ព័ត៌មានអន្ដរជាតិ
លោក ហ្សេលេនស្គី៖ ការចរចាសន្តិភាពជាមួយអាមេរិក មិនមែនជារឿងងាយស្រួលទេ
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានថ្លែងនៅក្នុងសុន្ទរកថាវីដេអូមួយកាលពីថ្ងៃអាទិត្យទី ៧ខែធ្នូថា ការពិភាក្សាជាមួយតំណាងសហរដ្ឋអាមេរិក ស្តីពីផែនការសន្តិភាពសម្រាប់ប្រទេសអ៊ុយក្រែន មានលក្ខណៈស្ថាបនា ក៏ប៉ុន្តែមិនមែនជារឿងងាយស្រួលដូចការគិតនោះទេ។

តាមការចុះផ្សាយពីសារព័ត៌មាន Reuters លោកហ្សេលេនស្គី បានទូរស័ព្ទកាលពីថ្ងៃសៅរ៍ជាមួយបេសកជនពិសេសរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ លោក Steve Witkoff និងកូនប្រសាត្រាំគឺ Jared Kushner ហើយត្រូវបានគេរំពឹងថានឹងជួបជាមួយមេដឹកនាំបារាំង អង់គ្លេស និងអាល្លឺម៉ង់នៅថ្ងៃចន្ទនៅទីក្រុងឡុងដ៍។ កិច្ចពិភាក្សាបន្ថែមទៀតត្រូវបានគ្រោងធ្វើនៅទីក្រុងប្រ៊ុចសែលផងដែរ។
ប្រធានាធិបតីអ៊ុយក្រែនបានមានប្រសាសន៍ទៀតថា «យើងបានពិភាក្សាអំពីទិដ្ឋភាពជាច្រើន ដោយស៊ើបអង្កេតលើចំណុចសំខាន់ៗដែលអាចធានាបាននូវការបញ្ចប់ការបង្ហូរឈាម និងលុបបំបាត់ការគំរាមកំហែងនៃការវាយប្រហារទ្រង់ទ្រាយធំថ្មីរបស់រុស្ស៊ី។ ភាគីទាំងពីរក៏បានឯកភាពគ្នាលើជំហានបន្ទាប់ និងទម្រង់សម្រាប់ការចរចាជាមួយសហរដ្ឋអាមេរិកផងដែរ»។
មិនតែប៉ុណ្ណោះ ភាគីទាំងពីរក៏បានពិភាក្សាអំពីហានិភ័យនៃប្រទេសរុស្ស៊ីមិនបំពេញកាតព្វកិច្ចរបស់ខ្លួន។ លោកបានបន្ថែមថា មិនមែនអ្វីៗទាំងអស់អាចត្រូវបានពិភាក្សាតាមទូរស័ព្ទនោះទេ។ ដូច្នេះយើងត្រូវធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រុមរបស់យើងលើគំនិត និងសំណើ។
ថ្វីដ្បិតតែយ៉ាងនេះក្ដី ថ្ងៃដដែលនោះលោកត្រាំបានសម្តែងការខកចិត្តជាមួយសមភាគីអ៊ុយក្រែន ចំពោះការមិនចូលរួមក្នុងផែនការបញ្ចប់ការប្រយុទ្ធ។ លោកបានប្រាប់អ្នកយកព័ត៌មានថា ខ្លួនបាននិយាយជាមួយប្រធានាធិបតីរុស្ស៊ី និងថ្នាក់ដឹកនាំអ៊ុយក្រែន រួមទាំងប្រធានាធិបតីហ្សេលេនស្គី ផងដែរ។ ប៉ុន្តែរហូតដល់ពេលនេះ លោកមិនទាន់បានអានសំណើសន្តិភាពពីប្រធានាធិបតីអ៊ុយក្រែននៅឡើយទេ។
ទោះបីជាមានការសម្របសម្រួលពីអាមេរិក និងការទំនាក់ទំនងកម្រិតខ្ពស់តាមកាលកំណត់ក៏ដោយ ក៏វឌ្ឍនភាពក្នុងកិច្ចចរចាសន្តិភាពមានភាពយឺតយ៉ាវ ដោយជម្លោះជុំវិញការធានាសន្តិសុខសម្រាប់ទីក្រុងកៀវ និងស្ថានភាពនៃទឹកដីដែលកាន់កាប់ដោយរុស្ស៊ី នៅតែមិនទាន់ដោះស្រាយបាន។
ទីក្រុងមូស្គូនិយាយថា ខ្លួនបើកចំហចំពោះការចរចា និងស្តីបន្ទោសទីក្រុងកៀវ និងលោកខាងលិចចំពោះការរារាំងសន្តិភាព ខណៈដែលអ៊ុយក្រែន និងសម្ព័ន្ធមិត្តនិយាយថា រុស្ស៊ីកំពុងជាប់គាំង និងប្រើប្រាស់ការទូតដើម្បីពង្រឹងផលប្រយោជន៍របស់ខ្លួន។
ដោយឡែក មេដឹកនាំអ៊ឺរ៉ុបបានគាំទ្រដំណើរការការទូតជាជំហានៗសម្រាប់អ៊ុយក្រែន ដោយភ្ជាប់ទៅនឹងការធានាសន្តិសុខរយៈពេលវែង និងជំនួយយោធាប្រកបដោយនិរន្តរភាព។ ទោះជាយ៉ាងនេះក្តី លោកត្រាំបានផ្តោតលើការព្រមព្រៀងគ្នាយ៉ាងឆាប់រហ័ស និងការចែករំលែកបន្ទុក ហើយអ្នកការទូតបានព្រមានថា កិច្ចពិភាក្សាណាមួយនៅតែផុយស្រួយ និងងាយរងគ្រោះចំពោះការផ្លាស់ប្តូរនៅក្នុងនយោបាយសហរដ្ឋអាមេរិក៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអានខាងក្រោមនេះ៖
អតីតអ្នកនាំពាក្យ ហ្សេលេនស្គី ភ័យខ្លាចលោក Yermak ទោះអស់តំណែង តែមានឥទ្ធិពលមិនធម្មតា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
សន្តិសុខសង្គម១៦ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


