Connect with us

កីឡា

ពិភព​លោក​កាន់​តែងាយ​ស្រួល​រក​គុន​ខ្មែរ! រាល់​ការ​ប្រកួត​គុន​ខ្មែរ WKN ត្រូវ​កត់​ត្រា​ទុកក្នុង​ BoxRec​

បានផុស

នៅ

រាល់​ការ​បកួត​កីឡា​ប្រដាល់​គុន​ខ្មែរ​ទាំង​អស់​ តាម​រយៈ«បណ្តាញ​ឃីក​បុក​ស៊ីង​ពិភព​លោក (WKN) និង​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ នឹង​ត្រូវ​កត់​ទុក​​នៅ​ក្នុង​វេបសាយ​ផ្លូវ​ការ BoxRec​ ចាប់​ពី​ខែ​កុម្ភៈ ឆ្នាំ ២០២៦។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ បាន​សហការ​ជា​មួយ​បណ្តាញ​កីឡា​ប្រដាល់​ឃីក​បុក​ស៊ីងពិភព​លោក (WKN) ដើម្បី​រៀបចំ​កម្មវិធី​ប្រដាល់​គុន​ខ្មែរ​លក្ខណៈ​អន្តរជាតិ​ជា​លើក​ដំបូង​នៅ​ទឹក​ដីកម្ពុជា។ តាម​ការ​គ្រោង​ទុក ព្រឹត្តិការណ៍​ប្រកួត​អន្តរជាតិលើក​ដំបូង​ ត្រូវ​ធ្វើ​នៅ​ថ្ងៃ​ទី​១៤ ខែ​ធ្នូ ឆ្នាំ ២០២៥ ប៉ុន្តែ​ដោយសារ​វិបត្តិ​ព្រំ​ដែន ​កម្មវិធី​ត្រូវ​បាន​ពន្យារ​ពេល​ទៅ​ដើម​ឆ្នាំ ២០២៦។

កាល​បរិច្ឆេទ​ប្រកួត​ថ្មី គ្រោង​ធ្វើ​នៅ​ខែ​កុម្ភៈ ឆ្នាំ ២០២៦ នៅ​​ប្រទេស​កម្ពុជា សម្រាប់​ការ​ប្រកួតដណ្តើម​ខ្សែ​ក្រវាត់​គុន​ខ្មែរ​ពិភព​លោក WKN Kun Khmer World Championship ជាលើក​ដំបូង។ ការ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​គុន​ខ្មែរ​ពិភព​លោក​ជា​លើក​ដំបូង បណ្តាញ​ឃីក​បុក​ស៊ីង​ពិភព​លោក​បាន​ប្រកាស​ពី​បេក្ខភាព​របស់​កម្ពុជា​ទី១ គឺ​កីឡាករ លន បញ្ញា ដែល​ត្រូវ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​ទម្ងន់ Welterweight ប៉ុន្តែ​​ដៃ​គូ​មិន​ទាន់​ត្រូវ​បាន​ប្រកាស​ឡើយ។

លន បញ្ញា ជា​កីឡាករ​ប្រដាល់​គុន​ខ្មែរ​ដែល​កំពុង​ឈរ​លំដាប់​លេខ​១​ប្រចាំ​ទម្ងន់​ចន្លោះ ៦៥-៦៧ ដែល​មិន​ទាន់​ស្គាល់​បរាជ័យ​ឡើយ​នា​មួយ​រយៈ​ពេល​ចុង​ក្រោយ។ ទាំង​ការ​ប្រកួត​ក្នុង​ស្រុក និង​ក្រៅស្រុក។ កីឡាករ​រូប​នេះ​ត្រូវ​បាន​អ្នក​គាំទ្រ​កោត​សរសើរ​ពី​សមត្ថភាព​ប្រកួត​ល្អ​ទាំង​ព្រម​ ពោល​គឺកណ្តាប់​ដៃ ទាត់ ជង្គង់ កែង និង​កម្លាំងស៊ុហ្វ​ពេញ​ល្អ កម្រ​បាក់​ស្រុត​ ទោះ​ជា​ប្រកួត​៥​ទឹក​ពេញ​ក៏​ដោយ។

លោក Stephane Cabrera ប្រធាន​បណ្តាញឃីក​បុក​ស៊ីង​ពិភ​លោក​បាន​លើក​ឡើង​ថា លោក​ពិត​ជា​មាន​មោទនភាពខ្លាំង​ណាស់​ដែល​បាន​កំពុង​ធ្វើ​ការយ៉ាង​ល្អ​ជា​មួយ​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ​ដើម្បី​អភិវឌ្ឍ​​កីឡា​អត្តសញ្ញាណ​ខ្មែរ​រីក​ចម្រើន​លើ​ឆាក​អន្តរជាតិ។

ខ្សែ​ក្រវាត់​គុន​ខ្មែរ​ WKN ពិភព​លោក​ជា​លើក​ដំបូង​នឹង​ចុះ​បញ្ជី​ផ្លូវ​ការ​នៅ BoxRec ដែល​ជា​ដៃ​គូ​ផ្តាច់​មុខ​របស់​ស្ថាប័ន​ប្រដាល់ WKN។ តាម​រយៈ​កិច្ច​ព្រម​ព្រៀង​រវាងស្ថាប័ន WKN និង BoxRec ការ​ប្រកួត​គុន​ខ្មែរ​ WKN ​ទាំង​អស់​នឹង​ត្រូវ​កត់​ត្រា​ទុក និង​ទទួល​ស្គាល់​ជា​សកល ដើម្បី​​បង្ហាញ​គុន​ខ្មែរ​លើ​ឆាក​អន្តរជាតិ។

សូម​បញ្ជាក់​ថា BoxRec ជាវេបសាយ​ផ្លូវ​ការ​សម្រាប់​ការ​កត់​ត្រា​ទុកនូវ​រាល់​ការ​ប្រកួតកីឡា​ប្រយុទ្ធ​​ទូទាំង​ពិភព​លោក​ដែល​មាន​ទាំង​ ការផ្សព្វផ្សាយ​ អត្រា​នៃ​ការ​ប្រកួត កាល​វិភាគ​ប្រកួត លទ្ធផល ការ​ស្រាវ​ជ្រាវ និង​ប្រវត្តិ​​នៃ​កីឡាករ កីឡាការិនី​ជា​ដើម។

ការ​ចាប់​ដៃ​គូ​ជា​មួយ ស្ថាប័ន WKN អាច​ជាកិច្ច​សហប្រតិបត្តិការ​ដ៏​ល្អ​សម្រាប់​​កីឡា​ប្រដាល់​គុ​ន​ខ្មែរ​ដើម្បី​ពង្រីក​ខ្លួន​លើ​ឆាក​អន្តរជាតិ ពី​ព្រោះ​ស្ថាប័ន​មួយ​នេះ​មាន​កម្មវិធី​ប្រកួត​ច្រើន​តាម​បណ្តា​ប្រទេស​ផ្សេង​ៗ ហើយ​​ប្រមូល​ផ្តុំ​កីឡាករ កីឡាការិនី​​​ទូទាំង​ពិភព​លោក៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម