Connect with us

ព័ត៌មានជាតិ

លោក ឱក សេរីសុភ័ក្រ ថា​ថៃ​មាន​គោល​ដៅ​៣​ដើម្បី​បំបែក​កម្ពុជា​តែ​ខុស​ធ្ងន់​ត្រង់​យុទ្ធសាស្ត្រ

បានផុស

នៅ

អ្នក​ជំនាញ​ផ្នែក​អភិបាល​កិច្ច​លោក ឱក សេរីសុភ័ក្រ បាន​សរសេរ​លើ​ហ្វេសបុក​របស់​លោក​ដោយ​បង្ហាញ​ពី​យុទ្ធសាស្ត្រ​៣​ជា​គោលដៅ​របស់​ថៃ​​ដើម្បី​យក​ដី និង​បំភិត​បំភ័យ​កម្ពុជា តែ​គោលដៅ​នេះ​មិន​អាច​សម្រេច​បាន​ដោយ​សារ​ខុសលើយុទ្ធសាស្ត្រ មើល​ងាយ​ទេព​កោសល្យ​យោធា​សម្ដេច​តេជោ និង​សាមគ្គីភាព​របស់​ជនជាតិ​​ខ្មែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សេរីសុភ័ក្រ បាន​សរសេរ​នៅ​ថ្ងៃ​នេះ​ថា​គោលដៅ​របស់​ថៃ​គឺ​ការ​ប្រើប្រាស់​យោធា​វាយ​ដណ្ដើម​ទឹក​ដី​ និង​ប្រាសាទ​ខ្មែរ​ ជាមួយ​គ្នា​នឹង​ការ​ប្រើយុទ្ធ​សាស្ត្រ​ចិត្ត​សាស្ត្រ​បំភិត​បំភ័យ​ពលរដ្ឋ​ខ្មែរ​រត់​ភៀស​សឹក​​​ធ្វើ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​គិត​រវល់​នឹង​សុវត្ថិភាព​ពលរដ្ឋ​ ខណៈ​បង្កើត​ព័ត៌មាន​ក្លែង​ក្លាយ​ដើម្បី​ធ្វើ​ឱ្យ​ប៉ះពាល់​សតិ​ពលរដ្ឋ​បន្ថែមទៀត​។

លោក​សរសេរ​ថា៖ «ក្នុងន័យនេះ សូម MMO ប្រយ័ត្នប្រយ៉ែង​ឲ្យមែនទែន​កុំឲ្យសត្រូវ​ប្រើប្រាស់​ដោយ​មិន​ដឹង​ខ្លួន។ ក្រសួងពត៌មានក៏ត្រូវតែមានវិធានការដាច់ណាត់ជាចាំបាច់។ ត្រូវម្នាក់ៗយល់ថា ពេលនេះ​ជា​ពេល​ស្លាប់រស់របស់ប្រទេសជាតិទាំងមូល ពុំមែនជាពេលរស់នៅក្នុងជីវិតធម្មតានោះឡើយ អ្វីដែល​ផ្អាក​បាន​ផ្អាកសិនទៅ»​​​​

លោកបន្ថែមថា​ ដោយ​ថៃ​មើល​ឃើញ​ថា​ទាហាន​ថ្មើរ​ជើង​របស់​ខ្លួន​ស្លាប់​ច្រើន​ ពេល​នេះ​ថៃ​បាន​ងាក​បំផ្លាញ​មូលដ្ឋាន​សេដ្ឋកិច្ច​កម្ពុជា ដោយចាប់ផ្តើមពីហេដ្ឋារចនាសម្ព័ន្ធ មានស្ពានថ្នល់​វិញ ក្នុង​ចេត​នា​បំបែក​កម្លាំង​របស់​កម្ពុជា។

លោក​បាន​សរសេរ​ថា៖ «យោធាថៃលែងខ្វល់ពីប្រធានាធិបតីត្រាំ និងសហគមអន្តរជាតិទៀតហើយ ព្រោះនយោបាយភូតកុហករបស់ពួកវាបានបរាជ័យយ៉ាងអាម៉ាស់អស់ហើយ។ ប្រតិបត្តិការ​សឹក​របស់​យោធាថៃលែងលាក់បាំងលក្ខណៈ ឈ្លានពានទៀតហើយ ព្រោះហួសឆ្ងាយណាស់ពីបន្ទាត់កាពារខ្កួន។ គោលដៅរបស់យោធាថៃអាចមានបីក្នុងពេលនេះ»

ទោះ​ជា​យ៉ាង​ណា​លោក​ ឱក សេរីសុភ័ក្រ យល់​ថា​គោលដៅ និង​សកម្មភាព​ថៃ​ទាំង​បី​នេះ​គឺ​ខុស​ខ្លាំង​ណាស់​ដែល​នឹង​ធ្វើ​ឱ្យ​បាត់​បង់​ការ​គាំទ្រ​ពីពលរដ្ឋ​របស់​ខ្លួន​ដោយ​ពុំ​អាច​ទទួល​យក​ការ​បាត់​បង់​ពេល​វេលា​យូរ ទាហាន​ អ្នក​នយោបាយ​ បញ្ញាវ័ន្ត អ្នក​កាសែត កាន់​តែ​ច្រើន​នឿយណាយ​នឹង​សង្គ្រាម​និង​ចាប់​ផ្ដើម​ចេញ​មក​និយាយ​ជា​សាធារណៈ អ្នកវិនិយោគបរទេស​ចាប់ផ្តើមប្តូរ​ទិសដៅ​ទៅ​ប្រទេស​ផ្សេង។ បន្ថែម​លើ​នេះ​សកម្មភាព​យោធា​របស់​ថៃ​ដែល​បំពាន​កិច្ច​ព្រមព្រៀង​សន្ដិភាព​គឺ​ជា​ការ​មើល​ងាយ​ដល់​សហគមន៍​អន្តរជាតិ ច្បាប់​អន្តរជាតិ​ដែល​បាន​សម្លាប់​នយោបាយ​របស់​ខ្លួន​ឯង​។

លោក​សរសេរ​បន្ថែម​ថា៖ «ត្រូវចាំទុក នៅថ្ងៃទី ១២ និង១៣ធ្នូ ២០២៥ យោធាថៃបាន​ធ្វើអត្តឃាត​នយោបាយ​ខ្លួនឯង ដោយមើលស្រាលលោកប្រធានាធិបតីត្រាំ និងដោយបាញ់ប្រហារ​ទៅលើ​ខេត្តកោះកុង និងទម្លាក់គ្រាប់បែកទៅលើស្ពានថ្មីដែលជាជំនួយ របស់ចិន នៅខេត្តពោធិសាត់»

ការ​មើល​ងាយ​ទេពកោសល្យយោធា​របស់​សម្ដេច​តេជោ​ពីកងទ័ព​ថៃ​ក៏​ជា​កំហុស​ផ្នែក​យុទ្ធសាស្ត្រ​ដ៏​ធំ​របស់​ថៃ​ផងដែរ​។ លោក​ថា​ថៃ​អាង​លើ​សព្វាវុធ​ទំនើបៗ តែ​ភ្លេច​គិត​ពី​សាមគ្គីភាព​របស់​កម្ពុជា​ដែល​កំពុង​តែ​រឹង​មាំ​ឡើង​ក្នុង​ពេល​ដែល​ថៃ​ឈ្លានពាន​នេះ​។

លោក​សរសេរ​ថា៖ «យោធាថៃស្អប់សម្តេចតេជោដល់ឆ្អឹង តែបែរ​ជាមើលស្រាល​ទេពកោសល្យយោធា​របស់​សម្តេច ព្រមទាំងមើលងាយសមត្ថភាព យោធារបស់កម្ពុជា។ នេះជាកំហុសធ្ងន់ធ្ងរ​ដែលមាន​តែមេទ័ព​ល្ងីល្ងើទេ ទើបធ្វើបាន»

​បើ​តាម​លោក ​សេរីសុភ័ក្រ ​សង្គ្រាម​នេះ​នឹង​ត្រូវ​បញ្ចប់​ដោយ​ «ការ​ចរចា» ហើយ​ប្រហែល​ជាថៃ​​លែង​មាន​ឱកាស​បំពាន​កម្ពុជា​ទៀត​ហើយ​ដោយ​សារ​ កម្ពុជា​នឹង​បំប្លែង​ការ​ឈឺចាប់​លើក​នេះ​ពង្រឹង​សង្គមជាតិ​ឲ្យខ្លាំងរហូតទាល់តែគ្មានសត្រូវណាហ៊ានមាក់ងាយបានទៀត។

លោក​បន្ថែម​ថា៖​ «ដំណោះស្រាយមួយក្នុងចំណោមដំណោះស្រាយផ្សេងទៀត គឺកម្ពុជា​អាចប្រើប្រាស់​សមានចិត្តអន្តរជាតិដែលកំពុងឡើងខ្លាំងចំពោះយើង ពិចារណាអំពីសំណើរជាឯកតោភាគី ក្នុងការ​ដាក់ពង្រាយអ្នកសង្កេតការយោធាដែលមានសមត្ថភាពការពារខ្លួន របស់​អាស៊ានបូក​នឹងប្រទេស​ស្ម័គ្រចិត្ត​ដ៏ទៃទៀតនៅលើទឹកដីព្រំដែនកម្ពុជា ក្នុងគោលបំណងការពារប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់ ពីការឈ្លានរបស់យោធាថៃ។ នេះមិនពាក់ព័ន្ធដល់អធិបតេយ្យភាព និងឯករាជ្យភាពរបស់កម្ពុជា​ឡើយ​៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម