Connect with us

ព័ត៌មានជាតិ

ពីរទៅបីឆ្នាំ​ទៀត កម្ពុជា​នឹង​​មាន​​ក្រុមហ៊ុន​ផលិត​ទឹកដោះ​គោ​​ថែម​ទៀត ​បង្កើន​បរិមាណ​ផ្គត់ផ្គង់​តម្រូវការ​ក្នុង​ស្រុក

បានផុស

នៅ

នៅ​ពីរ​ទៅ​បី​ឆ្នាំ​ទៀត​ កម្ពុជា​នឹង​មាន​ក្រុមហ៊ុន​ផលិត​ទឹកដោះ​គោ​មួយ​ចំនួន​ថែម​ទៀត ដែល​មាន​លទ្ធភាព​បង្កើន​បរិមាណ​ផ្គត់ផ្គង់​​ទឹកដោះគោ​ស្រស់​បំពេញ​តម្រូវការ​ក្នុង​ស្រុក​បន្ថែម។

ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាលសម័្ពន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) ​បាន​​ថ្លែង​ថា ដោយ​សារ​តម្រូវការ​ទឹកដោះ​គោ​​ស្រស់​​កើន​ឡើង នៅ​ប្រមាណ​ពីរ​ទៅ​បី​ឆ្នាំ​ទៀត​នេះនឹង​មាន​ក្រុមហ៊ុនបី​ទៅ​បួន​ទៀត​នឹង​បង្កើត​ខ្សែ​សង្វាក់ផលិតកម្មក្នុងប្រទេស​កម្ពុជា ដែលអាច​បង្កើន​ការ​ផលិត​ទឹកដោះ​ស្រស់​​ផ្គត់ផ្គង់ទីផ្សារ​ក្នុងស្រុក​។

«ឆ្នាំ​ក្រោយ​នឹង​មាន​ក្រុមហ៊ុន​ចិញ្ចឹម​គោ​បី​ទៅ​បួន​ក្រុមហ៊ុន​ទៀត ហើយ​ដែល​​ត្រូវការ​ដី​​រាប់​ម៉ឺន​ហិកតា​ដើម្បី​ចិញ្ចឹម​គោ​យក​ទឹកដោះ»។ ឧកញ៉ា តែ តាំង​ប៉ បញ្ជាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាម​ឧកញ៉ា តែ តាំងប៉ ទឹកដោះ​គោស្រស់​​ជា​ទំនិញ​យុទ្ធសាស្ត្រ​ដ៏​ចាំបាច់​មួយ ខណៈ​បច្ចុប្បន្ន​សមត្ថភាព​ផលិត​ក្នុង​ស្រុក​ស្ថិត​នៅ​ក្នុង​កម្រិត​មួយ​មិន​ទាន់​អាច​បំពេញ​តម្រូវការ​គ្រប់គ្រាន់​នោះ​ទេ។

ក្នុង​ដំណើរការ​ទស្សនកិច្ច​របស់​លោក ស៊ុន ចាន់ថុល អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅ​ប្រទេស​ម៉ាឡេស៊ី កាល​ពី​អំឡុង​ខែតុលា ឆ្នាំ ២០២៥ ក្រុមហ៊ុនមកពី​កម្ពុជា​បាន​ចុះអនុស្សរណៈនៃ​ការយោគយល់​គ្នា (MoU) ជាមួយក្រុមហ៊ុន​​ម៉ាឡេស៊ី ក្នុង​ការ​ដាក់​ទុន​វិនិយោគ​បង្កើត​កសិដ្ឋាន​ចិញ្ចឹម​គោ​យក​ទឹកដោះ និង​បង្កើត​រោង​ចក្រ​ផលិត​ទឹក​ដោះ​គោឆៅ​កំប៉ុងនៅកម្ពុជា។

ក្រុមហ៊ុនទឹកដោះគោស្រស់ម៉ាឡេស៊ី Farm Fresh Berhad បានចាប់ដៃជាមួយក្រុមហ៊ុន​មក​ពី​ប្រទេស​កម្ពុជា Alpha group ខណៈ​ដែល Farm Fresh Group គឺជាក្រុមហ៊ុនធំ​ជាងគេ​នៅប្រទេស​ម៉ាឡេស៊ី​ដែល​មាន​កសិដ្ឋាន ចិញ្ចឹមគោ​យកទឹកដោះ​ដោយមានគោប្រមាណ ១ ម៉ឺន ៤ ពាន់ក្បាល។

លោក លី ឃុនថៃ ប្រធានក្រុមប្រឹក្សាភិបាល Alpha group បានចាត់​ទុកការចាប់ដៃវិនិយោគ​ជាមួយ​ក្រុមហ៊ុន​របស់ម៉ាឡេស៊ី​គឺជាការពង្រីកការផលិត​ទឹកដោះគោ​ស្រស់ និង​ទឹកដោះគោ​ឆៅ ដើម្បី​បំពេញ​តម្រូវការ​ទឹកដោះគោ​ស្រស់ និង​ទឹកដោះគោ​ឆៅ​ដែល​កំពុង​មាន​កំណើន​ខ្ពស់។

តម្រូវការ​​ទឹកដោះគោ​ស្រស់​ក្នុង​ស្រុក​បាន​បង្កើន​ចំណែក​ទីផ្សារ​​ផ្គត់ផ្គង់​កើន​ឡើង​​ពី ៥ ដល់ ២៥% ក្រោយ​ការ​ធ្វើ​ពហិការ​ការ​ប្រើប្រាស់​ទំនិញ​ថៃ​ក្នុង​ចំណោម​ពលរដ្ឋ​កម្ពុជា។

បច្ចុប្បន្ន​កម្ពុជា​មាន​តម្រូវការ​ទឹក​ដោះ​គោ​ស្រស់​ប្រមាណ ១០ ម៉ឺន​លីត្រ ​ក្នុងមួយថ្ងៃ ​ខណៈ​កសិដ្ឋាន​ចិញ្ចឹមគោ​យកទឹកដោះ​ធំៗ​ទាំង ៤ របស់​កម្ពុជា ​មាន​សមត្ថភាព​ផលិត​បាន​ប្រមាណ ២ ម៉ឺនលីត្រ ​ក្នុងមួយថ្ងៃ។ នេះបើតា​ម​លោក ជី សិលា សហ​ស្ថាបនិក​កសិដ្ឋាន​គិរីសួគ៌​ប្រាប់​កម្ពុជា​ថ្មី​កន្លងទៅ។

កសិដ្ឋាន​គិរី​សួគ៌មាន​គោ​អាច​ផលិត​ទឹក​ដោះ​បាន​ប្រមាណ ៥០០-៦០០​ ក្បាល​ក្នុង​ចំណោម​គោ​ក្នុង​កសិដ្ឋាន​ជាង ១ ពាន់​ក្បាល ជាមួយ​លទ្ធភាព​ផលិត​ទឹក​ដោះ​គោ​​ស្រស់​បាន​ប្រមាណ​ជាង ១ ម៉ឺន ៤ ពាន់​លីត្រ សម្រាប់​បញ្ចេញ​​លក់​នៅ​លើ​ទីផ្សារ​។

លោក ជី សិលា បាន​បញ្ជាក់ថា កសិដ្ឋាន​គ្រោង​នាំ​ចូល​គោ​បន្ថែម​ ស្រប​តម្រូវ​ការ​ចេះ​តែ​កើន​ឡើង​​ដើម្បី​បង្កើន​ការ​ផលិត​ឲ្យ​បាន​ដល់​ទៅ ៣ ម៉ឺន​លីត្រ ឬ ៤ ម៉ឺនលីត្រ​ក្នុង​រយៈ​ពេល ១ ​ឆ្នាំ​ទៅ​មុខ​ទៀត។

បច្ចុប្បន្ន​កសិដ្ឋាន​ក្នុង​ស្រុក​ចំនួន ៤ កំពុង​ផលិត​ផ្គត់ផ្កង់​ទឹក​ដោះគោ​ស្រស់​លក់​លើ​ទីផ្សារ​ ក្នុង​នោះ​មាន​កសិដ្ឋាន​​គិរីសួគ៌​នៅ​ភ្នំតាម៉ៅ ស្រុក​បាទី ខេត្តតាកែវ ​ដែល​មាន​សមត្ថភាព​ផលិត​ទឹក​ដោះគោ​ស្រស់​បាន​ចន្លោះ​ពី ១២ ០០០-១៥ ០០០ លីត្រ​ក្នុងមួយថ្ងៃ។

កសិដ្ឋាន មូមូ ហ្វាម ស្ថិតនៅក្រុងអរិយក្សត្រ ខេត្តកណ្ដាល មាន​លទ្ធភាព​ផលិត​ទឹកដោះ​គោស្រស់​បានជិត ១ ពាន់លីត្រ ក្នុងមួយថ្ងៃ។

កសិដ្ឋានតេជោ​សែន​ឫស្សី​ត្រឹប​ស្ថិត​នៅ​​ឃុំ​ឆែប ២ ស្រុក​ឆែប ​ខេត្ត​ព្រះវិហារ​​ មាន​សមត្ថភាព​ផលិត​ទឹក​ដោះគោះស្រស់បាន​ចន្លោះ​ពី ១០០ លីត្រ ទៅ ២០០ លីត្រ ក្នុងមួយថ្ងៃ និង​កសិដ្ឋាន​ អូម៉ ស្ថិតនៅសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ ដែល​កសិដ្ឋាន​មាន​គោ​ជាង ៨០ ក្បាល ចិញ្ចឹមផ្គត់ផ្គង់​​ទឹកដោះ​គោ​ស្រស់​ចេញ​ពី​គោ​ធម្មជាតិ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម