្រាលស្ថានភាពទឹកជំនន់ នៅស្រុក Hat Yai ខេត្ត Songkhla ហើយការប៉ាន់ស្មានខុសនេះ គឺជាមេរៀនសម្រាប់ថ្ងៃមុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
ទឹកជំនន់នៅថៃ (រូបថត៖ Reuters)

សារព័ត៌មាន The Nation បានដកស្រង់សម្តីលោក Paradorn Prissanananthakul ជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ដែលនិយាយក្នុងការ Live លើ YouTube កាលពីថ្ងៃព្រហស្បតិ៍ទី២៧ខែវិច្ឆិកាឆ្នាំ២០២៥ថា៖ «ជាការពិត យើងធ្វើឲ្យមានកំហុសទើបមនុស្សស្លាប់ច្រើនបែបនេះ ប៉ុន្តែខ្ញុំជឿថា ថ្ងៃនេះ រដ្ឋាភិបាល មន្ត្រីរាជការ និងសូម្បីតែប្រជាពលរដ្ឋ ក៏ត្រូវតែរៀនសូត្រពីវិបត្តិនេះដែរ។ វាជាមេរៀនសម្រាប់គ្រប់ភាគីដើម្បីវាយតម្លៃថា តើភាគីនីមួយៗបានមើលស្រាលស្ថានភាពនេះខ្លាំងកម្រិតណា»។ 

លោក Paradorn ដែលក៏ជានាយក មជ្ឈមណ្ឌលប្រតិបត្តិការគ្រាអាសន្នសម្រាប់វិបត្តិទឹកជំនន់ថៃផងដែរនោះ បានលើកឡើងទៀតថា៖ «យើងគួរតែរៀនសូត្រពីបទពិសោធន៍នេះ ហើយអនុវត្តវាទៅលើព្រឹត្តិការណ៍នាពេលអនាគត តើថាយើងនឹងត្រូវដោះស្រាយវិបត្តិបែបនេះ ដោយរបៀបណា?»។

លោក Paradorn Prissanananthakul (រូបថត៖ The Nation)

ការទទួលស្គាល់នេះ កើតឡើងស្របពេលតួលេខមនុស្សស្លាប់ដោយសារទឹកជំនន់ដ៏សាហាវនៅភាគខាងត្បូងប្រទេសថៃ កើនដល់១០៤នាក់ហើយ។

ប៉ូលិសបានរៀបចំកុងតឺន័រចំនួន៦ទូ ដើម្បីដាក់សពសម្រាប់ការធ្វើកោសល្យវិច័យ ហើយប៉ូលិសខេត្ត Songkhla និងមន្ត្រីជំនាញ នឹងចាប់ផ្តើមដំណើរការពិនិត្យសាកសព រួចជូនដំណឹងដល់សាច់ញាតិ។

ទឹកជំនន់នៅថៃ (រូបថត៖ Reuters)

ក្រៅពីមនុស្សស្លាប់, គ្រោះទឹកជំនន់ដ៏កាចសាហាវបំផុតមិនធ្លាប់មានសោះនៅភាគខាងត្បូងប្រទេសថៃ ក្នុងប្រវត្តិសាស្រ្តរយៈពេល៣០០ឆ្នាំមកនេះ ក៏ធ្វើឲ្យប៉ះពាល់ដល់ពលរដ្ឋជិត២លាននាក់ផងដែរ។

មិនត្រឹមប៉ុណ្ណឹង ផ្ទៃដី៣ ៩០០គីឡូម៉ែត្រការ៉េត្រូវទឹកជន់លិច ចំណែកផលប៉ះពាល់សេដ្ឋកិច្ចមានប្រមាណ ១ទៅ១.៥ពាន់លានបាតក្នុងមួយថ្ងៃ៕

អត្ថបទ៖ សុខ សុវណ្ណ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម