Connect with us

សេដ្ឋកិច្ច

គម្រោងកិច្ចសហប្រតិបត្តិការ មេគង្គ-ឡានឆាង ត្រូវបានបិទបញ្ចប់ដោយជោគជ័យ

បានផុស

នៅ

នៅ​ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ គម្រោង​លើក​កម្ពស់​សមត្ថភាព​ផលិតកម្ម តាមរយៈ​ការ​ពង្រឹង​សមត្ថភាព​សហគ្រាស​ធុន​តូច និង​មធ្យម និង​កិច្ចសហប្រតិបត្តិការ​បច្ចេកទេស ក្រោម​បរិបទឧស្សាហកម្ម​ជំនាន់ទី៤ នៅប្រទេសកម្ពុជា ឡាវ និង​មីយ៉ាន់ម៉ា ត្រូវបានបិទបញ្ចប់ដោយជោគជ័យ ជាមួយនឹង​ពិធី​ប្រគល់​ពាន​រង្វាន់​នវានុវត្តន៍​សម្រាប់​ការ​អភិវឌ្ឍ​ផលិតផល​ម្ហូបអាហារ​របស់​ក្រុម​និស្សិត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កម្មវិធីនេះបានធ្វើឡើងក្រោមសហអធិបតីភាព លោក​ ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ និង លោក​ វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំ​ព្រះ​រាជាណា​ចក្រកម្ពុជា។ គម្រោង​នេះ​ត្រូវ​បាន​អនុវត្ត​រយៈ​ពេល ១៨ ខែ នៅ​ក្នុង​ប្រទេស​កម្ពុជា ឡាវ និងមីយ៉ាន់ម៉ា ក្រោម​ក្របខ័ណ្ឌ​កិច្ចសហប្រតិបត្តិការ​មេគង្គ-ឡានឆាង។

លោក ហែម វណ្ណឌី បាន​លើក​ឡើងថា “គម្រោង​បានផ្តល់ជាលទ្ធផលជាក់ស្តែង ក្នុងការ​លើក​កម្ពស់​សមត្ថភាព​សហគ្រាស​ធុនតូច និង​មធ្យម ជំរុញ​ការ​ចាប់​យក​បច្ចេកវិទ្យាថ្មីៗ បង្កើន​ផលិតភាព និងភាពប្រកួតប្រជែង។ គម្រោង​ក៏​បាន​បង្ហាញ​ផ្លែផ្កា​នៃ​កិច្ចសហប្រតិបត្តិការ​បច្ចេកទេស និងការចែករំលែកចំណេះដឹង ក្នុងចំណោម ប្រទេសមេគង្គ-ឡាន​ឆាង​ទាំង​បី ក្នុងការឆ្លើយតបនឹងបញ្ហាប្រឈម និងកាលានុវត្តភាពនៃឧស្សាហកម្ម ៤.០។”

នា​ឱកាស​នោះ​ដែរ​លោក​រដ្ឋមន្ត្រី បាន​លើក​ទឹកចិត្ត​ឱ្យ​ភាគី​ពាក់ព័ន្ធ​ទាញយក​អត្ថប្រយោជន៍​ពី​លទ្ធផល​នៃគម្រោង ដោយ​បន្ថែមថា ខណៈ​ដែល​គម្រោង​ត្រូវ​បានបញ្ចប់ ចំណេះដឹង ភាពជាដៃគូ និងជំនាញដែលបានអភិវឌ្ឍ តាមរយៈ​កិច្ច​សហប្រតិបត្តិការ​នេះ គួរ​ត្រូវ​បាន​បន្ត​អនុវត្ត និង​ពង្រីក​បន្ថែម​ទៀត ដើម្បី​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​សហគ្រាសធុនតូច និង​មធ្យម សម្រាប់​រយៈពេល​វែងទៅមុខ។

ជា​មួយ​គ្នា​នោះ​ ឯកអគ្គរដ្ឋទូតចិន​ លោក​ វ៉ាង វិនពីន បានកត់សម្គាល់ថា បណ្តាប្រទេស មេគង្គ-ឡានឆាង បានបង្កើន​ការ​ចាប់​យក​បច្ចេកវិទ្យា និងនវានុវត្តន៍កាន់តែច្រើន ដើម្បីគាំទ្រការអភិវឌ្ឍសេដ្ឋកិច្ច និង​បង្កើន​សមត្ថភាព​ផលិតកម្មរបស់ខ្លួន។

លោក​ វ៉ាង វិនពីន បានលើកឡើងថា ប្រទេសចិនបាន និងកំពុងដើរតួនាទីយ៉ាងសកម្ម ក្នុង​ការ​ចែក​រំលែក​បទ​ពិសោធន៍​អភិវឌ្ឍន៍ ជំនាញ​បច្ចេកទេស និងធនធានជាមួយបណ្តាប្រទេស មេគង្គ-ឡានឆាង ជួយពង្រឹងសមត្ថភាព ជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែង និងត្រួសត្រាយផ្លូវសម្រាប់សមាហរណកម្មតំបន់កាន់តែស៊ីជម្រៅ និងកំណើនប្រកបដោយចីរភាព។

កម្មវិធីនេះក៏មានការប្រគល់ពានរង្វាន់ជ័យលាភីស្តីពី “ថ្នាលបណ្តុះអាជីវកម្មកម្ពុជា សម្រាប់​ការ​អភិវឌ្ឍ​ផលិតផល​ម្ហូប​អាហារ” ដែលជាសកម្មភាពសំខាន់មួយរបស់គម្រោង ផ្តោត​លើការ​ជំរុញ​នវានុវត្តន៍​ក្នុងការ​កែច្នៃ​ផលិតផល​ម្ហូប​អាហារ​ដោយ​ប្រើប្រាស់​វត្ថុធាតុ​ដើម​ក្នុង​ស្រុក៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម