Connect with us

ព័ត៌មានជាតិ

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំក្រុមគ្រូពេទ្យ TYDA ចុះព្យាបាលជំងឺជូនពលរដ្ឋដោយឥតគិតថ្លៃ នៅស្រុកឆ្លូង ខេត្តក្រចេះ

បានផុស

នៅ

លោកជំទាវ​បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អនុប្រធាន​ក្រុមប្រឹក្សាភិបាល នៃ​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត សម្ដេច​តេ​ជោ (TYDA) អញ្ជើញ​ដឹកនាំ​ក្រុម​គ្រូពេទ្យ TYDA ចុះ​ពិនិត្យ និង​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ នៅ​ភូមិ​ព្រែក​សា​ម៉ាន់ ឃុំ​ព្រែក​សា​ម៉ាន់ ស្រុក​ឆ្លូង ខេត្ត​ក្រចេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នា​ឱកាស​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​ចូលរួម​ក្នុង​កម្មវិធី​ពិនិត្យ​ព្យាបាល​ជំងឺ កាលពី​ព្រឹក​ថ្ងៃទី ២៩ ខែ​វិច្ឆិកា ឆ្នាំ ២០២៥ លោកជំទាវ​បណ្ឌិត មាន​ប្រសាសន៍​ថា ការ​ចុះ​ពិនិត្យ​ព្យាបាល​ជំងឺ​ដោយ​ឥតគិតថ្លៃ​ជូន​ប្រជាពលរដ្ឋ​ដល់​មូលដ្ឋាន​នេះ ស្រប​ទៅ​នឹង​គោលនយោបាយ​របស់​រាជ​រដ្ឋា​ភិបាល​កម្ពុជា ក្នុង​ការ​បង្ខិត​សេវា​សុខាភិបាល រួមមាន​ការ​បង្កើត​មន្ទីរពេទ្យ​បង្អែក​តាម​ស្រុក ប៉ុស្តិ៍​សុខភាព និង​មណ្ឌល​សុខភាព ជូន​ប្រជាពលរដ្ឋ​ឲ្យ​កាន់តែ​ជិត ក្នុង​ការ​ពិនិត្យ និង​ព្យាបាល​ជំងឺ ហើយ​ក៏បាន​កាត់បន្ថយ​ការ​ចំណាយ​ទាំង​ថវិកា និង​ពេលវេលា។

លោកជំទាវ​បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បាន​បន្ត​ថា មួយវិញទៀត កិច្ច​គាំពារ​សុខុមាលភាព​សង្គម​នេះ គឺជា​ការ​គិតគូរ​យ៉ាង​យកចិត្តទុកដាក់​ពី​សំណាក់​រាជរដ្ឋាភិបាល ដូចនេះ​ហើយ​ទើប សម្ដេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាក​បាទ​ក្រហម​កម្ពុជា និង សម្ដេច​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា បាន​ជំរុញ​ដល់​ពេទ្យ TYDA ចូលរួម​ក្នុង​ការងារ​លើក​កម្ពស់​សុខភាព​របស់​ប្រជាពលរដ្ឋ។

ជាមួយ​នេះ លោកជំទាវ​បណ្ឌិត ក៏បាន​អំពាវនាវ​ប្រជាពលរដ្ឋ សូម​បន្ត​ខិតខំ​ថែរក្សា​សុខភាព តាម​រយៈ​ការ​ហាត់​ប្រាណ​ប្រចាំថ្ងៃ ការ​ធ្វើ​អនាម័យ​ជាប្រចាំ ការ​បរិភោគ​កុំ​ប្រៃ​ពេក ផ្អែម​ពេក និង​កាត់​បន្ថយ​អាហារ​ដែល​សម្បូរ​ទៅ​ដោយ​ជាតិ​ខ្លាញ់។

ក្នុង​ពេល​ទៅ​ទទួល​សេវា​សុខាភិបាល​ដោយ​ឥតគិតថ្លៃ​ពី TYDA ប្រជាពលរដ្ឋ បាន​លើក​ឡើង​ថា សកម្មភាព​របស់ TYDA គឺ​ពិតជា​បាន​ជួយ​លើក​កម្ពស់​សុខភាព និង​សេដ្ឋកិច្ច​របស់​ប្រជាពលរដ្ឋ ជា​ពិសេស​នៅ​តំបន់​ជនបទ ព្រោះ​ការ​ពិនិត្យ និង​ព្យាបាល​ជំងឺ រួម​ទាំង​ផ្ដល់​ថ្នាំលេប ដោយ​មិន​យក​ប្រាក់​កម្រៃ។

លោក វ៉ា ថន អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​ក្រចេះ មាន​ប្រសាសន៍​ថា ប្រជាពលរដ្ឋ​ដែល​ត្រូវ​ទៅ​ទទួល​សេវា​សុខាភិបាល មាន​ការ​ពិនិត្យ និង​ការ​ព្យាបាល​ជំងឺ​ពី​សំណាក់ គ្រូពេទ្យ TYDA មាន​ប្រមាណ​ជាង ៣ ពាន់​នាក់ ហើយ​សូម​ថ្លែងអំណរគុណ​ដល់ សម្ដេច​តេ​ជោ សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត សម្ដេច​ធិបតី និង​លោកជំទាវ​បណ្ឌិត ដែល​បាន​គិតគូរ​ពី​សុខភាព​របស់​ប្រជាពលរដ្ឋ ហើយ​បាន​បញ្ជូន​ពេទ្យ TYDA ចុះ​ព្យាបាល​ជំងឺ​ដល់​ពលរដ្ឋ នៅ​តាម​មូលដ្ឋាន​ផ្ទាល់។

គួរ​បញ្ជាក់​ថា សម្រាប់​ប្រភេទ​ជំងឺ​ដែល​ក្រុម​គ្រូពេទ្យ​ស្ម័គ្រ​ចិត្ត​សម្ដេច​តេ​ជោ សរុប​ជាង ៣៤០ នាក់ ចុះ​ជួយ​ពិនិត្យ និង​ព្យាបាល​ជំងឺ​ពលរដ្ឋ​នោះ រួមមាន ជំងឺ​ទូទៅ ជំងឺ​មាត់​ធ្មេញ ត្រចៀក ច្រមុះ បពង់ក ជំងឺ​ភ្នែក ជំងឺ​រោគ​ស្ត្រី អេកូ​សាស្ត្រ វះកាត់​តូច ជំងឺ​បេះដូង ជំងឺ​សើស្បែក ជំងឺ​ឫសដូងបាត ជំងឺ​សន្លាក់ មន្ទីរ​ពិសោធន៍ ថត​កាំរស្មី និង​ផ្នែក​កុមារ ដែល​មាន​ការ​ពិនិត្យ​ជំងឺ​សរុប​ចំនួន​ជាង ៤ ៦០០ ករណី ខណៈ​អ្នកជំងឺ​ចំនួន ៤២ នាក់ ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​បន្ត​នៅ​រាជធានី​ភ្នំពេញ ក្រោម​ការ​ជួយ​ផ្គត់ផ្គង់​ពី​សំណាក់ សម្ដេច​ធិបតី និង​លោកជំទាវ ទាំង​ការ​ព្យាបាល និង​ហូបចុក​ស្នាក់នៅ​ដោយ​ឥត​គិត​ថ្លៃ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម