ព័ត៌មានជាតិ
ឧប. ស៊ុន ចាន់ថុល ណែនាំកីឡាករហែលទឹកដែលទៅប្រកួតស៊ីហ្គេមនៅថៃឱ្យមានការប្រុងប្រយ័ត្ន និងខិតខំការពារកិត្តិយសជាតិ
ប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានណែនាំទៅដល់កីឡាករ កីឡាការិនីហែលទឹកកម្ពុជាដែលទៅចូលរួមការប្រកួតស៊ីហ្គេមនៅប្រទេសថៃឱ្យមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ស្ដាប់តាមការណែនាំ និងខិតខំការពារកិត្តិយសជាតិ។ លោកថាបើទោះបីកីឡាមិនពាក់ព័ន្ធនឹងបញ្ហាជម្លោះរវាងប្រទេសតែក៏បារម្ភពីអំពើជ្រុលនិយមនៅក្នុងប្រទេសថៃផងដែរ។

ថ្លែងប្រាប់ក្រុមកីឡាករដែលចេញទៅប្រកួតនៅប្រទេសថៃព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្ដីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានសំដែងការសោកស្ដាយដែលថៃដកកីឡាហែលទឹកជើងទារដែលជាជំនាញរបស់កីឡាករខ្មែរចេញពីវិញ្ញាសាប្រកួត តែទោះជាយ៉ាងណាលោកបានលើកទឹកចិត្តដល់កីឡាករទាំងអស់ឱ្យខិតខំប្រកួតប្រជែងអស់ពីកម្លាំងកាយចិត្តធ្វើយ៉ាងណាដណ្ដើមមេដាយជូនឱ្យបាន។
លោកថា៖ «សូមខិតខំប្រឹងប្រែងថែរក្សាកេរ្តិ៍ឈ្មោះប្រទេសយើង ជាពិសេសក្នុងពេលដែលយើងមានជម្លោះជាមួយថៃដែលជាម្ចាស់ផ្ទះផងធ្វើយ៉ាងណាទី១សុវត្ថិភាពរបស់យើង ត្រូវប្រុងប្រយ័ត្ន។ ធម្មតាកីឡាមិនទាក់ទងអីនឹងជម្លោះផ្សេងទេតែអ្នកមិនសប្បាយចិត្តខ្លះវាបំផ្លាញកិត្តិយសរបស់ប្រទេសគាត់នោះណា»។

កីឡាហែលទឹកគឺជាកីឡាមួយក្នុងចំណោមកីឡា២ដែលចាំបាច់តម្រូវឱ្យប្រទេសដែលចូលរួមប្រកួតកីឡាត្រូវបញ្ជូនអត្តពលិកចូលរួមក្នុងវិញ្ញាសានេះ។ ក្នុងការប្រកួតកីឡាអាស៊ីអាគ្នេយ៍ឆ្នាំ២០២៥ នៅប្រទេសថៃនេះកម្ពុជាបានបញ្ជូនអត្តពលិកចំនួន៩នាក់ដើម្បីចូលរួមប្រកួត ខណៈសហព័ន្ធខ្មែរកីឡាហែលទឹកបានឧបត្ថម្ភអត្តពលិកម្នាក់ចំនួន ១៥០០ដុល្លារដើម្បីទៅចូលរួមប្រកួត។
អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹកលោក ហែម គិរី បានឱ្យអ្នកសារព័ត៌មានដឹងថា ទោះបីជាកីឡាមិនពាក់ព័ន្ធនឹងបញ្ហាជម្លោះរវាងកម្ពុជានិងថៃ តែយ៉ាងណាក៏បានធ្វើឱ្យប៉ះពាល់ដល់សតិអារម្មណ៍របស់អត្តពលិកខ្លះផងដែរ តែដោយសារមានការលើកទឹកចិត្ត និងការធានាពីថ្នាក់ដឹកនាំបានផ្ដល់កម្លាំងចិត្តដល់កីឡាករជាខ្លាំង។
លោកថា៖ «ថ្វីត្បិតតែយើងអាចប្រឈមមុខនឹងផ្នែកសតិអារម្មណ៍មែនតែក្នុងនាមជាអ្នកកីឡាក៏យើងត្រូវទទួលចំណុចអស់នេះ។ ព្រោះយើងតែងតែជួបហើយ បើសិនយើងទៅប្រកួតនៅប្រទេសដទៃទៀតក៏យើងតែងតែរងបញ្ហាបែបហ្នឹងដែរ។ ការហូរកញ្ជ្រៀវ ការស្រែក ការលើកឡើងជាចំណុចបំបាក់ទឹកចិត្តដល់ពួកយើងអីគឺយើងតែងតែជួបប្រទះ អ៊ីចឹងយើងត្រូវប្រឈមមុខ»។

ក្រុមអត្តពលិកហែលទឹកកម្ពុជានឹងធ្វើដំណើរទៅចូលរួមប្រកួតស៊ីហ្គេមនៅប្រទេសថៃនៅថ្ងៃទី៨ ខែធ្នូនេះ និងត្រលប់មកវិញនៅថ្ងៃទី១៦។ តាមការណែនាំកីឡាករកម្ពុជានឹងស្នាក់នៅតែក្នុងសណ្ឋាគារដែលមានការការពារសុវត្ថិភាពហើយចេញទៅប្រកួត និងត្រលប់មកវិញប៉ុណ្ណោះ៕
អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម៩ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


