Connect with us

ព័ត៌មានជាតិ

ថៃ​បង្ក​ទង្វើអាក្រក់​ សួរ​អ្នកដំណើរ​អឺរ៉ុបរាប់​ម៉ោង​ ពេល​ធ្វើ​ដំណើរ​ឆ្លងកាត់ព្រលាន​ថៃចូលប្រទេស​​កម្ពុជា

បានផុស

នៅ

ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំងបង្ហាញពីទង្វើអាក្រក់របស់ប្រទេសថៃ ដែលបង្កបញ្ហាធ្ងន់ធ្ងរចំពោះអ្នកដំណើរមកពី​អឺរ៉ុប ដែលធ្វើដំណើរ​ឆ្លងកាត់ព្រលានយន្តហោះ​ថៃ​ចូលមក​ប្រទេសកម្ពុជា។

ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសបារាំង​បានផ្តល់ព័ត៌មាន​​ថា អ្នកដំណើរមកពី​អឺរ៉ុបមួយចំនួនដែលបានធ្វើដំណើរ​ទៅប្រទេសកម្ពុជាបានជួបប្រទះបញ្ហាធ្ងន់ធ្ងរ ពេលឆ្លងកាត់ (transit) នៅអាកាសយានដ្ឋានទីក្រុងបាងកក ប្រទេស​​ថៃ​មាន​ដូចជា៖

-ការសួរសំណួររាប់ម៉ោង
-ការទាមទារហួសហេតុឱ្យបង្ហាញឯកសារបញ្ជាក់ធនធានហិរញ្ញវត្ថុ
-ការត្រួតពិនិត្យឯកសារកក់សណ្ឋាគារនៅកម្ពុជា
-បរិយាកាសថប់បារម្ភ និងរងការសង្ស័យដោយមិនសមហេតុផល
-នៅក្នុងករណីខ្លះ អ្នកដំណើរបានបាត់វ៉ាលីថែមទៀត ពេលទៅដល់ទីក្រុងភ្នំពេញ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមឯកអគ្គរាជទូតកម្ពុជា បញ្ហាទាំងនេះកើតឡើងនៅក្រៅទឹកដីរបស់កម្ពុជាក៏ពិតមែន ប៉ុន្តែអាចប៉ះពាល់ដល់បទពិសោធ​ន៍នៃការធ្វើដំណើរ។

ដើម្បីជាការប្រុងប្រយ័ត្ន ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំងបាន​ស្នើ​ឲ្យ​អ្នកដំណើរជៀសវាងការធ្វើដំណើរឆ្លងកាត់​ប្រទេស​ថៃ និងការប្រើប្រាស់ក្រុមហ៊ុនអាកាសចរណ៍ថៃនៅពេលធ្វើដំណើរទៅកម្ពុជា។

ស្ថានឯកអគ្គរាជទូតកម្ពុជាណែនាំដល់អ្នកដំណើរ​​អាច​ជ្រើសរើសក្រុមហ៊ុនអាកាសចរណ៍ និងផ្លូវហោះហើរអន្តរជាតិផ្សេង​ទៀត ដែលផ្តល់សេវាកម្មល្អប្រសើរនិងការឆ្លងកាត់ (transit) ដោយពុំមានការរើសអើងនិងគោរពដល់អ្នកដំណើរ។

ពាក់ព័ន្ធ​បញ្ហា​នេះ​ដែរ លោក ស៊ីន ចាន់សិរីវុត្ថា​ មន្រ្តីអ្នកនាំពាក្យ​ឲ្យ​អាកាសចរណ៍​ស៊ីវិល​បាន​ប្រាប់​កម្ពុជាថ្មីនៅព្រឹកនេះ ទាក់ទងនឹងព័ត៌មានមានការ​រិតបន្តឹង​អ្នកដំណើរ​នៅព្រលាន​​យន្តហោះ​ប្រទេស​ថៃ​ចូលប្រទេស​កម្ពុជា លោក​មិន​ទាន់​ច្បាស់​ពី​គោលដៅ​កើតឡើង​ចំពោះ​អ្នក​ដំណើរទូទៅ ឬកើតឡើង​ទៅលើអ្នក​ធ្វើដំណើរមួយចំនួនតូចនោះទេ។

ទោះជាយ៉ាងណាក៏ដោយ លោក​ថា ជើងហោះហើររវាងប្រទេសថៃ និងកម្ពុជា តាមរយៈ​ច្រក​អាកាសយានដ្ឋាន​អន្តរជាតិ​តេជោ​ភ្នំពេញ គឺ​រក្សា​នៅ​បាន​ភាពធម្មតានិងស្ថិរភាព គឺអត់មាន​អ្វី​ប្រែប្រួលឬផ្លាស់ប្តូរ​ទេ។

ខណៈ​ដែល​ស្ថានភាព​ជម្លោះ​តាម​ព្រំដែន​បង្ក​ឡើង​ដោយ​ការ​ឈ្លាន​ពាន​ពី​ប្រទេស​ថៃ​មិន​ទាន់​ស្ងប់​ស្ងាត់ មន្រ្តីអាកាសចរណ៍ស៊ីវិល​ណែនាំ​​ឲ្យ​​អ្នកធ្វើដំណើរ​ត្រូវតែ​តាមដាន​ឲ្យបាន​ជាប់​លាប់​នូវ​ព័ត៌មាន​បច្ចុប្បន្ន​ចុង​ក្រោយ ហើយ​រាល់​ការ​ធ្វើដំណើរ​ ត្រូវ​ធានា​ឯកសារ​​ទាំង​លិខិត​ឆ្លងដែន សំបុត្រ​យន្តហោះ ​ឈ្មោះ និង​អ្វីៗ​ផ្សេងទៀត​គឺ​អត់​មាន​បញ្ហា​​ខុស​ឆ្គង។

បន្ថែមពីនេះ ក្នុង​ស្ថានភាព​ដ៏​លំបាក​នេះ​ លោកក្រើនរំលឹកអ្នក​ដែល​ចង់​ធ្វើដំណើរ​ទៅប្រទេស​ថៃ​​​បើមិនចាំបាច់កុំទៅ ហើយ​បើ​ចាំបាច់​ខាន​មិនបានចាំទៅ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម