Connect with us

សន្តិសុខសង្គម

ដេប៉ូខ្សាច់មួយកន្លែងក្នុងភូមិព្រែកសំរោង១ សង្កាត់តាខ្មៅ កំពុងបង្កផលប៉ះពាល់ខ្លាំងដល់ពលរដ្ឋជាង២០គ្រួសារ

បានផុស

នៅ

ប្រជាពលរដ្ឋប្រមាណជាង២០គ្រួសារក្នុងភូមិព្រែកសំរោង១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល កំពុងរងផលប៉ះពាល់ខ្លាំង និងពិបាកក្នុងការរស់នៅដោយសារមានដីខ្សាច់ហុយខ្លាំងចេញពីដេប៉ូខ្សាច់មួយកន្លែង(អតីតចម្ការពុទ្រា) មកលើផ្ទះពួកគាត់ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាព និងការប្រកបរបរអាជីវកម្មផ្សេងៗប្រចាំថ្ងៃ។ ក្រៅតែពីប្រជាពលរដ្ឋដែលរស់នៅជុំវិញទីតាំងដេប៉ូខ្សាច់នេះ អ្នកធ្វើដំណើរតាមផ្លូវមួយចំនួនដែលឆ្លងកាត់តំបន់ដេប៉ូខ្សាច់នេះ ក៏រអ៊ូរទាំនឹងការហុយដីខ្សាច់ចូលភ្នែកផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាង វត្តី ជាប្រជាពលរដ្ឋមួយរូបក្នុងចំណោមប្រជាពលរដ្ឋជាង២០គ្រួសារ ដែលរស់នៅជិតដេប៉ូខ្សាច់ ក្នុងភូមិព្រែកសំរោង១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ បានសម្ដែងការមិនសប្យាយចិត្តដោយសារផ្ទះពួកគាត់ត្រូវរងផលប៉ះពាល់ដោយសារខ្សាច់ហុយខ្លាំងប៉ះដល់សុខភាព និងការប្រកបរបរអាជីវកម្មប្រចាំថ្ងៃ។ អ្នកនាង វត្តី បញ្ជាក់ថា ទីតាំងដេប៉ូខ្សាច់នេះមានទំហំដីប្រហែល១ហិកតា ហើយមានពំនូកខ្សាច់នៅខាងក្នុងការដ្ឋានមានកម្ពស់ខ្ពស់ជាងផ្ទះពលរដ្ឋទៅទៀត ទើបនៅពេលមានខ្សល់បក់ហើរខ្សាច់ជះមកលើផ្ទះពួកគាត់រៀងរាល់ថ្ងៃ។

បើតាមប្រជាពលរដ្ឋរូបនេះ ការមានដីខ្សាច់ហុយលើផ្ទះពួកគាត់នេះ គឺមានរយៈពេលជិត២០ថ្ងៃមកហើយ ពោលគឺចាប់ពីអាកាសធាតុធ្លាក់ខ្សល់មករហូតមកដល់ពេលនេះនៅមិនទាន់មានដំណោះស្រាយជូនពួកគាត់នៅឡើយ ខណៈពួកគាត់ក៏បានជូនដំណឹងទៅអាជ្ញាធរហើយដែរ។

មិនខុសពីប្រជាពលរដ្ឋដែលរស់នៅជុំវិញដេប៉ូខ្សាច់ខាងលើ អ្នកធ្វើដំណើរឆ្លងកាត់តាមផ្លូវនៅតំបន់នោះ ក៏បានលើកឡើងពីការប៉ះពាល់ដោយសារដីខ្សាច់ហុយនេះដែរ ព្រោះពេលកំពុងបើករត្រូវដីខ្សាច់ហុចចូលភ្នែកដែលអាចបង្កគ្រោះថ្នាក់ជាយថាហេតុ។

ក្នុងនាមប្រជាពលរដ្ឋដែលកំពុងរងផលប៉ះពាល់ដោយសារដីខ្សាច់ក្នុងដេប៉ូខ្សាច់ខាងលើ អ្នកនាង វត្តី បានសំណូមពរដល់អាជ្ញាធរពាក់ព័ន្ធជួយចុះពិនិត្យ និងសម្រួលឲ្យម្ចាស់ដេប៉ូខ្សាច់កាយពំនូកខ្សាច់ឲ្យបានទាបជាងផ្ទះពួកគាត់ និងដាក់រនាំងស្បៃបាំងឲ្យបានជិតបន្ថែម ដើម្បីបញ្ចៀសដីខ្សាច់ហុយមកលើផ្ទះពួកគាត់បន្តទៀត។

លោក ឃឹម សំភារ អភិបាលនៃគណៈអភិបាលក្រុងតាខ្មៅ ខេត្តកណ្ដាល គិតដល់ព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥នេះ នៅមិនទាន់ឆ្លើយតប និងបកស្រាយពីវិធានការយ៉ាងណាទៅលើម្ចាស់ដេប៉ូខ្សាច់នេះនៅឡើយទេ បន្ទាប់ពី កម្ពុជាថ្មី បានទំនាក់ទំនងតាមរយៈប្រព័ន្ធតេក្រាមតាំងពីល្ងាចថ្ងៃទី១៨ធ្នូ ម្សិលមិញ៕

អត្ថបទ៖ សុខុម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម