Connect with us

ព័ត៌មានជាតិ

កម្ពុជា និងនូវែលសេឡង់ ប្ដេជ្ញាធ្វើការរួមគ្នា ដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន

បានផុស

នៅ

កិច្ចសហប្រតិបត្តិការក្នុងវិស័យសន្តិសុខ ជាប្រធានបទសំខាន់មួយដែលត្រូវបានលើកយកមកជជែកគ្នារវាងរដ្ឋមន្ត្រីការបរទេសកម្ពុជា និងរដ្ឋមន្ត្រីការបរទេសនូវែលសេឡង់ ដោយភាគីទាំងពីរបានប្រកាសចាប់ដៃគ្នាបន្តពង្រឹងលើកិច្ចសហប្រតិបត្តិការនេះ ជាពិសេសការប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន រាប់ទាំងការឆបោកតាមប្រព័ន្ធអនឡាញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋមន្ត្រីការបរទេសទាំងពីរបានទទួលស្គាល់ថា ឧក្រិដ្ឋកម្មឆ្លងដែនជាបញ្ហាសកលដែលកំពុងមានការគំរាមកំហែងដ៏ធ្ងន់ធ្ងរដល់សន្តិសុខជាតិទាំងក្នុងតំបន់ និងពិភពលោក ដែលទាមទារឱ្យមានកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខរួមគ្នា។ ក្នុងន័យនេះ ភាគីទាំងពីរ បានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តយ៉ាងមោះមុត ក្នុងការជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសន្តិសុខ និងបានឯកភាពធ្វើការរួមគ្នា ដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មទាំងនេះ។

ការគូសបញ្ជាក់ដូច្នេះធ្វើឡើងក្នុងជំនួបទ្វេភាគីរវាងរដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន និងលោក វីនស្តុន ភីធឺរ រដ្ឋមន្ត្រីការបរទេសនូវែលសេឡង់ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងពេលដែលលោក វីនស្តុន ភីធឺរ មកធ្វើទស្សនកិច្ចនៅកម្ពុជា។

តបតាមការអញ្ជើញរបស់សមភាគីកម្ពុជា លោក វីនស្តុន ភីធឺរ រដ្ឋមន្ត្រីការបរទេសនូវែលសេឡង់ បានមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា កាលពីថ្ងៃទី២៨ និងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥។ ទស្សនកិច្ចនេះ បានបញ្ជាក់ឡើងវិញពីការប្តេជ្ញាចិត្តរួមរបស់ប្រទេសទាំងពីរ ក្នុងការបន្តពង្រឹងទំនាក់ទំនងទ្វេភាគី និងស្វែងរកវិស័យថ្មីៗថែមទៀតសម្រាប់ធ្វើកិច្ចសហប្រតិបត្តិការ។

ក្រសួងការបរទេសកម្ពុជា នៅថ្ងៃចន្ទនេះ បានបញ្ជាក់ពីលទ្ធផលផ្លែផ្កាដែលទទួលបានពីដំណើរទស្សនកិច្ចរបស់លោករដ្ឋមន្ត្រីការបរទេសនូវែលសេឡង់នៅកម្ពុជា ពិសេសក្នុងជំនួបទ្វេភាគីជាមួយរដ្ឋមន្ត្រីការបរទេសកម្ពុជា។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា លោក ប្រាក់ សុខុន និងលោក វីនស្តុន ភីធឺរ បានជួបពិភាក្សាយ៉ាងស៊ីជម្រៅក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ដែលគ្របដណ្តប់លើវិស័យជាច្រើនជាអាទិ៍នយោបាយ សន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងការប្រាស្រ័យទាក់ទងគ្នារវាងប្រជាជននិងប្រជាជនប្រទេសទាំងពីរ។

ជាការកត់សម្គាល់ ក្រៅពីកិច្ចពិភាក្សាទ្វេភាគី លោក ប្រាក់ សុខុន ក៏បានប្រាប់ទៅកាន់លោក វីនស្តុន ភីធឺរ អំពីការវិវឌ្ឍថ្មីៗពាក់ព័ន្ធបញ្ហាជម្លោះព្រំដែនកម្ពុជា និងថៃផងដែរ ពិសេសជុំវិញនឹងការអនុវត្តសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួរ ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងបានគូសបញ្ជាក់ថា កម្ពុជា នឹងនៅតែប្តេជ្ញាអនុវត្តតាមខ្លឹមសារនៃសេចក្តីថ្លែងការណ៍រួមនេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម