Connect with us

ព័ត៌មានអន្ដរជាតិ

ការនាំចេញអង្ករវៀតណាមរំពឹងធ្លាក់ចុះជាង ១០%ឆ្នាំនេះ ដោយសារហ្វីលីពីនបិទការនាំចូល

បានផុស

នៅ

ប្រធានសមាគមស្បៀងអាហារវៀតណាម បានឱ្យដឹងកាលពីថ្ងៃអង្គារថា ការនាំចេញអង្កររបស់ប្រទេសវៀតណាមរំពឹងថានឹងធ្លាក់ចុះ ១១,៥% នៅឆ្នាំនេះ មកនៅត្រឹមប្រហែល ៨ លានតោន ដោយសារតែការបិទការនាំចូលអង្កររបស់ហ្វីលីពីន។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រកាលពីថ្ងៃអង្គារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វៀតណាមគឺជាប្រទេសនាំចេញអង្ករធំជាងគេទី ៣ របស់ពិភពលោក បន្ទាប់ពីឥណ្ឌា និងថៃ ហើយទីផ្សារសំខាន់ៗរបស់ប្រទេសនេះគឺហ្វីលីពីន ឥណ្ឌូណេស៊ី និងអាហ្វ្រិក។ យ៉៉ាងណា​មិញ ការនាំចេញទៅហ្វីលីពីន ត្រូវបាន​ផ្អាកទាំងស្រុង ក្រោយប្រទេសប្រជុំកោះដដែលបិទការនាំចូលអង្ករតាំងពីខែកញ្ញា រហូតដល់ចុងឆ្នាំនេះ ដើម្បីការពារកសិករក្នុងស្រុកពីការធ្លាក់ចុះនៃតម្លៃអង្ករ។

ប្រធានសមាគម​ស្បៀងអាហារ​វៀតណាម លោក Do Ha Nam បានប្រាប់រ៉យទ័រ៖ «​ការហាមឃាត់នេះ ទំនង​នឹងត្រូវបាន​ពន្យារឱ្យយូរបន្ថែមទៀត»។

កន្លងមក មានសេចក្ដីរាយការណ៍ថា ហ្វីលីពីននឹង​បន្តបិទការនាំចូលដល់ចុងឆ្នាំ ហើយបើកវិញរយៈពេល ១ ខែនៅខែមករា មុនពេលបិទម្ដងទៀតដល់ខែមេសា។

ដោយសារតែបញ្ហានេះ ការនាំចេញអង្កររបស់វៀតណាមទៅហ្វីលីពីន​ បានធ្លាក់ចុះ ១៨,៥% ​ក្នុងរយៈពេល ១០ ខែ ដើមឆ្នាំ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៤ មកនៅត្រឹម ២,៩៦ លានតោន។ ​នេះបើ​តាមទិន្នន័យគយរបស់វៀតណាម។

យ៉ាងណាមិញ លោក Nam បាននិយាយថា តម្រូវការអង្ករទូទាំងពិភពលោកនៅតែខ្លាំង ហើយវៀតណាមនឹង​ជំរុញការនាំចេញទៅកាន់ទីផ្សារផ្សេងទៀតក្រៅពីហ្វីលីពីន ខណៈ​ផ្តោតលើការផលិតអង្ករ ដែលមានគុណ​ភាពខ្ពស់។

គួរគូសបញ្ជាក់ អ្វីដែលវៀតណាមប្រឈមមុខ ក៏ជាបញ្ហាដែលប្រទេសនាំចេញអង្ករផ្សេងទៀតកំពុងជួបប្រទះផងដែរ។ រាប់តាំងពីដើមឆ្នាំមក តម្លៃអង្ករអន្តរជាតិបានធ្លាក់ចុះជាគំហុក ដោយសារតែកំណើនផលិតកម្ម និងកម្សោយតម្រូវពីប្រទេសនាំចូលធំៗ រួមទាំងហ្វីលីពីន និងឥណ្ឌូណេស៊ី៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម