Connect with us

ព័ត៌មានអន្ដរជាតិ

រដ្ឋាភិបាលជប៉ុន​បញ្ជាក់​​​​​ជំហរ​ថា​​ជប៉ុន​​ដាច់​ខាត​​មិន​​បង្កើត​​​អាវុធ​នុយក្លេអ៊ែរទេ

បានផុស

នៅ

រដ្ឋាភិបាលជប៉ុន​ បាន​​បញ្ជាក់​ថា​ រាប់​ទសវត្សរ៍​មក​ហើយ ​ប្រទេស​ជប៉ុន​​មិន​មាន​អាវុធ​នុយ​ក្លេអ៊ែរ​នោះទេ ដោយ​បដិសេធ​​​​​​​ការ​ចេញ​​ផ្សាយ​​​​នាពេលថ្មីៗនេះ ដែល​ថា៖«មាន​មន្ត្រី​ជាន់​ខ្ពស់ក្នុង​​ជួរ​រដ្ឋាភិបាល​ម្នាក់​» បានស្នើ​ឱ្យ​ប្រទេស​នេះ​គួរ​តែ​ពិចារណា​​​បង្កើត​អាវុធ​​មហាប្រល័យ​​នេះ​ដើម្បី​ការពារ​ខ្លួន ស្របពេលដែល​ពិភពលោក​កំពុង​​ញាំញី​ដោយ​​សង្គ្រាម​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
នាយក​រដ្ឋមន្ត្រី លោក​ស្រី​ Sanae Takaichi ថ្លែងក្នុងសន្និសីទកាសែតមួយ។ JAPAN FORWARD

មន្រ្តី​ដែល​មិន​បញ្ចេញ​ឈ្មោះ​​និយាយ​ថា ជប៉ុនគួរ​តែ​មាន​អាវុធនុយក្លេអ៊ែរ​ ព្រោះ​តែ​ស្ថាន​ភាព​សន្តិសុខពិភពលោក​​កាន់​តែ​អាក្រក់​ ប៉ុន្តែ​លោកក៏​បាន​ទទួល​ស្គាល់​ថា​​ ចំណាត់​​ការ​​ដែល​ខ្លួន​​បាន​លើក​ឡើង​ក៏​មាន​ផល​វិបាក​ខាង​​​នយោបាយផង​ដែរ​។ ទូរទស្សន៍រដ្ឋ NHK និងប្រព័ន្ធផ្សព្វ​ផ្សាយ​ផ្សេង​ទៀត​បាន​រាយ​ការណ៍​ថា​​មន្ត្រីដែល​បាន​លើក​ឡើង​នេះ​​ គឺ​​មក​​ពី​​អង្គភាព​​របស់​នាយក​រដ្ឋមន្ត្រី លោក​ស្រី​ Sanae Takaichi ។

ចំណែក​នៅ​ឯ​សន្និ​សីទ​សារព័ត៌​មានដែល​ធ្វើ​ឡើង​​ជា​​ប្រចាំ​​នៅ​ទីក្រុង​តូក្យូ ប្រធាន​​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី លោក Minoru Kihara បាន​និយាយ​ថា គោលនយោបាយ​គ្មាន​​នុយ​ក្លេអ៊ែរទាំង​បីរបស់​ប្រទេស​ជប៉ុន​គ្មាន​ការ​​ផ្លាស់​ប្តូរ​ទេ។ លោក​ក៏​បាន​​បដិសេធ​​មិន​​ធ្វើ​​អត្ថាធិប្បាយ​​លើ​​ការ​​លើក​​ឡើង​ ឬ​​មិន​និយាយ​​ថា​​តើ​​បុគ្គល​​មន្រី្ត​រូប​នោះ​​នឹង​​បន្ត​នៅ​​ក្នុង​​មុខ​​តំណែង​​ណាមួយ​ ចំ​ពេល​​មាន​​ការ​​អំពាវ​នាវ​​ពី​​មេដឹក​នាំ​​គណបក្ស​​ប្រឆាំង​​ឱ្យ​ដក​​មន្ត្រី​​រូប​នោះ​​ចេញ។

គួរ​ឱ្យ​ដឹង​ផង​ដែរ​ថា​ ប្រទេស​ជប៉ុន​មាន​ការ​រីក​ចម្រើន​ផ្នែក​នយោបាយ និង​ការ​បញ្ចេញ​មតិ​ជា​សាធារណៈ​​កាន់​តែ​ច្រើន​ឡើង ក្នុង​​ការ​បន្ធូរបន្ថយ​គោល​ការណ៍​មិន​​ឲ្យ​មាន​​អាវុធនុយក្លេអ៊ែរ​ចំនួន​បី​របស់​ខ្លួន រួម​មាន​ មិន​ឱ្យ​កាន់កាប់ មិន​ផលិត​ និង​មិន​អនុញ្ញាត​ឱ្យ​អាវុធ​នុយក្លេអ៊ែរចូលក្នុង​ទឹក​ដី​របស់​ខ្លួន។

ខណៈ​ដែល​អាវុធ​នុយក្លេអ៊ែរ​នៅ​តែ​ជា​ប្រធាន​បទ​ដ៏​រសើប​ខ្លាំង​​ក្នុងប្រទេស​តែ​មួយ​គត់​ដែលធ្លាប់​​ទទួល​​រង​​គ្រោះ​ពី​ការ​ទម្លាក់​គ្រាប់​បែក​បរមាណូ​ ជាពិសេសប្រទេស​នេះ​​នៅ​តែ​មាន​មន្ទិល​សង្ស័យ​ ពី​ការ​ធានា​​​សន្តិសុខ​​នានាពី​សហរដ្ឋ​អាមេរិក​ក្រោមការ​ដឹក​នាំ​របស់​ប្រធានាធិបតី លោក​ Donald Trump និង​​ការ​គំរាមកំហែង​កាន់​តែ​ខ្លាំង​ឡើង​ពី​ប្រទេស​ជិត​ខាង​ដែល​មាន​អាវុធ​នុយ​ក្លេអ៊ែរ​ ដូច​ជា​ចិន រុស្ស៊ី និង​កូរ៉េខាង​ជើង​ ​តែង​តែ​លើក​យក​រឿង​នេះ​​មក​ជជែក​ឥត​ឈប់​៕​

អត្ថបទ៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម